អាចនិយាយបានថា ស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺជាស្រុកគំរូមួយដែលមានការរៀបចំ និងគ្រប់គ្រងបានល្អក្រោមការដឹកនាំរបស់លោក ឃឹម ហ្វីណង់ជាអភិបាល ដោយស្រុកមួយនេះតែងមានសកម្មភាពអភិវឌ្ឍន៍ភូមិឃុំស្រុកជាហូហែរ ជាពិសេសស្ថិតនៅក្នុងស្ថានភាពមានរោគរាតត្បាតដោយវីរុស Covid-19 ស្រុកបន្ទាយស្រីក្លាយទៅជាទីតាំងមុនគេដែលមានការផ្សព្វផ្សាយទូលំទូលាយចាក់មេក្រូតាមផ្លូវគ្រប់ស្រុកភូមជូនប្រជាពលរដ្ឋដើម្បីផ្តល់ការយល់ដឹងពីការការពារសុខភាពពីវីរុសនេះ។
ជាថ្មីម្តងទៀត រដ្ឋបាលស្រុកបន្ទាយស្រីបានរួមគ្នាធ្វើយុទ្ធនាការទ្រង់ទ្រាយធំ ដោយការធ្វើការវេចខ្ចប់ចែកជូនសាប៊ូលាងដៃដល់ប្រជាពលរដ្ឋគ្រប់ផ្ទះ អមនឹងខិតបណ្ណផ្សព្វផ្សាយពីវីរុស Covid-19 នេះផងដែរ ធ្វើឱ្យមានការកោតសរសើរជាខ្លាំងនូវកិច្ចការសង្គមដ៏ប្រពៃមួយនេះ។
យោងទៅតាមគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប បានឱ្យដឹងថា៖ « ត្រៀមរួចរាល់ហើយ! ថ្ងៃស្អែកនេះរដ្ឋបាលស្រុកបន្ទាយស្រីនឹងបើកយុទ្ធនាការទ្រង់ទ្រាយធំ ដោយប្រើប្រាស់កំលាំងស្ម័គ្រចិត្តសរុប៥០០នាក់ ចែកចេញជា36ក្រុម ដើម្បីចែកចាយសាប៊ូលាងដៃចំនួន ៥០០០០ដុំ និងផ្សព្វផ្សាយខិត្តបណ្ណអប់រំពីមេរោគកូវីដ១៩ចំនួន ៥០០០០សន្លឹក ជូនទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនីមួយៗដោយផ្ទាល់។
ជំនួសមុខអោយប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីទាំងមូល ខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានបង្ហាញពីសណ្តានចិត្តខ្វល់ខ្វាយនិងព្រួយបារម្ភដល់ប្រជាជននៅតាមទីជនបទ តាមរយៈការចូលរួមឧបត្ថម្ដដ៏មានអត្ថន័យនេះ។ ខ្ញុំក៏សូមអរគុណដល់ប្អូនៗយុវជន(សសយក)ស្រុកបន្ទាយស្រីទាំង៥០នាក់ ដែលបានចំណាយពេល២យប់២ថ្ងៃពេញ ស្ម័គ្រចិត្តវេចខ្ចប់និងចងសាប៊ូភ្ជាប់នឹងខិត្តបណ្ណដ៏ច្រើនសន្ធឹកសន្ធាប់នេះ »៕