ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា

បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បាន​ផ្សាយ​ចូល​មក​ក្នុង​ប្រទេស​ខែ្មរ​យើង ហើយ​នោះ​ភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។

លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស "ជ័យវរ្ម័ន" ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃ​ដែល​បួសក្នុង ​ព្រះ​ពុទ្ធ​សាសនា​ ដោយ​បច័្ចយ​បួន មានចង្អាន់​បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។

ក្រោយ​មក​ទៀត ព្រះអង្គ​ទ្រង់​ឈេ្វង​យល់ថា​នៅ​រដូវវស្សា​ព្រះសង្ឃ​និមន្ត​ចេញ​ទៅ​បិណ្ឌ​បាត្រ​ នោះ​ជួបប្រទះ​នូវការលំបាក ខ្លាំងណាស់​ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោក​ដែល បណ្តាល​ឲ្យព្រះសង្ឃអង្គខ្លះ ត្រូវ​ដួល​លើភក់​ជ្រាំនោះ ក៏​នាំ​ឲ្យ​ព្រះ​អង្គ​​កើត ព្រះទ័យ​សងេ្វគផង ជ្រះថ្លាផង ហើយក៏បានបវរណា ដល់ព្រះសង្ឃក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យនិមន្តគង់នៅក្នុងវត្ត ហើយ​កុំនិមន្ត​ចេញ បិណ្ឌ​បាត្រ​ឯណា ក្នុងរយៈពេល ៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជ​ប្រកាស​ផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ជួយ​ឧបត្ថម្ភ​បច្ច័យ​បួនដល់ ព្រះសង្ឃក្នុង រយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។


ការអនុវត្តន៍បែបនេះ ចេះតែក្លាយ​បន្តិចម្តងៗ ប្រជារាស្រ្ត​ក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់​ថៃ្ង​ពេញ​បូរមី​ខែ​អស្សុជ​មិន​ឲ្យ​ព្រះសង្ឃ​ទៅណា​ទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗ​មកក៏សល់​រយៈពេលតិចទៅៗ រហូត​មកដល់សព្វ​ថៃ្ងនេះ អាស្រ័យ​ដោយ​កត្តា​ជីវភាព​រស់​នៅ​ក្នុងសង្គម​មានកា​រ​ប្រែប្រួល)។

ប្រភព៖ km.wikipedia.org