ស្រៀវខ្លាំងណាស់! ទាំងនេះគឺសុទ្ធតែជាស្ពាន ដែលមានគ្រោះថ្នាក់ជាងគេបំផុតនៅលើពិភពលោក

ស្ពាន ត្រូវបានគេចាត់ទុកថាជាការច្នៃប្រឌិតផ្នែកសំណង់ដ៏ល្អបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ ព្រោះពួកវាត្រូវបានគេសាងសង់ឡើងដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ដូចជាការឆ្លងកាត់តំបន់ទឹក និងតំបន់ខ្ពស់បានយ៉ាងមានសុវត្ថិភាពបំផុត។

ប៉ុន្តែនៅក្នុងនោះក៏មានស្ពានចាស់ៗខ្លះ ដែលមានលក្ខណៈទ្រុឌទ្រោម និងខ្លះទៀតមានកម្ពស់ខ្ពស់ពេកដែលធ្វើអោយមនុស្សទូទៅអាចខ្សោយបេះដូងបាននៅពេលដែលធ្វើដំណើរឆ្លងកាត់ស្ពានទាំងអស់នោះ។

តោះមកមើលស្ពានទាំង៧ដែលមានគ្រោះថ្នាក់ជាងគេបំផុតនៅលើពិភពលោក!

A9

ទី១៖ ស្ពានHussaini Hanging នៅប្រទេសប៉ាគីស្ថាន

នេះគឺជាស្ពានដែលត្រូវបានគេចាត់ទុកថាជាស្ពានគ្រោះថ្នាក់បំផុតនៅលើពិភពលោក។ ស្ពានខ្សែពួរនេះឆ្លងកាត់បឹងបូរិតនៅតំបន់ហ៊ូណានខាងលើ និងមិនត្រូវបានគេថែរក្សាអោយបានល្អនោះទេ ដែលជាហេតុបណ្តាលអោយវាមានសភាពរង្គើខ្លាំងនៅពេលដែលមានមនុស្សដើរឆ្លងកាត់។ ម្យ៉ាងទៀតប្រសិនបើអ្នកបោះជំហានខុស នោះអ្នកនឹងអាចធ្លាក់ចូលទៅក្នុងទន្លេ Hunza នៅខាងក្រោមស្ពានបានយ៉ាងងាយថែមទៀតផង។

A2

ទី២៖ ស្ពានអាកាស Langkawi ប្រទេសម៉ាឡេស៊ី

ស្ពាននេះមានកំពស់ ៤០០ហ្វីត ផុតពីដី ហើយវាត្រូវបានគេបិទជាញឹកញាប់ក្នុងគោលបំណង ដើម្បីថែរក្សាស្ពានមួយនេះអោយនៅតែមានសភាពល្អប្រសើរ។ ហើយវាក៏ធ្លាប់ត្រូវបានគេពន្យារពេល នៃការបើកដំណើរការអស់រយៈពេល២ឆ្នាំផងដែរ ដោយសារតែមានពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយជាសាធារណៈថា ស្ពាន Langkawi នេះអាចនឹងមិនមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការធ្វើដំណើរនោះទេ ដោយវាអាចនឹងរលំនៅថ្ងៃណាមួយថែមទៀតផង។ ប៉ុន្តែរហូតមកដល់ឥឡូវនេះវាត្រូវបានគេបើកអោយដំណើរការឡើងវិញហើយ បើទោះបីជាមិនសូវមានមនុស្សច្រើនឆ្លងកាត់ក៏ដោយ។

A3

ទី៣៖ ស្ពាន Seven Mile រដ្ឋ​ Florida

ស្ពាននេះបានលាតសន្ធឹងចម្ងាយ ៧ ម៉ាយល៍ ហើយលក្ខណ:ពិសេសរបស់វានោះ គឹមានចំណុចរត់ទៅភ្ជាប់គ្នានៅចំកណ្តាលនៃស្ពានតូចមួយផ្សេងទៀត ដែលធ្វើអោយមានភាពទាក់ទាញជាខ្លាំង។ ស្ពាន Seven Mile ត្រូវបានសាងសង់នៅក្នុងចំណោមស្ពាន ដែលត្រូវគេចាត់ទុកថាជាស្ពាន ដែលវែងជាងគេនៅលើពិភពលោក ដោយវាបានឈ្នះពានរង្វាន់ចំនួន ៨ ហើយពានរង្វាន់មួយក្នុងចំណោមនោះគឺជារង្វាន់ពិសេសសម្រាប់ការច្នៃប្រឌិត ដោយចំណាយយ៉ាងតិចរបស់រដ្ឋបាលសហព័ន្ធផ្លូវហាយវ៉េ។

A4

ទី៤៖ ស្ពាន Carrick-a-Rede Rope ប្រទេសអៀរឡង់ខាងជើង


ស្ពានដែលមានប្រវែង ៦៦ ហ្វីតនេះ មើលទៅដូចជាមិនមានអ្វីច្រើននោះឡើយ ហើយមានមនុស្សតិចណាស់ ដែលបានឆ្លងកាត់ទីនោះ។ ប៉ុន្តែក្រោយមកទៀតវាក៏បានក្លាយជាកន្លែងមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៏ជាច្រើនអោយមកទស្សនា ថែមទាំងមានការលក់សំបុត្រសម្រាប់អ្នកដែលចង់ឆ្លងកាត់ និងចង់មើលទេសភាពរបស់ស្ពានមួយនេះថែមទៀតផង។

A5

ទី៥៖ ស្ពាន The Bridge of Immortals ប្រទេសចិន

ស្ពានមួយនេះបានសាងសង់ឡើងដោយភ្ជាប់តាមជួរភ្នំហួងសាន នៅភាគខាងត្បូងខេត្តអានហ៊ួយនៃប្រទេសចិន។ ស្ពានយោលដែលមានរូបរាងបញ្ឈរបែបនេះ ពិតជាគួរឱ្យខ្លាចក្នុងការឆ្លងកាត់ណាស់ ប៉ុន្តែវាក៏អាចធ្វើអោយយើងបានឃើញនូវទេសភាពព្រៃភ្នំដែលស្រស់ស្អាតជាងស្ពានដទៃឯទៀតផងដែរ។ ស្ពាននេះត្រូវបានគេសាងសង់ឡើង ដោយមានប្រើតែក្តារឈើតែពីរទៅបីបន្ទះប៉ុណ្ណោះដើម្បីធ្វើជាបង្កាន់ដៃ ម្យ៉ាងទៀតវាពិតជាគួរខ្លាចណាស់ប្រសិនបើយើងសម្លឺងចុះទៅខាងក្រោម។

339c1ac1e96341974e6edac455fb2942

ទី៦៖ ស្ពាន Millau Viaduct ប្រទេសបារាំង

ស្ពាន Millau Viaduct គឺជាស្ពាន ដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក ហើយក៏មានតួនាទីជាស្ពានខ្សែកាបធំជាងគេនៅខាងប៉ែកអឺរ៉ុបផងដែរ។ ស្ពាននេះមានបណ្តោយ៨០០០ហ្វីត និងទទឹង១០៥ហ្វីត ហើយអ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនោះ គឺវាមានកំពស់រហូតទៅដល់ ១.១២៥ ខ្ពស់ផុតពីដី។ ស្ពាននេះត្រូវបានគេសាងសង់អោយឆ្លងកាត់ជ្រលងភ្នំ Gorge នៃភាគខាងត្បូងរបស់ប្រទេសបារាំង ហើយត្រូវបានចំណាយពេលក្នុងការសាងសង់អស់រយៈពេល ៣ ឆ្នាំឯណោះ។

A12

ទី៧៖ ស្ពាន Capilano Suspension ប្រទេសកាណាដា

ស្ពាន Capilano Suspension Bridge គឺជាស្ពានដ៏ល្បីល្បាញមួយនៅក្នុងទីក្រុង Vancouver ដោយសារតែវាអាចនាំអោយអ្នកឆ្លងកាត់មើលឃើញនូវទេសភាពតាមជើងភ្នំដ៏ស្រស់ស្រាយ។ វាមានកំពស់ ២៣០ហ្វីត និងបណ្តោយ ៤៣០ហ្វីត ហើយជារៀងរាល់ឆ្នាំតែងតែមានអ្នកទេសចរណ៍រហូតដល់ទៅ ៨ សែននាក់ ដែលបានមកឆ្លងកាត់ស្ពាននៅក្នុងព្រៃដ៏ក្រាស់មួយនេះ។ ស្ពាននេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៨៨៩ ដោយលោក George Grab Mackay និងជួសជុលឡើងវិញនៅក្នុងទសវត្សឆ្នាំ១៩៥០៕

A8

 

ប្រភព ៖ បរទេស