រាល់ពេលហត់នឿយអស់កម្លាំង មនុស្ស ភាគច្រើនទាមទាររកភេសជ្ជៈផ្សេងៗដើម្បីបង្កើនជាតិទឹក ជាតិស្ករ និង ផ្តល់ថាមពលរាងកាយមកវិញ។ ទោះជាយ៉ាងនេះក្តី ការទទួលទានភេសជ្ជៈប៉ូវកម្លាំងនានាដែលដាក់លក់តាមទីផ្សារធ្វើឱ្យអ្នកជំណាយលុយច្រើន ហើយអាចនឹងប៉ះពាល់ដល់សុខភាពផងដែរ ដូចជាមានផ្ទុកជាតិស្ករច្រើនលើសកម្រិតជាដើម។
ដូច្នេះថ្ងៃនេះមិនបាច់បារម្ភទេ យើងខ្ញុំនឹងលើកឡើងពីវិធីធ្វើភេសជ្ជៈប៉ូវកម្លាំងបែបធម្មជាតិងាយៗ ថែមទាំងមានប្រសិទ្ធភាពមិនចាញ់ភេសជ្ជៈកំប៉ុងផ្សេងៗឡើយ៖
១. ទឹកខ្ញីប៉ូវកម្លាំង
ទឹកខ្ញីធម្មតាមែនពិត តែជួយផ្តល់ថាមពលរាងកាយដូចភេសជ្ជៈប៉ូវកម្លាំងដែរ ថែមទាំងជំនួយសុខភាពក្រពះ និងការពារការរលាករាងកាយទៀតផង។
ការអនុវត្ត៖
- ដាំទឹក១ពែង ឬ២ពែងឱ្យពុះ រួចចិតខ្ញី ៣ ទៅ៤បន្ទះ ចូល រំងាស់បន្តិច សឹមបិទភ្លើងទុកឱ្យត្រជាក់។
- បន្ទាប់មក ច្រោះយកតែទឹកមកទទួលទានដោយច្របាច់ក្រូចឆ្មារបន្តិច និងកូរជាមួយអំបិលមួយចិបផង បើពិបាកលេបពេកអាចលាយជាមួយនឹងទឹកឃ្មុំបន្តិចក៏បាន។
- ល្អបំផុតប្រសិនជាជាទទួលទានវាជារៀងរាល់ព្រឹក។
២.ទឹកក្រូចប៉ូវកម្លាំង
ភេសជ្ជៈនេះសម្បូរទៅដោយជាតិអេឡិចត្រូលីត្រជំនួយកម្លាំង ថែមទាំងធ្វើឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយកាន់តែរឹងមាំ និងផ្តល់សំណើមដល់រាងកាយទៀតផង។
ការអនុវត្ត៖
- ច្របាច់យកទឹកក្រូចស្រស់ៗប្រមាណជាកន្លះពែង រួចបន្ថែមជាមួយនឹងទឹកក្រូចឆ្មារស្រស់ៗ ២ស្លាបព្រាបាយ។
- ជាចុងក្រោយអ្នកអាចបន្ថែមអំបិលមួយចិប និងទឹកឃ្មុំ ២ ទៅ៣ដំណក់កូរឱ្យសព្វ ដើម្បីបង្កើនរសជាតិក៏បាន។
- អ្នកអាចទទួលទានភេសជ្ជៈនេះប៉ូវកម្លាំងតែម្តងក៏បាន ឬរក្សាទូកក្នុងទូទឹកកកសិនក៏បានដែរ។
៣.ទឹកដូង និងទឹកក្រូចប៉ូវកម្លាំង
ភេសជ្ជៈមួយនេះអាចទទួលទានបានរាល់រដូវក្តៅ ថែមទាំងជួយប៉ូវកម្លាំង ផ្តល់ជាតិទឹកដល់រាងកាយ និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយទៀតផង។
ការអនុវត្ត៖
- លាយទឹកដូង កន្លះពែង ជាមួយនឹងទឹកក្រូចច្របាច់ស្រស់ៗកន្លះពែង (អាចលាយជាមួយនឹងទឹកដោះគោស្រស់វិញក៏បានដែរ) ក្នុងបរិមាណស្មើគ្នា
- បន្ទាប់មកអ្នកក៏អាចបន្ថែមចំណិតផ្លែចេកក្នុងភេសជ្ជៈនេះក៏បានដែរ រួចដាក់នៅក្នុងទូទឹកកកឱ្យត្រជាក់ប្រមាណជា ២០នាទី
- ជាចុងក្រោយអ្នកអាចទទួលទានភេសជ្ជៈប៉ូវកម្លាំងបែបធម្មជាតិមួយនេះបានហើយ។
៤. ជីរអង្កាម និងប័រី
ភេសជ្ជៈមួយនេះ ជួយឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយពេញមួយថ្ងៃ ថែមទាំងផ្តល់ជាតិស្ករពីធម្មជាតិជំនួយថាមពលរាងកាយផងដែរ។
ការអនុវត្ត៖
- យកផ្លែប័រី (អាចរកបាននៅផ្សារទំនើប) ប្រមាណជាមួយក្តាប់ដៃលាងទឹកឱ្យស្អាត រួចយកទៅក្រឡុក ជាមួយនឹងស្លឹកជីរអង្កាម ៤ ទៅសន្លឹក ដោយបន្ថែមទឹកស្អាតមួយចំនួនផង។
- ក្រឡុកឱ្យហ្មត់ល្អ ដោយបន្ថែមទឹកក្រូចឆ្មារបន្តិច រួចយកភេសជ្ជៈដែលក្រឡុករួចទៅដាក់ក្នុងទូទឹកកកឱ្យត្រជាក់។
- ជាចុងក្រោយអ្នកអាចទទួលទានភេសជ្ជៈនេះទាំងនៅត្រជាក់ៗ ដោយអាចទទួលទាន២ដងក្នុងមួយថ្ងៃ តែត្រូវចៀសវាងទទួលទានពេលយប់។
៥. ទឹកដូង និងទឹកឪឡឹក
ភេសជ្ជៈមួយនេះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជំនួយសុខភាពទូទៅ ផ្តល់សំណើមដល់រាងកាយ ថែមទាំងប៉ូវកម្លាំងផងដែរ។
ការអនុវត្ត៖
- យកទឹកដូង ស្រស់ កន្លះពែង លាយជាមួយនឹងទឹកឪឡឹកក្រឡុកស្រស់ៗកន្លះពែងដូងគ្នា ហើយកូរចូលឱ្យសព្វ ដោយអាចបន្ថែមទឹកក្រូចឆ្មារចំនួន ២កូនស្លាបព្រាបន្ថែមបង្កើនរសជាតិ
- ជាចុងក្រោយអ្នកអាចទទួលទានភេសជ្ជៈមួយនេះបានហើយ រាល់ពេលអ្នកនឿយហត់ពីការងារ និងអស់កម្លាំងផ្សេងៗបាន៕