#ចូរធ្វើជាមនុស្សទន់ភ្លន់_តែកុំទន់ជ្រាយ

សុភាសិតខ្មែរមានពុំនោលថា “ទន់ភ្លន់ តែមិនទន់ជ្រាយ”។ សុភាសិតនេះពិតជាមានន័យអប់រំល្អ ដែលមនុស្សគ្រប់រូបគួរតែបដិបត្តិតាម។ ព្រោះថា មិនថាក្នុងការធ្វើជំនួញជួញដូរ ការប្រកបការងារ ឬការធ្វើទំនាក់ទំនងគ្នានោះទេ បើសិនជាយើងមិនចេះទន់ភ្លន់ទេ គឺកម្រនឹងជោគជ័យខ្លាំងណាស់។ រឹតតែធ្វើឱ្យបរាជ័យខ្លាំងទៅទៀតនោះ ប្រសិនបើយើងជាមនុស្សទន់ជ្រាយ ឆាប់ភ័យខ្លាច និងពូកែតក់ស្លុត។

ទន់ភ្លន់និងទន់ជ្រាយ គឺមិនដូចគ្នាទេ។ ទន់ភ្លន់ មានន័យថា យើងចេះរួសរាយ រាក់ទាក់ ផ្អែមល្ហែម ល្អូកល្អិន គោរពរាប់អាន តែមិនទ្រគេ។ ឯទន់ជ្រាយ មានន័យថា ឆាប់ភ័យខ្លាច ឆាប់តក់ស្លុត ឆាប់ចុះញ៉ម ឆាប់រត់ចោលសមរភូមិ ឆាប់រាងចាល គ្មានជំនឿចិត្ត។ល។ ឧទាហរណ៍ថា អ្នកខ្លះមិនធ្លាប់ត្រូវខ្មោចលងផង គ្រាន់តែឮគេថាផ្លូវហ្នឹងមានខ្មោចលង គាត់ដកថយឬលែងហ៊ានដើរតាមផ្លូវហ្នឹង។ អ្នកខ្លះទៀតធ្វើកិច្ចការអ្វីមិនជោគជ័យឬមិនទទួលបានលទ្ធផលល្អលើកទី១ គាត់ក៏បោះបង់ចោល លែងធ្វើបន្តទៀត។ អ្នកខ្លះគ្រាន់តែជួបបញ្ហាអ្វីតិចតួចសោះ គាត់អង្គុយយំ ស្លន់ស្លោ មិនព្រមរកវិធីសាស្រ្តដោះស្រាយ។ ទាំងនេះហើយដែលជាវិថីនាំពួកគាត់ឆ្ពោះទៅរកបរាជ័យ។

96381208_2892947247469061_1625370973773496320_o


ដូច្នេះទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ឬទោះបីមានឧបសគ្គឬបញ្ហាអ្វីរារាំងក៏ដោយ យើងត្រូវតែហ៊ានប្រឈមមុខដោះស្រាយ កុំរត់ចោលបញ្ហា កុំទន់ជ្រាយ កុំចុះញ៉មបញ្ហាឱ្យសោះ ព្រោះមនុស្សម្នាក់ៗ គ្មាននរណាម្នាក់អាចចៀសផុតពីបញ្ហាឬឧបសគ្គបានឡើយ។ មួយវិញទៀត យើងត្រូវចេះទន់ភ្លន់ ពោលគឺត្រូវចេះគោរពនិងឱ្យតម្លៃអ្នកដទៃ ត្រូវចេះរួសរាយរាក់ទាក់និងទទួលស្វាគមន៍អ្នកដទៃ ដ្បិតអីវាគឺជាជំនាញទន់ដ៏អស្ចារ្យ ដែលនាំយើងឆ្ពោះទៅរកជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់៕

#សម្រង់ប្រសាសន៍ឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី_ដោយក្រុមការងារ_MJQUP