វីរុស Covid-19 គឺជាវីរុសរាតត្បាតជាសកល ដែលបានឆ្លងរាលដាលជាច្រើនប្រទេសមិនថាតែប្រទេសក្រីក្រ ឬជឿនលឿននោះឡើយ ពិសេសវាថែមទាំងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាច្រើនផងដែរ ក្នុងអំឡុងពេលនេះ។
គួរឱ្យសរសើរ នៅក្នុងប្រទេសវៀតណាម ស្រាប់តែត្រូវបានគេរកឃើញថាមានការបង្កើតទូ ATM បើកអង្ករឥតគិតថ្លៃជូនជនក្រីក្រ និងអ្នកដែលខ្វះខាត ក្នុងគ្រាមានអាសន្នដោយសារតែរោគរាតត្បាត Covid-19 នេះ។ ដោយអ្នកគ្រាន់តែចុចប៉ូតុងមួយនោះ អង្ករចំនួន ២គីឡូនឹងត្រូវបានបង្ហូរចេញមកក្រៅសម្រាប់ចែកជូនអ្នកត្រូវការ ដោយមានផ្លាកអក្សរមួយអមជាមួយថា « អ្នកអាចទទួលយកបានប្រសិនជាអ្នកខ្វះខាត តែប្រសិនជាអ្នកមានគ្រប់គ្រាន់ហើយសូមទុកវាឱ្យអ្នកផ្សេងដែលត្រូវការ »។
លោក Hoang Tuan Anh ដែលជាអ្នកបង្កើតម៉ាស៊ីននេះឡើងដំបូងគេបាននិយាយថា ដោយសារតែរោគរាតត្បាតនេះ មនុស្សជាច្រើនពិតជាមានតម្រូវការចាំបាច់ខ្លាំងណាស់សម្រាប់ជីវភាពប្រចាំថ្ងៃ ហើយការដែលចែកជូនអង្ករនេះដោយដៃពិតជាមានហានិភ័យនៃការឆ្លងវីរុសនេះខ្ពស់ណាស់ ទើបធ្វើឱ្យលោកមានគំនិតបង្កើតម៉ាស៊ីន ATM ចែកអង្ករដោយស្វ័យប្រវត្តិក្នុង ២៤ម៉ោងបែបនេះ ។
គួរឱ្យដឹងផងដែរថា ថ្មីៗនេះប្រទេសវៀតណាមបានហាមប្រាមការនាំចេញអង្ករទៅក្រៅប្រទេស ដើម្បីធ្វើការស្តុកអង្ករផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយប្រទេសវៀតណាមគឺជាប្រទេសទី ៣ ដែលមានការនាំអង្ករចេញច្រើនជាងគេបន្ទាប់ពីប្រទេសឥណ្ឌា និងប្រទេសថៃ ៕
ប្រភព៖ Redfish