ថ្មីៗនេះដោយសារតែវីរុសរាតត្បាត Covid-19 ដែលមិនត្រឹមតែប៉ះពាល់ដល់សុខភាពប្រជាជន ដោយមានករណីឆ្លងរោគ និងស្លាប់ជាច្រើនករណីនោះទេ តែវីរុសនេះក៏បានបង្ខំមនុស្សជាច្រើនឱ្យស្នាក់នៅក្នុងផ្ទះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងការពារការឆ្លងមេរោគពីខាងក្រៅផងដែរ។
ដោយសារតែវាជាវីរុសរាតត្បាត ប្រទេសជាច្រើនបានប្រកាសអាសន្ន ហាងទំនិញ និងហាងលក់របស់ប្រើប្រាស់ចាំបាច់ជាច្រើនត្រូវបិទទ្វារ ដោយឱ្យប្រជាជននៅតែផ្ទះ។ ដូច្នេះស្ថិតនៅក្នុងអាសន្នបែបនេះ សូមចូរចងចាំថា ការត្រៀមរបស់ប្រើប្រាស់ និងស្បៀង គឺជារឿងចាំបាច់ខ្លាំងណាស់ដែលអ្នកត្រូវតែមាននៅក្នុងផ្ទះ។
នេះជារបស់ ៨យ៉ាងសំខាន់ៗដែលអ្នកត្រូវត្រៀមទុកពេលមានអាសន្ន ៖
១. ទឹក
ចូរសន្សំទឹកផ្ទាល់ខ្លួនយ៉ាងហោច ១ Gallon (ប្រមាណ ៣លីត្រ) សម្រាប់មនុស្សម្នាក់ៗ យ៉ាងហោចឱ្យបាន ៣ថ្ងៃ ។ ដោយអ្នកប្រហែលជាមិនចាំបាច់សន្សំជាដបទឹកបរិសុទ្ធក៏បានដែរ ដោយគ្រាន់តែបំពេញទឹកឱ្យពេញនៅក្នុងអាងទឹក ឬធុងស្តុកទឹកឱ្យពេញៗ។
២. អាហារ
អាហារគឺជាស្បៀងសំខាន់ណាស់ ដែលអ្នកត្រូវតែត្រៀមទុកមាននៅក្នុងផ្ទះយ៉ាងហោចទុកទទួលទានឱ្យបាន ២សប្តាហ៍ ដោយបូកបញ្ចូលទាំងអង្ករ ម្ហូបក្រៀមៗ អាហារកំប៉ុង ម្សៅ មី ត្រី សាច់កកៗ ពពួកបន្លែ និងគ្រឿងទេសន៍សំខាន់ៗជាដើម ដោយអ្នកអាចទុកនៅក្នុងទូទឹកកក ឬបន្ទប់ស្តុកទុកដែលអាចថែទាំអាហាររបស់អ្នកកុំឱ្យឆាប់ខូច។
៣. គ្រឿងផ្ទះបាយ
អ្នកអាចត្រៀមស្បោងធំៗ ប្រអប់ដាក់ម្ហូបអាហារ ចាន ពែង ឬប្រដាប់ប្រដាផ្សេងៗផ្ទុកស្បៀងរបស់អ្នក នៅក្នុងពេលចាំបាច់ ព្រោះរាល់ពេលអាសន្ន អគ្គិសនីអាចនឹងផ្តាច់គ្រប់ពេលដែលនាំឱ្យអាហាររបស់អ្នកខូច។
បន្ថែមពីនេះអ្នកអាចត្រៀមទុកក្រដាសអាលុយមីញ៉ូម ហ្គាស អូស ធ្បូង ហើយអាចទិញសាប៊ូលាងចាន សាប៊ូអូសាវែល (bleach ) ត្រៀមទុកទៀតរឹតតែប្រសើរ ដោយសាប៊ូអូសាវែល (bleach ) ១ភាគ លាយជាមួយនឹងទឹក ៩ភាគ អាចប្រើជាទឹកសម្លាប់មេរោគបាន ។
៤. សំភារៈកូនក្មេង
ប្រសិនជាផ្ទះរបស់អ្នកមានកូនង៉ែត ឬកូនក្មេង អ្នកត្រូវត្រៀមរបស់ចាំបាច់ទុកមិនអាចខ្វះបាន ដូចជាទឹកដោះគោឆុងឱ្យកូន កន្ទប អាហារកូនក្មេង រួមទាំងសំភារៈចាំបាច់ជាច្រើនទៀតសម្រាប់កូនៗតូចលោកអ្នក។
៥. គ្រឿងសម្រាប់សត្វចិញ្ចឹម
បើអ្នកមានសត្វចិញ្ចឹម អ្នកអាចត្រៀមរបស់របរចាំបាច់សម្រាប់សត្វជាទីស្រលាញ់ដូចជាអាហារសត្វ ប្រដាប់ស្ពាយសត្វចិញ្ចឹម និងថ្នាំពេទ្យមួយចំនួន។
៦. ឧបករណ៍ប្រើប្រាស់បន្ទាន់
-អ្នកត្រូវប្រាកដចិត្តថាមាន ពិលនៅក្នុងដៃយ៉ាងហោច២ ដោយមានថ្មពេញៗ ទៀន ឈើគូស ពិលពាក់នឹងក្បាលពេលដើរទីងងឹត ឆ្នាំងសាក Power Bank ថ្មពិល វិទ្យុទាក់ទង សម្រាប់ប្រើប្រាស់បន្ទាន់ពេលអាសន្នភ្លាមៗ។
-អ្នកក៏អាចត្រៀម អាគុយ ភ្លើងអំពូលសាកភ្លើង អំពូលសូឡា ក្នុងករណីគ្មានអគ្គិសនី
-ត្រៀមភួយតូចៗជាមួយនឹងសាប៊ូ កន្សែងពោះគោ ត្រៀមបំរុងសម្រាប់មនុស្សម្នាក់ៗក្នុងករណីចាំបាច់ពេលត្រូវភៀសខ្លួនចេញពីផ្ទះ
-អ្នកក៏អាចត្រៀមធុងជ័រ ឡាំង ឬរបស់របរផ្សេងៗដែលអាចជួយធ្វើជាជម្រកនៅខាងក្រៅពេលមានអាសន្នណាមួយផងដែរ។
៧. ឧបករណ៍សង្គ្រោះបឋម
អ្នកអាចត្រៀមកាបូបមួយដែលផ្ទុកទៅដោយរបស់សង្គ្រោះបន្ទាន់ដែលអាចប្រើប្រាស់បានរយៈពេល ២សប្តាហ៍ ដូចជា ថ្នាំពេទ្យ បង់បិទរបួស អាល់កុល ថ្នាំក្រហម ថ្នាំសម្លាប់មេរោគ ទឹកលាងដៃស្ងួត ថ្នាំលេបបំបាត់ការឈឺចាប់ ថ្នាំរាគរូស គ្រាប់ថ្នាំវីតាមីន និងទែម៉ូម៉ែត្រវាស់កម្ដៅជាដេីម។
៨. របស់ប្រើប្រាស់ក្នុងបន្ទប់ទឹក
ត្រៀមរបស់ផ្គត់ផ្គង់ក្នុងបន្ទប់ទឹកដូចជា ក្រដាសបង្គន់ សាប៊ូកក់សក់ សាប៊ូដុសខ្លួន ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ និងឡាម ហើយប្រសិនជាក្នុងផ្ទះមានមនុស្សស្រីកុំភ្លេចផលិតផលអនាម័យស្ត្រីផង។
#អ្វីដែលត្រូវតែត្រៀមពេលមានអាសន្ន
-ដឹងឱ្យច្បាស់ថាមានសមាជិកគ្រួសារណាម្នាក់ស្គាល់ទីតាំងបិទហ្គាស ផ្តាច់អគ្គិសនី ដើម្បីពេលអាសន្នងាយស្រួលចាត់ចែងការងារ
-រក្សាទុកឯកសារសំខាន់ៗជាប់នឹងខ្លួនដូចជាអត្តសញ្ញាណបណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ បណ្ណការងារ សញ្ញាបត្រ សៀវភៅធនាគារ រួមទាំងឯកសារសំខាន់ផ្សេងៗក្នុងថង់ ឬកាបូបដែលមិនជ្រាបទឹក។
-កត់ឈ្មោះសមាជិក និងស្ថានភាពសុខភាពរបស់សមាជិកនីមួយៗជាមួយថ្នាំផ្សេងៗឱ្យត្រូវអាការដើម្បីត្រៀមពេលមានអាសន្ន។
-កត់អាសយដ្ឋាន ទីតាំងសំខាន់ៗ និងលេខទំនាក់ទំនងទៅក្រសួងសមត្ថកិច្ចរដ្ឋចាំបាច់ទុក ជាមួយនឹងផែនទី ដើម្បីជាប្រយោជន៍នៅក្នុងការភៀសខ្លួនក្នុងពេលមានអាសន្នណាមួយត្រូវចេញពីទីលំនៅដែលយើងរស់នៅ
-ដាក់ម៉ូគ្នា ឬពិភាក្សាគ្នាឱ្យហើយនូវគម្រោងទីតាំងជាក់លាក់ណាមួយ ដើម្បីណាត់ជួបគ្នា ក្នុងករណីវង្វេងផ្លូវគ្នា ឬត្រូវដើរបំបែកគ្នា។
-ត្រូវមានលុយ ឬសាច់ប្រាក់ជាប់នឹងខ្លួនគ្រប់គ្រាន់ល្មមដើម្បីចាយវាយពេលមានអាសន្ន
-ប្រសិនជាអ្នកស្ថិតនៅក្នុងការបោះជំរុំ ឬនៅខាងក្រៅផ្ទះកន្លែងបណ្តោះអាសន្នណាមួយដែលត្រូវប្រើហ្គាស ធ្យូង ឬអុស សូមប្រើប្រាស់វានៅខាងក្រៅឱ្យឆ្ងាយពីកន្លែងស្នាក់បន្តិច ដើម្បីចៀសវាងមានគ្រោះថ្នាក់ដោយសារតែផ្សែងពុល៕
រក្សាសិទ្ធ៖ Knongsrok