ទៅលេងខេត្តកែបរាប់ភ្លេច តិចមិនធ្លាប់ទៅដល់កោះដ៏ស្អាតមួយនេះ?(មានរូបភាព)

កែបជាខេត្តចំណាស់មួយ ដែលជាគោលដៅទេសចរណ៍លំហែកាយមួយ សម្រាប់អ្នកទេសចរអភិជនតាំងពីសម័យអាណានិគមបារាំងមកម៉្លេះ។ បច្ចុប្បន្នខេត្តតូចជាងគេមួយនេះ នៅតែជាគោលដៅទេសចរណ៍របស់ភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុក។

ក្រៅពីឆ្នេរសមុទ្រ កែបក៏មានរមណីយដ្ឋានផ្សេងៗទៀតដូចជា ឧទ្យានកែប ព្រៃកោងកាង និងកោះជាច្រើន។ កោះដែលពេញនិយមជាងគេគឺកោះទន្សាយ ។ តើអ្នកដឹងទេថា ក្រៅពីកោះទន្សាយ ខេត្តកែបមានកោះជាងច្រើនទៀតដែលសុទ្ធតែស្អាតៗ។

ថ្ងៃនេះ ក្នុងស្រុក សូមណែនាំកោះដ៏ស្រស់ស្អាតមួយ ដែលប្រហែលជាមានអ្នកទេសចរតិចណាស់ដែលបានទៅដល់ ។

កោះនោះមានឈ្មោះថា កោះអាចម៍សេះ ឬ កោះអាចម៍សេះដាច់ ជាកោះទំហំមធ្យមមួយក្នុងចំណោមកោះជាច្រើនទៀតរបស់ខេត្តកែប ដែលស្ថិតក្រោមការអភិរក្សនៅធនធានសមុទ្រដោយអង្គការ Marine Conservation Cambodia។ កោះនេះស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលស្ថិតនៅក្បែរនឹងព្រំដែនសមុទ្រកម្ពុជា-វៀតណាម។

យើងត្រូវធ្វើដំណើរប្រមាណពី ៤០នាទីទៅ ១ម៉ោងតាមទូករបស់ប្រជាពលរដ្ឋដើម្បីទៅដល់កោះនេះ ធ្វើឲ្យកោះអាចម៍សេះក្លាយជាកោះដែលមានចំងាយឆ្ងាយជាងគេក្នុងចំណោមកោះទាំង ១៣របស់ខេត្តកែប ។

នៅលើកោះមិនមានប្រជាពលរដ្ឋស្នាក់នៅនោះទេគឺ មានតែទីស្នាក់ការរបស់អង្គការ Marine Conservation Cambodia និងទីស្នាក់ការទាហានជើងទឹកមួយប៉ុណ្ណោះ។ និយាយពីទេសភាពវិញ កោះនេះពុំមានឆ្នេរខ្សាច់ទេ មានតែឆ្នេរក្រាលទៅដោយថ្ម (ថ្មអាចម៍ផ្កាយ) រី ឯទឹកសមុទ្យវិញមានសភាពថ្លាដូចកញ្ចក់ឆ្លុះដល់បាត មានទាំងរុក្ខជាតិសមុទ្រ ផ្កាថ្ម និង ហ្វូងត្រីជាច្រើន។

នៅលើកោះយើងឃើញមានព្រៃឈើបង្គួរ និង មានលេនដ្ឋានជាច្រើនបន្សល់ពីសង្រ្គាមសម្រាប់ការពារដែនសមុទ្រកម្ពុជា ។ សកម្មភាពសប្បាយៗដែលភ្ញៀវទេសចរអាចធ្វើបាននៅលើកោះមានដូចជា មុជទឹកលេងកម្សាន្ត មើលផ្កាថ្ម ដើរជុំវិញកោះ ហ្វូងមច្ឆាសមុទ្រ ជាច្រើនដែលត្រូវបានរក្សារការពារដោយ អង្គការ Marine Conservation Cambodia នាពេលរាត្រីអ្នកអាចគយគន់ ហ្វូងតារារាប់ពាន់លានលើដែនសាគររបស់កម្ពុជាយើងផងដែរ។

ចំពោះការហូបចុក និងស្នាក់នៅ គឺភ្ញៀវទេសចរអាចវិចខ្ចប់ពីទីរួមខេត្តជាមុន​ ឯសំរាប់ការស្នាក់នៅវិញគឺ បោះតង់ឬចងអង្រឹង ដោយសុំការអនុញ្ញាតពីទាហាននៅលើកោះបាន នៅលើកោះក៏មានទឹកសាបដែលស្តុកទុកពីរដូវភ្លៀងសម្រាប់ប្រើប្រាស់នៅរដូវប្រាំង។

នាថ្ងៃអនាគត កោះអាចម៍សេះ ទោះបីមិនមានការអភិវឌ្ឍផ្នែកទេសចរណ៍មែន ប៉ុន្តែកោះនេះនឹងអាចក្លាយជាទិសដៅទេសចរណ៍មួយសម្រាប់បងប្អូនភ្ញៀវទេសចរដែលត្រូវការភាពស្ងប់ស្ងាត់គេចចេញពីសំឡេងអ៊ូអរធុងបាសកងរំពង ។

សូមទស្សនារូបភាពរបស់កោះអាចម៍សេះខាងក្រោម ៖

53376316_2254667157928569_1104916771103571968_n


52977009_2254664421262176_3440244765164044288_n

53224059_2254667877928497_4997135169757380608_n

53846732_2254664564595495_2169351259239219200_n

53336667_2254665567928728_8656827539404095488_n

53472724_2254664857928799_6677335738981285888_n

53384236_2254665114595440_1174412554588389376_n

53478387_2254665251262093_1023205937420173312_n

53522386_2254666957928589_1984816335804170240_n

53138981_2254665441262074_4227411038141677568_n

53797698_2254665014595450_9122481528494882816_n

រូបភាពដោយ ពូស្មី