អាចថាខ្ញុំល្ងង់ក៏បាន តែអ្នកដឹងទេ ថាមានតែព្រះច័ន្ទទេ ដែលព្រមស្តាប់ខ្ញុំ!!!

ខ្ញុំគឺជាមនុស្សម្នាក់ ដែលតែងតែសម្តែងនូវ ស្នាមញញឹម ភាពរីករាយ សើចសប្បាយ ក្អាកក្អាយ ទៅកាន់មនុស្សទាំងឡាយ ហើយក៏ជាមនុស្សម្នាក់ដែលមានមិត្តភក្តិច្រើន ដែលងាកទៅនេះក៏មិត្ត ងាកទៅនោះក៏មិត្ត អ្នកណាក៏ជាមិត្ត កាយវិការ សកម្មភាព ការរាប់អានទាំងនេះហើយ ដែលធ្វើឱ្យមជ្ឈដ្ឋាននៅជុំវិញខ្លួនខ្ញុំមើលមក ហើយគិតថាខ្ញុំគឺជាបុគ្គលដែលគ្មានទុក្ខ គ្មានព្រួយ មិនឯកា មិនចេះសោកសៅ តែនោះគឺជាការគិតរបស់អ្នកគ្រប់គ្នាដែលមិនមែនជាខ្ញុំតែប៉ុណ្ណោះ ព្រោះថាធាតុពិត ការពិត គឺផ្ទុយស្រឡះពីការគិតរបស់អ្នកដទៃ ។

ដ្បិតអី ថាខ្ញុំជាមនុស្សម្នាក់ដែល តែងតែបង្ហាញនូវស្នាមញញឹម បញ្ចេញនូវសម្លេងរំពងអឺងកង តែអ្នកមិនដឹងទេថា គ្រប់បញ្ហា រាល់ភាពឯកា តើខ្ញុំព្យាយាមលាក់បាំងអារម្មណ៍អស់ទាំងនោះខ្លាំងប៉ុណ្ណា ។ គ្មានអ្នកណាម្នាក់ ដែលមិនចេះកើតទុក្ខទេ តែការដែលខ្ញុំលាក់ទុកតែម្នាក់ឯង គឺព្រោះតែគ្មាននរណាម្នាក់ ព្រមស្តាប់ ព្រមធ្វើជាទីប្រឹក្សារបស់ខ្ញុំទេ ទោះខ្ញុំមានមិត្តច្រើន តែពួកគេគឺសុទ្ធតែជាមិត្តរាប់អានធម្មតា ព្រោះខ្ញុំមានមិត្តស្និតស្នាល និងល្អបំផុតតែម្នាក់ តែពេលនេះយើងបានបែកបាក់គ្នាហើយ ។

ក៏ប៉ុន្តែខ្ញុំនៅមានមិត្តម្នាក់ទៀតដែលព្រមស្តាប់រាល់ការឈឺចាប់ ព្រមស្តាប់គ្រប់ម៉ាត់ដែលខ្ញុំរៀបរាប់ មិត្តម្នាក់នោះគឺ ព្រះច័ន្ទ ។ អាចថាខ្ញុំល្ងង់ក៏បាន តែអ្នកដឹងទេ ថាមានតែព្រះច័ន្ទទេ ដែលព្រមស្តាប់ខ្ញុំ ។ ខ្ញុំគឺជាមនុស្សម្នាក់ ហាក់ដូចជារីករាយណាស់ តែខ្ញុំបែរជាក្លាយជាមនុស្សស្ងប់ស្ងាត់បំផុត ដែលគ្មានអ្នកណាដឹង ។ រាល់យប់ដែលមាន ព្រះច័ន្ទ រះ គឺខ្ញុំនេះហើយ ដែលអង្គុយមើលចន្ទ្រ តែម្នាក់ឯង ខ្ញុំនៅតែម្នាក់ឯង គឺច័ន្ទនេះហើយកំដរខ្ញុំ ។

ជាការពិត ខ្ញុំស្រលាញ់ព្រះចន្ទ្រខ្លាំង ព្រោះព្រះចន្ទ្របានបង្រៀនឱ្យខ្ញុំកាន់តែត្រជាក់ មិនថាមានរឿងអ្វីកើតឡើង ព្រះចន្ទ្រក៏កាន់តែមិនស្តី

ទោះមានពពកខ្មួលខ្មៅមកឆាឆៅ បាំងបិទព្រះចន្ទ្រក៏ដោយ ព្រះច័ន្ទអាចរះបញ្ចេញរស្មីចិញ្ចែងចិញ្ចាចជានិច្ច ទោះបីជាលើមេឃធំល្វឹងល្វើយគ្មានតារារះក៏ដោយ ត្រង់នេះអាចឱ្យខ្ញុំដឹងថា ទោះគ្មានអ្នកណាមកយកចិត្តទុកដាក់នឹងយើងក៏យើងត្រូវតែរស់លើផែនដីដូចគ្នា ព្រះច័ន្ទមានពេលខ្លះមានតែមួយចំណិត ពេលខ្លះក៏ងងឹត ពេលខ្លះក៏អាប់អួរ ជីវិតមនុស្សក៏ដូចគ្នា ពេលខ្លះក៏យ៉ាប់យឺន ពេលខ្លះក៏ខ្វះខាត ពេលខ្លះក៏ស្រស់ត្រកាល ហើយក៏នៅមានរឿងច្រើនទៀត ដែលព្រះច័ន្ទបានបង្រៀនឱ្យខ្ញុំបានដឹង បានយល់ ថានេះជាជិវិត ជីវិតមនុស្សក៏មិនខុសពីព្រះច័ន្ទពេលខ្លះ ។

ចាប់តាំងពីបានស្គាល់ បានដឹង និងបានឈ្វេងយល់ពីព្រះច័ន្ទ ខ្ញុំក៏កាន់តែរឹងមាំជាងមុន ខ្ញុំកាន់តែឯកា ក៏កាន់តែស៊ាំនឹងកាលៈទេសៈ មិនថាមានបញ្ហាអ្វីខ្ញុំក៏អាចទ្រទ្រង់ពង្រឹងជំហរខ្លួនឯងបានជានិច្ច ខ្ញុំទម្លាប់នឹងភាពឯកា ខ្ញុំអាចរៀនរស់បានដោយម្នាក់ឯង មិនថាតទៅថ្ងៃមុខ មានអ្វីកើតឡើងក៏ត្រូវតែ ចេះមើលថែខ្លួនឯង ស្រលាញ់ខ្លួនឯងឱ្យបានច្រើន ។


ខ្ញុំគ្រាន់តែគិតថានឹងមានមនុស្សកំពុងតែស្ថិតក្នុងសភាពដូចខ្ញុំពេលនេះ ហើយក៏អរគុណ ព្រះច័ន្ទ ដែលតែងតែនៅក្បែរខ្ញុំ អរគុណដែលអ្នកព្រមស្តាប់និងជួយចែកចាយនូវរឿងរ៉ាវដែលខ្ញុំមាន គួរបញ្ជាក់ថា មនុស្សដែលកាន់តែរីករាយ កាន់់តែមានមិត្តរាប់អានច្រើន ក៏ជាមនុស្សដែលកាន់តែឯកា ដូចខ្ញុំជាដើមពេលខ្លះខ្ញុំសឹងតែខ្លាចខ្លួនឯង។

ដែលចូលចិត្តសម្ងំស្ងប់ស្ងាត់តែម្នាក់ឯង តែពេលនេះខ្ញុំក៏អាចទម្លាប់ ខ្ញុំក៏អាច រស់នៅសុំានឹងភាពឯកាបែបនេះបាន ខ្ញុំក៏អាចធ្វើបាន ដូចពេលនេះ ខ្ញុំអាចធ្វើឲ្យអ្នកដទៃសើចបានដោយសារខ្ញុំ តែខ្ញុំមិនបាច់មានអ្នកណានៅក្បែរក៏បានដែរ។

ត្រឹមខ្ញុំ មានខ្លួន មានចរិត មានទម្លាប់ ជារបស់ខ្លួនឯងទៅគឺបានហើយ តែខ្ញុំក៏សុំកុំឲ្យនរណាម្នាក់ឯកា កណ្តោចកណ្តែងដូចជាខ្ញុំអី ខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្នានឹងមានមិត្តយល់ចិត្ត នឹងមានអ្នកលួងលោមផ្តល់កម្លាំងចិត្ត ជួយជាមតិយោបល់ដល់អ្នក ...៕

****************************************

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ