កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តស្ទឹងត្រែង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារសាមគ្គី និងតាមផ្ទះលក់ទំនិញមួយចំនួនស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្ និងបានធ្វើតេស្តរកកំហាប់អីយ៉ូតក្នុងអំបិល ដោយបានរកឃើញអំបិលគ្មានអីយ៉ូតចំនួន៥៥កញ្ចប់ រួមជាមួយផលិតផលទំនិញហួសកាលបរិច្ឆេទមានដូចជា៖ ទឹកក្រូចដបតូច និងដបធំ ចំនួន២៤កេស និង២ដប ស្មើនឹង២៤៣គីឡូក្រាម ,បបរកូនក្មេង និងយ៉ាអ៊ួរ ចំនួន១៥ ប្រអប់ស្មើនឹង២.៥ គីឡូក្រាម សរុបអំបិលគ្មានអីយ៉ូត និងផលិតផលហួសកាលបរិច្ឆេទ ដកហូតបានចំនួនសរុប២៦៩ គីឡូក្រាម។
ក្រោយពីធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ រក្សាទុកដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។ ជាមួយគ្នានោះ សមត្ថកិច្ចជំនាញបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕