ផ្ដាំទៅមនុស្សមួយចំនួន រៀនប្រដៅខ្លួនឯងសិនទៅ កុំចេះតែយកពេលទៅទើសគេពេក

ការចេះដឹងសុខទុក្ខអ្នកដទៃ ចេះជួយអ្នកដទៃ គឺជារឿងដែលល្អប្រសើរបំផុត ព្រោះយើងរស់ក្នុងសង្គមជាតិតែមួយ ត្រូវចេះជួយគ្នា តែសម្រាប់មនុស្សខ្លះ មិនមែនចេះដឹងសុខទុក្ខអ្នកដទៃទេ គឺចេះដឹងរឿងអ្នកដទៃ​ដឹងរឿងគេហើយ ក៏យកមកនិយាយដើមគេ ទើសគេអ៊ីចេះ ទើសគេអ៊ីចុះ និយាយទៅទើសលុះក្ស័យ ទើសរាល់ថ្ងៃ ទើសគ្រប់រឿង មិនចេះចប់មិនចេះហើយ។

មានមនុស្សមួយចំនួន ទើសសូម្បីតែរឿងផ្ទាល់ខ្លួនគេ ទើសរឿងគេចាយលុយគេ ទើសរឿងការប្រើជីវិតេរបស់គេ​ បែបនេះ គេហៅថាមនុស្សចេះដឹងខុសរឿង ចេះដឹងរឿងគេជ្រុល មិនមែនចេះដឹង សុខទុក្ខអ្នកជុំវិញខ្លួននោះទេ។ ក៏មានមនុស្សខ្លះ ចំណាយពេលទិតៀនអ្នកដទៃ សុទ្ធតែគេមិនល្អ គេមិនកើត ចុះបើដឹងថាគេមិនកើត បើខ្លួនឯងហ្នឹងមានកំណើតណាស់ ម៉េចក៏ចំណាយពេលទៅចេះដឹងរឿងមនុស្សដែលមិនកើតធ្វើអី? ពេលខ្លះ ពិតជាឆ្ងល់ពិតមែន ឆ្ងល់ថា ហេតុអ្វីមនុស្សមួយចំនួន ចូលចិត្តប្រើជីវិតទៅខ្វល់នឹងអ្នកដទៃខ្លាំងម្ល៉េះ មិនចេះជួយគេ មិនចេះជ្រោមជ្រែង មិនចេះត្រេកអរនឹងគេទេ មានតែច្រណែន ឈ្នានីស និងពេបជ្រាយគេតែប៉ុណ្ណោះ។

75233925_2555899317824554_5945782295985127424_n

បច្ចុប្បន្ននេះសម្បូរណាស់ ប្រភេទមនុស្សដែល ឃើញគេទិញនេះទិញនោះ លុយគេសោះ ដៀលសុទ្ធតែគេចេះគេចុះ​ ឃើញគេដើរលេងកន្លែងឆ្ងាយៗ ឡូយៗក៏ទើសគេ ឃើញគេស្លៀកពាក់ហ៊ឺហាបន្តិចក៏ទើសគេ អ្នកខ្លះទើសគេសូម្បីតែគេទៅពេទ្យក្រៅស្រុក ឬទៅពេទ្យថ្លៃៗ សួរថាគិតស្អីរាល់ថ្ងៃហ្នឹង ជីវិតគេទេ លុយគេទេ គេប្រើយ៉ាងម៉េច គេរស់នៅបែបណាវាក៏ជារឿងផ្ទាល់ខ្លួនគេទេតើ ចុះទៅទើសអីទើសម៉េះ រៀនរស់នៅជាខ្លួនឯងឱ្យបានល្អទៅ ប្រើជីវិតខ្លួនឯងឱ្យប្រសើរទៅ ប្រដៅខ្លួនឯងខ្លះទៅបានទេ កុំយកពេលទៅទើសគេពេក។

ពេលខ្លះ អ្នកត្រូវគិតថា ជី​វិតគេ មិនពាក់ព័ន្ធនឹងយើងទេ អ្នកខ្លះ និយាយបែបនេះ តាំងមកទើសទៀតថាយើងនេះអាត្មានិយម រស់នៅដើម្បីតែខ្លួនឯង ចុះអ្នកគិតគូរអ្នកដទៃហ្នឹង គិតគូរចង់ដឹងតែរឿងអ្នកដទៃ លូកដៃទើសតែជីវិតគេហ្នឹងមែនទេ? ពាក្យថា កុំខ្វល់ពីអ្នកដទៃពេក មិនមែនមានន័យថា អាត្មានិយមទេ តែចង់សំដៅដល់ថា កុំទើស ឬចង់ដឹងឮរឿងអ្នកដទៃពេក កុំចេះដឹងរឿងគេពេក យកពេលដេក សន្សំកម្លាំងរកលុយ ប្រើជីវិតឱ្យមានសេចក្ដីសុខ ជាមួយនឹងគ្រួសារខ្លួនឯងផងទៅ៕


74165810_2555899544491198_5092012590758887424_n

75340988_2555899631157856_2247752816326082560_n

76948990_2555899424491210_8684628416034504704_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ