ជារឿងមួយដ៏គួរឱ្យរន្ធត់ និងសោកស្តាយមែនទែន ដោយកាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០ វិរៈសិល្បៈករជើងចាស់ដែលពោរពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត គឺលោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ត្រូវបានព័ត៌មានជាផ្លូវការឱ្យដឹងថា លោកបានទទួលមរណភាពហើយ។
លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈដែលពោរពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើន ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ តាមរយៈតួរអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេសន្តរកំឡុងឆ្នាំ៨០ជាង រួមទាំងស្នាដៃជាច្រើនទៀតដែលលោកតាបានបន្សល់ទុក ក្នុងភាពយន្ត និងបទចម្រៀងជាច្រើនដូចជា រឿង «ភូមិគ្រឹះចម្លែក»MV បទចម្រៀង «យើងជាអ្នកស្រែត្រូវជឿអ្នកស្រែដូចគ្នា» និងស្នាដៃជាច្រើនទៀតរាប់មិនអស់។
មរណៈភាពរបស់លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន គឺជាការបាត់បង់នូវមរតកមនុស្សរស់ ដែលមានទេពកោសល្យមួយរូបរបស់កម្ពុជា។ សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកតាបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត៕