ដូចអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាប្រទេសកូរ៉េបានបែងចែកជាពីរ គឺកូរ៉េខាងត្បូងនិងកូរ៉េខាងជើង។ ការបែកចែកនេះបានកើតឡើងជាច្រើនសតវត្សរ៍មកហើយ ពោលគឺតាំងពីឆ្នាំ ១៩៤៥ មកម្ល៉េះ ហើយដើមកំណើតនៃការបែងចែកនៃប្រទេសមួយនេះ ដោយសារតែមានជាប់ទាក់ទងនឹងរយៈពេលនៃការគ្រប់គ្រងរបស់អាណានិគមជប៉ុនលើប្រទេសកូរ៉េ (១៩១០-១៩៤៥)។ ប៉ុន្តែថ្វីត្បិតតែបានបែងចែកពីគ្នា និងមានស្ថានភាពខុសគ្នាដាច់ស្រលះក៏ដោយ ប្រទេសទាំងពីរនេះត្រូវបានគេរកឃើញថាមានចំណុចដូចគ្នា៥យ៉ាងរួមមាន ៖
១.ប្រជាជនទាំងពីរបរិភោគអាហារហិលនិងចូលចិត្តគីមឈីដូចគ្នា
ប្រជាជននៃប្រទេសទាំងពីរមានចំនូលចិត្តហូបអាហារដូចគ្នា ជាពិសេសអាហារដែលមានរសជាតិហិល និង មានរូបមន្តសម្រាប់ធ្វើគីមឈីដូចគ្នា។ ម្យ៉ាងវិញទៀតប្រទេសទាំងពីរនិយមបរិភោគ Dduk (ricecake) និងនំ Yeot (taffy) មុនពេលប្រលង ដោយជឿថាវានាំមកនូវសំណាងល្អ។
២.ប្រទេសទាំងពីរមានថ្ងៃឈប់សំរាកតែមួយ
ទោះបីជាមានការកំណត់ថ្ងៃឈប់សំរាកខុសគ្នាបន្តិចបន្តួចរវាងប្រទេសទាំងពីរក៏ដោយ ប៉ុន្តែការប្រារព្ធថ្ងៃឈប់សម្រាកមានដូចគ្នាជាច្រើនដែលរួមបញ្ចូលទាំងថ្ងៃចូលឆ្នាំថ្មី Ddukguk (Rice Cake Soup), ថ្ងៃបុណ្យ Thanksgiving Songpyun (a kind of Dduk), Daeboreum (ថ្ងៃពេញបូណ៌មី) ,ពិធីបុណ្យHansik (ថ្ងៃទី១០៥ បន្ទាប់ពីរដូវត្រជាក់) ,Dongji (ពិធីបុណ្យរដូវរងា) ) និង Dano (ថ្ងៃទីប្រាំនៃខែប្រាំ យោងទៅតាមប្រតិទិនតាមច័ន្ទគតិ) ហើយប្រជាជនទាំងពីរប្រទេសមានទំលាប់ទៅមើលផ្នូរជីដូនជីតារបស់ពួកគេនៅថ្ងៃ Thanksgiving និងនៅថ្ងៃបុណ្យចូលឆ្នាំថ្មីដូចគ្នា។
៣.ប្រពៃណីគោរពម្តាយឪពុក និង មនុស្សចាស់
ប្រជាជននៅកូរ៉េខាងជើង និងខាងត្បូងមានការគោរពយ៉ាងខ្លាំងចំពោះអ្វីដែលមនុស្សចាស់និយាយ ហើយបើចំពោះជីវិតគ្រួសារវិញ ទាំងកូនប្រុស និងកូនស្រីតែងតែអោយតម្លៃដល់ឪពុកម្តាយដោយការលះបង់ជាធំ។ ឧទាហរណ៍នៅប្រទេសទាំងពីរនេះត្រូវបម្រើអាហារដល់ឪពុកម្តាយរបស់គេមុនពេលបរិភោគខ្លួនឯង។ ម្យ៉ាងទៀតនៅពេលនិយាយជាមួយមនុស្សចាស់ប្រជាជនទាំងពីរត្រូវប្រើពាក្យ “ គួរសម” ហើយបទដ្ឋានសង្គមភាគច្រើនក៏ដូចគ្នាដែរ (ភាសាកូរ៉េប្រើប្រាស់ពាក្យផ្សេងគ្នាទៅតាមវ័យបុគ្គល ដែលត្រូវសន្ទនាជាមួយ)។
៤.ប្រជាជននៃប្រទេសទាំងពីរឆាប់ឆេវឆាវ
ប្រជាជនកូរ៉េទំលាប់ធ្វើការងាររហ័ស និងប្រកួតប្រជែង ពួកគេគោរពពេលវេលា និងមិនចូលចិត្តរង់ចាំនោះទេ។ ដូចនេះហើយបើធ្វើអោយពួកគេចាំយូរ ឬធ្វើការងារធ្វេសប្រហែល នោះនឹងមានពាក្យសំដីប៉ះទង្កិចជាក់ជាមិនខាន។
៥.ពួកគេចូលចិត្តភាពសប្បាយរីករាយ
ពួកគេចូលចិត្តច្រៀងរាំសប្បាយជាមួយក្រុមគ្រួសារ, មិត្តភក្តិ និងអបអរថ្ងៃឈប់សម្រាកជាមួយគ្នាណាស់។ តែទោះជាយ៉ាងណាវាក៏មានភាពខុសគ្នាបន្តិចបន្តួចដែរ ឧទាហរណ៍ជនជាតិកូរ៉េខាងត្បូងរីករាយនឹង (ខារ៉ាអូខេ) ច្រើន ខណៈពេលដែលនៅខាងជើងប្រជាជនច្រៀងចម្រៀងជាមួយការលេងឧបករណ៍ភ្លេង៕
ប្រភព ៖ បរទេស