ដោយសារតែវីរុស Covid-19 បាននឹងកំពុងតែរាលដាលដល់ប្រទេសជាច្រើនជុំវិញពិភពលោក សូម្បីតែប្រទេសកម្ពុជាយើងក៏បានរកឃើញអ្នកផ្ទុកវីរុសនេះជាច្រើនករណីដែរ ដោយវីរុសនេះក៏អាចការពារបានតាមរយៈការលាងដៃនឹងសាប៊ូ លាងនឹងអាល់កុល និងជែលលាងដៃស្ងួត ពិសេសពាក់ម៉ាស់រាល់ពេលចេញទៅក្តៅជួបនឹងមនុស្សអ៊ូអរ។
ជាក់ស្តែងដោយសារតែវីរុសនេះ ធ្វើឱ្យមុខទំនិញជាច្រើនមានការឡើងថ្លៃ ពិសេសគឺម៉ាស់ អាល់កុល និងអាល់កុលលាងដៃ ដែលធ្វើឱ្យប្រជាជននៅជនបទ និងប្រជាជនក្រីក្រខ្វះខាតមិនអាចមានលទ្ធភាពទិញយកមកការពារសុខភាព។ យ៉ាងណាមិញគួរឱ្យសរសើរទឹកចិត្តយុវជននៅក្នុងខេត្តបាត់ដំបង ២រូប បានមូលមតិគ្នាចេញជាថវិកាផ្ទាល់ខ្លួនទិញអាល់កុល និងសំភារៈប្រើប្រាស់មួយចំនួនចុះចែកដោយផ្ទាល់ដល់ជនដែលខ្វះខាតនៅក្នុងខេត្តបាត់ដំបង ដោយមានការរួមចំណែកជាកម្លាំង និងទឹកចិត្តនៃយុវជនខេត្តបាត់ដំបងជាច្រើនរូបផងដែរ។
តាមរយៈគណនីហ្វេសប៊ុក Sun Edward បានឱ្យដឹងថា៖ « ត្បិតតែមិនច្រើន តែជាទឹកចិត្តខ្មែរជួយខ្មែរពេលលំបាក
"អ្នកមានខ្លាចជំងឺដេកផ្ទះ ឯអ្នកក្រខ្លាចដាច់ពោះជាងខ្លាចជំងឺ"
ថ្ងៃនេះពិតជាមានចិត្តជ្រះថ្លា ដែលក្រុមខ្ញុំបាទជាពិសេសម្ចាស់ជំនួយ Norng Savady បាននាំគ្នាចុះចែកទឹកអាកុលនិងសម្ភារះប្រើប្រាស់មួយចំនួន ជូនអ៊ុំចាស់ៗដែលមានជីវភាពលំបាកក្នុងការទិញរបស់ទាំងអស់ សម្រាប់ការពារខ្លួន នៅតាមទីប្រជុំជននិងពេញក្រុងបាត់ដំបងមួយចំនួន ។
ហើយមានរឿងមួយដែលសឹងតែខ្ញុំទប់ទឹកភ្នែកមិនជាប់ ព្រោះតែពួកគាត់សប្បាយចិត្តសឹងតែស្រក់ទឹកភ្នែកក្រោយទទួលបានសម្ភារះបន្តិចបន្តួចទាំងនោះ ហើយខ្ញុំពិតជាអាណិតអ៊ុំស្រីម្នាក់ ដែលគាត់សប្បាយចិត្តស្ទើតែស្រក់ទឹកភ្នែក ព្រោះគាត់និយាយថា ដោយសារតែរបស់ទាំងអស់នោះ ឡើងថ្លៃមិនថាបន្លែត្រីសាច់ ដូច្នេះគាត់ត្រូវបង្ខំចិត្តទិញអង្ករច្រកឆ្នាំងច្រើនជាងទិញអាកុលនិងម៉ាស !! ខ្ញុំសួរថាគាត់ អត់ខ្លាចទេហ !!
គាត់ឆ្លើយថា គាត់ខ្លាច តែធ្វើមិចបើរបស់ឡើងថ្លៃហើយគាត់លក់អត់ដាច់ ស្ងាត់ទៀត ចឹងពេលនឹង គាត់គិតពីកូនតូចៗហើយ !! និយាយទៅជីវិតអ្នកក្រ ពិតជាត្រូវលំបាកគ្រប់យ៉ាង ហើយពិតជាយល់ច្បាស់ពីការតស៊ូរបស់ពួកគាត់។
មើលទៅឥវ៉ាន់បើនៅតែឡើងថ្លៃ អ្នកមានត្រូវរស់ហើយ អ្នកក្រប្រហែលជាត្រូវដាច់ពោះស្លាប់ហើយ ព្រោះតែអាជីវករមួយចំនួនគិតតែប្រយោជន៍ខ្លួនឯង !!
#bestMemoriesOflife #WeDoForPoorPeople #ForCambodianPeople #Battambong»។
សូមឱ្យយុវជនខ្មែរ និងប្រជាជនខ្មែរទាំងអស់រួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ពិសេសរួមគ្នាធ្វើអំពើល្អសម្រាប់សង្គមឱ្យបានច្រើន ក្នុងនាមជាកូនខ្មែរតែមួយ៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖