ភាពខកចិត្ត និងឈឺចាប់របស់ចិន ទៅលើប្រទេសមហាអំណាចលោកខាងលិច

នៅលើពិភពលោកយើងនេះ ចិន ជាប្រទេសទីមួយដែលបានខកចិត្តដោយសារការសន្យាខ្យល់ពីប្រទេសមហាអំណាចលោកខាងលិច ដែលក្រោយមកក៏មាន កូរ៉េ វៀតណាម រួមទាំងកម្ពុជាក្នុងសម័យ លន់នល់ ផង ដែរ ដែលគ្រប់កិច្ចការអ្វីៗដែល អាមេរិច បានរៀបចំគឺដើម្បីតែផលប្រយោជន៍របស់ អាមេរិច និងមហាអំណាចផ្សេងទៀត តែពួកគេមិនដែលយកតម្លៃជាតិសាសន៍ដទៃជាធំ ទោះបីជាជាតិសាសន៍នោះត្រូវរងគ្រោះ សម្លាប់រង្គាលក៏ដោយ ហើយវាក៏បានសបង្ហាញអោយយើងឃើញថា របបលទ្ធិប្រជាធិបតេយ្យគ្មានន័យអ្វីសម្រាប់ប្រជាជាតិផ្សេងក្រៅពីប្រយោជន៍របស់មហាអំណាចទាំងនោះឡើយ ។ កុម្មុយនីស៍ គឺខុសគ្នា កុម្មុយនីស៍ អាចស្មោះត្រង់ជាង និងជាមិត្តពិតប្រាកដ ។ តែសម្រាប់កាលះទេសះបច្ចុប្បន្ន យើងមិនអាចគ្រប់គ្រងប្រទេសតាមរបបផ្តាច់ការពេកដូចកាលពីជាង ៦០ឆ្នាំមុនបានហើយ អ្វីៗត្រូវចាប់ផ្តើមដោយសេរីភាព និងទីផ្សារសេរី ដើម្បីអោយមានប្រជាជនរស់នៅបានស្រួល និងអភិវឌ្ឍន៍ជាតិសាសន៍បានលឿនផងដែរ ។ តួយ៉ាងដូចជា ចិន និង រុស្សុី ជាដើម ទោះបីពួកគេកាន់របបកុម្មុយនីស៍ តែមិនច្រានចោលរបបទីផ្សារសេរីឡើយ ក៏ប៉ុន្តែប្រជាជនទាំងអស់ត្រូវរស់នៅក្រោមច្បាប់ដ៏តឹងរឹង និងមានយុត្តិធម៌ ដែលជាទីក្សេមក្សាន្តរបស់ប្រជាជាតិពួកគេ ។ ច្បាប់ដ៏តឹងរឹងដែលមិនលើកលែងសូម្បីច្បាប់ប្រហារជីវិត ។

នៅក្នុងកំឡុងសង្គ្រាមលោកលើកទី១ ចិន កំពុងតែស្ថិតនៅក្នុងភាពចលាចលដោយសារតែសង្គ្រាមផ្ទៃក្នុង គឺ សង្គ្រាមរវាង យាន ស៊ឺខាយ និងក្រុមបដិវត្ត ស៊ុន យាតសេន ហើយនិងក្រោយមកទៀត គឺភាពអនាធិប តេយ្យ និងជម្លោះរវាងមេកន្ទ្រាញដែលកើតមានឡើងនៅក្រោយមរណភាពរបស់ យាន ស៊ឺខាយ នៅឆ្នាំ 1916 ក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយ ចិន បានគាំទ្រក្រុមសម្ព័ន្ធមិត្ត អាមេរិច អង់គ្លេស និងបារាំង ដើម្បី ច្បាំងតទល់នឹង អាល្លឺម៉ង់  ។ កម្មករ ចិន ប្រមាណជា 140000 នាក់ ត្រូវបានបញ្ជូនអោយទៅធ្វើការនៅ អឺរ៉ុប ដើម្បីជួយសម្ព័ន្ធមិត្ត ហើយក្រោយមកទៀត ចិន បានប្រកាសសង្គ្រាមជាផ្លូវការទៅ នឹង អាល្លឺម៉ង់ និងអូទ្រីសហង់គ្រី នៅខែសីហា ឆ្នាំ ១៩១៧ ។ នៅពេលនោះ ចិន រំពឹងថានៅពេលដែលបានទទួលជោគជ័យ ប្រទេសសម្ព័ន្ធមិត្ត នឹងជួយអោយ ចិន យកទឹកដីពីបរទេសមកគ្រប់គ្រងវិញ ជាពិសេស គឺដែនដីដែលស្ថិត នៅក្រោមការកាន់កាប់របស់ អាល្លឺម៉ង់ ។

1_PkvIlM9AuvLOlEBK93JEIQ

ក៏ប៉ុន្តែផ្ទុយស្រឡះពីការរំពឹងទុក នៅក្នុងពេលចុះសន្ធិសញ្ញាសន្តិភាពនៅ វែកសៃ (Treaty of Versailles) បញ្ចប់សង្គ្រាមលោកលើទី១ បណ្តាលប្រទេសលោកខាងលិចដែលទទួលជោគជ័យ បែរជាបានសម្រេចប្រគល់ ដែនដីនៅប៉ែកខាងជើងប្រទេស ចិន ដែលធ្លាប់តែស្ថិតក្រោមការគ្រប់គ្រងរបស់ អាល្លឺម៉ង់ អោយទៅ ជប៉ុន ជាអ្នកកាន់កាប់ទៅវិញ ដោយសារតែ ជប៉ុន បានចូលរួមធ្វើសង្គ្រាមទល់នឹង អាល្លឺម៉ង់ តាំងពីដើមទី គឺតាំងពីខែសីហា ឆ្នាំ 1914 ។ ទទួលបានដំណឹងនេះ និស្សិតចិនរាប់ពាន់នាក់ បាននាំគ្នាចេញធ្វើបាតុកម្មដើម្បីតវ៉ាប្រឆាំង និងសន្ធីសញ្ញា ក្រុង វែកសៃ (Versailles City) ហើយចលនានិស្សិតនេះ ក៏បានរាលដាលទៅជា ចលនា ប្រឆាំងទៅនឹងចក្រពត្តិនិយមបរទេសផង និងប្រឆាំងទៅនឹងផ្នត់គំនិតចាស់គម្រិលរបស់ ចិន ផង ដែលគេយល់ថា គឺជាដើមហេតុនៃការធ្លាក់ចុះទន់ខ្សោយរបស់ ចិន ទល់នឹងបរទេស ចេញពីចលនាប្រឆាំងនេះហើយ ដែលជាឬសគល់នៃការចាប់កំណើតនៃចលនា កុម្មុយនីស៍ ចិន ។


ទង្វើរបស់ប្រទេសមហាអំណាចប្រជាធិបតេយ្យលោកខាងលិច ដែលត្រូវបានប្រជាជន ចិន ចាត់ទុកថាជាការ "ក្បត់មិត្ត" វាគឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រ ចិន សម័យទំនើប ហើយវាក៏ជារបត់ដ៏ សំខាន់មួយទៀតដែរ នៃចលនាបដិវត្តិរបស់ ស៊ុន យាតសេន ។ កាលពីមុន ស៊ុន យាតសេន ដែលទទួលការអប់រំនៅប្រទេសលោកខាងលិច តែងតែសម្លឹងមើលទៅប្រទេសមហាអំណាចប្រជាធិបតេយ្យលោកខាងលិច ថាជាគំរូ និងជាជំនួយដើម្បីនាំប្រទេស ចិន ឆ្ពោះទៅរកគន្លងផ្លូវប្រជាធិបតេយ្យ ។ ក៏ប៉ុន្តែនៅពេលនេះ ស៊ុន យាតសេន បានកំណត់ក្នុងចិត្តថាប្រទេសដែលជាបិតានៃប្រជាធិបតេយ្យទាំងនេះ គិតតែពីផលប្រយោជន៍របស់ពួកគេ និងពីការកេញប្រវ័ញ្ញលើ ចិន តែប៉ុណ្ណោះ ដោយគ្មានចាប់អារម្មណ៍ទៅនឹងនាំលទ្ធិប្រជាធិបតេយ្យមកអោយ ចិន នោះទេ ។ ព្រមពេលជាមួយការខកចិត្តទៅលើប្រទេសមហាអំណាចប្រជាធិបតេយ្យលោកខាងលិច ជោគជ័យនៃបដិវត្តិ ប៊ុលហ្សេវិក (Bolsheviks) នៅ រុស្សុី ក៏បានទាក់ទាញ ស៊ុន យាតសេន អោយងាកទៅរកពួក កុម្មុយនីស៍ វិញម្តង ។

ជាការពិតថា ស៊ុន យាតសេន មិនគាំទ្រទាំងស្រុងនូវមនោគមវិជ្ជា កុម្មុយនីស ម៉ាក ឡេនីន នោះទេ ក៏ប៉ុន្តែមានចំណុចសំខាន់ពីរដែលទាក់ទាញ អោយ ស៊ុន យាតសេន ងាកទៅរក កុម្មុយនីស៍ រុស្សុី ។ ទីមួយ ស៊ុន យាតសេន សម្លឹងពីគំរូនៃប្រសិទ្ធិភាពរបស់បដិវត្តិ កុម្មុយនីស៍ នៅក្នុងការដណ្តើមអំណាច និងពង្រឹងអំណាច​នៅ រុស្សុី ហើយទីពីរទៀត គឺភាពស្មោះត្រង់ និងភាពយុត្តិធម៌របស់រដ្ឋាភិបាលកុម្មុយនីស៍ រុស្សុី មកលើ ចិន ដែលបានបង្ហាញអោយឃើញតាមរយះការស្ម័គ្រចិត្តលុបចោលដោយខ្លួនឯងនូវកិច្ចព្រមព្រៀងដែលស្តេច សាល រុស្សុី ធ្លាប់បានចុះជាមួយនឹងស្តេច ឈីង កាលពីសតវត្សន៍ទី ១៩ ហើយដែលជាកិច្ចព្រមព្រៀងដែលមានភាពលំអៀងខ្លាំងទៅខាង រុស្សុី ៕

Russian_ambassadors_in_China