មិននឹកស្មានសោះថាកាលពី ៨០ឆ្នាំមុន មានការព្យាបាលជម្ងឺផ្លូវចិត្តអាក្រក់អាក្រីដល់ថ្នាក់នេះសោះ

ជារឿងនឹកស្មានមិនដល់នោះទេដែល អ្នកជម្ងឺផ្លូវចិត្តមួយចំនួន ត្រូវបានទទួលការព្យាបាលដោយវិធីដ៏គ្រោះថ្នាក់បំផុតបែបនេះ។ នៅប្រហែល ៨០ឆ្នាំមុនគឺជាពេលដែលបច្ចេកវិទ្យាមិនទាន់រីកចម្រើននៅឡើយទេ ដូច្នេះ Lobotomy គឺជាវិធីសាស្ត្រវះកាត់មួយសម្រាប់អ្នកដែលមានជម្ងឺផ្លូវចិត្ត ។

ការវះកាត់ប្រភេទនេះគឺធ្វើឡើងដោយកាត់ផ្តាច់ណឺរ៉ូននៅម្តុំកំពកថ្ងាសនៃខួរក្បាល ដែលនាំឲ្យមនុស្សបាត់បង់សតិ ,ស្មារតី និងសម្បញ្ញៈប្រៀបដូចជាមនុស្សរុក្ខជាតិអញ្ចឹង។

A10

ប្រសិនបើយើងប្រៀបធៀបមកសម័យនេះវិញ យើងប្រាកដជាគិតថាវិធីសាស្ត្រមួយនេះមានភាពព្រៃផ្សៃពេកហើយ ដោយពួកគេបានកែប្រែមនុស្សម្នាក់ដែលធ្លាប់មានវិញ្ញាណ ចេះនិយាយស្តី ចេះគិត ឲ្យទៅជាដែលមនុស្សរុក្ខជាតិ ដែលមានតែរូបកាយ តែគ្មានវិញ្ញាណទៅវិញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅសម័យកាលនោះពួកគេជឿថាវិធីសាស្រ្តមួយនេះ គឺជាការព្យាបាលដ៏សាកសិទ្ធិ និងមានប្រសិទ្ធភាពបំផុត។

A11

នៅឆ្នាំ១៩៣៥ គ្រូពេទ្យផ្នែកសរសៃប្រសាទជនជាតិពុយទ័រហ្គាល់ម្នាក់ឈ្មោះ Egas Moniz បានរកឃើញនូវវិធីសាស្រ្តព្យាបាលជម្ងឺផ្លូវចិត្ត The Lobotomy ឬគាត់ហៅថា Leucotomy។ ការព្យាបាលរបស់គាត់ គឺធ្វើឡើងដោយស្វានប្រហោងពីរចូលទៅក្នុងលលាដ៍ក្បាល រួចរុកឧបករណ៍ស្រួចម្យ៉ាងចូលទៅក្នុងកោសិកាខួរក្បាល រួចឆ្កឹះចុះឡើងៗដើម្បីកាត់ផ្ដាច់ណឺរ៉ូនម្តុំកំពកថ្ងាសឲ្យដាច់ចេញពីរាល់ផ្នែកទាំងអស់នៃខួរក្បាល។ គាត់បានអះអាងថា វិធីព្យាបាលរបស់គាត់មានប្រសិទ្ធិភាពខ្ពស់ណាស់ ដែលធ្វើឲ្យគ្រូពេទ្យជនជាតិអាមេរិកម្នាក់ឈ្មោះ Walter Freeman បាននាំយកវិធីសាស្ត្រមួយនេះមកព្យាបាលប្រជាជនអាមេរិកផងដែរ។

A13


ក្រោយមកទៀតគ្រូពេទ្យជនជាតិអាមេរិកនោះបានគិតថា វិធីសាស្រ្តរបស់លោក Moniz ប្រើរយៈពេលយូរ ស៊ីពេល និងចំណាយកម្លាំងច្រើនពេក ដូច្នេះគាត់ក៏បានរៀបចំនូវវិធីសាស្ត្រថ្មីមួយហៅថា "transorbital lobotomy" ដែលប្រើពេលខ្លីជាងមុន។

វិធីសាស្ត្រមួយនេះធ្វើឡើងដោយយកឧបករណ៍មុតស្រួចម្យ៉ាងស្រដៀងទៅនឹងទួណឺវីស រុកចូលតាមប្រឡង់ភ្នែករួចប្រើកូនញញួរដំចូលទៅក្នុងខួរក្បាលមួយទំហឹង ដើម្បីសម្រេចនូវការព្យាបាលដ៏សាហាវមួយនេះ។ បន្ថែមពីលើនេះទៅទៀត អ្នកជម្ងឺមិនត្រូវបានឲ្យប្រើថ្នាំសណ្តំមុនព្យាបាលនោះទេគឺគ្រាន់តែប្រើម៉ាស៊ីន " Electro-Shock " ដើម្បីឲ្យសន្លប់មួយភ្លែតប៉ុណ្ណោះ។

A12

ហើយលោក Walter Freeman បានបន្តការព្យាបាលដ៏ឃោរឃៅរបស់គាត់ទៅលើអ្នកជម្ងឺសរុប ៣៥០០ នាក់ដែលក្នុងនោះមានកុមារចំនួន១៩នាក់ ហើយកុមារដែលក្មេងជាងគេបំផុតគឺមានអាយុត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ៕

 

ប្រភព ៖ បរទេស