ចិន៖ តើអ្នកជឿលើរឿងចាប់ជាតិទេ? ព្រោះរឿងកើតហេតុនៅប្រទេសចិន នៃប្តីប្រពន្ធមួយគូបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលខ្លាំង ដោយគូស្នេហ៍មួយគូនេះជឿថា កូនប្រុសខ្លួនដែលទើបនឹងកើត គឺជាឆ្កែដែលខ្លួនធ្លាប់ចិញ្ចឹមស្រលាញ់ដូចកូនបានមកចាប់កំណើត។
តាមប្រភពព័ត៌មាន DailyMail បានឱ្យដឹងថា ស្ត្រីដែលអះអាងថាកូនខ្លួន គឺជាឆ្កែសំណព្វចិត្តមកចាប់ជាតិ មានឈ្មោះថាអ្នកស្រី Wang រស់នៅក្នុងខេត្ត Tianjin ភាគខាងត្បូងប្រទេសចិន ហើយកាលដែលអ្នកស្រី និងប្តីយល់ឃើញថាបែបនេះ ដោយសារតែកូនរបស់ខ្លួនដែលទើបនឹងកើតមានស្នាមដៅដូចឆ្កែរបស់ខ្លួនកាលពីនៅរស់។
តាមការរៀបរាប់ដោយផ្ទាល់របស់អ្នកស្រី Wang បានបន្ថែមថា ឆ្កែសំណព្វចិត្តអ្នកស្រីមានឈ្មោះថា Reno មានអាយុ ១១ ឆ្នាំ បានស្លាប់កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៨ ដោយសារតែជំងឺជាច្រើនមុខ ហើយការស្លាប់របស់ឆ្កែដែលនាងស្រលាញ់ដូចកូនបានធ្វើឱ្យអ្នកស្រីឈឺចាប់ និងស្រក់ទឹកភ្នែកជាខ្លាំង ដោយក្នុងនោះមុន Reno ស្លាប់ប៉ុន្មានខែ ស្រាប់តែមានស្នាមខ្មៅមួយដុំនៅជើងមុខខាងឆ្វេង ថែមទាំងមានជ្រុះរោមម្តុំស្នាមខ្មៅនោះនោះ តែពួកគេមិនបានចាប់អារម្មណ៍ឡើយដោយគិតថាប្រហែលជាជំងែសើស្បែក។ តែក្រោយពីឆ្កែបានស្លាប់ភ្លាមៗ អ្នកស្រីស្រាប់តែមានអារម្មណ៍ថាខ្លួនឯងដូចកំពុងតែមានផ្ទៃពោះ ហើយក្រោយឆ្កែនាងបានស្លាប់បានប៉ុន្មានខែនាងពិតជាពិនិត្យថាមានផ្ទៃពោះប្រាកដមែន។
ប៉ុន្មានខែក្រោយមក កូនប្រុសរបស់អ្នកស្រី Wang ដែលមានឈ្មោះហៅក្រៅ Tuan Tuan បានចាប់កំណើតនៅខែសីហា ឆ្នាំ២០១៩ ដោយនាំមកនូវស្លាកស្នាមដៅនៅនឹងដៃឆ្វេង ដូចជាជើងមុខខាងឆ្វេងដូចឆ្កែនាងដែរ តែមិនសូវជាមានអ្នកចាប់អារម្មណ៍នោះទេ ព្រោះវាមានស្នាមព្រាលៗតែប៉ុណ្ណោះ។
តែក្រោយពីកូនរបស់អ្នកស្រី Wang កាន់តែធំឡើងៗស្នាមដៅនោះកាន់តែច្បាស់ឡើងៗ រហូតមិត្តរបស់ពួកគេម្នាក់បានរំលឹកថា វាដូចជាស្នាមដៅរបស់ Reno ឆ្កែពួកនាងអ៊ីចឹង ពេលនោះពួកគេទើបនឹកឃើញហើយមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តងទៅ ហើយពួកគេក៏បានសរុបថា ច្បាស់ណាស់ថាឆ្កែសំណព្វចិត្តរបស់នាងប្រាកដជាមកចាប់ជាតិរស់នៅជាមួយពួកគេវិញ។
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព៖ Dailymail