សម្ដេច​តេជោផ្ញើសារអបអរជ័យជម្នះ​៥​-០របស់​U22កម្ពុជា​លើ​U22ទីម័រខាងកើត

ពិត​ជា​មិន​គួរឲ្យ​ជឿដែលក្រុមជម្រើសជាតិកម្ពុជា U22 បានយកឈ្នះក្នុងការប្រកួតទី២ លើក្រុមជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ៥ទល់០ ក្នុងវិញ្ញាសារបាល់ទាត់បុរស ពូល A នៃព្រឹត្តិការណ៍ SEA Games លើកទី៣០ ប្រទេសហ្វីលីពីនខណៈ​ការ​ប្រកួត​ទើប​ចប់​នាមុននេះបន្តិច។

ក្រុមជម្រើសជាតិកម្ពុជា U22 រកគ្រាប់បាល់ដោយកីឡាករ រុឹង ប៊ុនហៀង ២គ្រាប់ ខណៈ កែវ សុខផេង, ស៊ិន កក្កដា និង សៀង ចន្ធា រកបានម្នាក់១គ្រាប់បង្គ្រប់​លទ្ធផល​៥​ទល់​០ឈរ​កំពូល​តារាងពូល A បណ្ដោះ​អាសន្ន។​

Bunhieng

ក្រោយបញ្ចប់ការប្រកួត ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារចូលរួមអបអរ និងជូនពរដល់ក្រុមគោព្រៃវ័យ២២ឆ្នាំកម្ពុជា តាមរយៈគេហទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់​លោកដោយមានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោមនេះ៖


Screenshot_1

សូមកោតសរសើរដល់ក្រុមបាល់ទាត់ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានទទួលជ័យជម្នះលើកដំបូង ក្នុងចំណោម ២ប្រកួតនៅស៊ីហ្គេម(SEA GAMES) លើកទី៣០ នាប្រទេសហ្វីលីពីនហើយ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ដោយលទ្ធផល ៥-០ មុននេះបន្ដិចនៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីនដើម្បីឡើងឈរកំពូលតារាងពូល A បណ្ដោះអាសន្ន។

អរគុណបងប្អូនប្រជាពលរដ្ឋ​ និងកូនក្មួយយុវជន​ ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនានៅតាមទូរទស្សន៍។

សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕