Cameron Herrin ឧក្រិដ្ឋជន ដែលកំពុងតែល្បីល្បាញនៅក្នុងបណ្តាញសង្គម TikTok

ប្រសិនជាអ្នកបានប្រើប្រាស់បណ្តាញ TikTok ក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ អ្នកប្រាកដជាបានធ្លាប់ឃើញមុខកម្លោះដ៏សង្ហាម្នាក់នេះលេចនៅលើ For You Page របស់អ្នកហើយ។ គាត់គឺជាអ្នកទោសម្នាក់ ដែលបានសម្លាប់មនុស្សអស់២អ្នកដោយអចេតនា  ប៉ុន្តែបែរជាមានអ្នកកាន់ជើង និងការពារគាត់ទៅវិញ។

តើដំណើរដើមទងកើតឡើងយ៉ាងដូចម្តេច? តោះមកស្វែងយល់ទាំងអស់គ្នា៖

A1

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ Cameron Herrin ដែលជាកម្លោះសង្ហាវ័យ១៨ឆ្នាំម្នាក់នេះ បានបើកឡានប្រណាំងជាមួយនឹងមិត្តភក្តិគាត់ម្នាក់ទៀត ដែលវាគឺជាកាដូបញ្ចប់ថ្នាក់សញ្ញាបត្រថ្នាក់វិទ្យាល័យរបស់គាត់នៅលើផ្លូវមហាវិថី Bayshore នៅទីក្រុង Tampa រដ្ធ Florida។

Cameron និងមិត្តភក្តិគាត់បានបើកឡានប្រណាំងនោះក្នុងល្បឿន ១០០ ម៉ាយល៍ក្នុងមួយម៉ោង (100mph) រួចក៏ជ្រុលទៅបុកស្ត្រីម្នាក់ឈ្មោះ Jessica Reisinger Raubenolt និងកូនស្រីអាយុមួយខួបរបស់គាត់ឈ្មោះ Lillia បណ្តាលឲ្យស្លាប់។ អ្នកស្រី Jessica និងកូនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ តែជាអកុសលពួកគេត្រូវបានបាត់បង់ជីវិតដោយសាររបួសកម្រិតធ្ងន់ពេក។

A2

Cameron Herrin ត្រូវបានតុលាការដាក់ទោសឲ្យជាប់ពន្ធធនាគាររយៈពេល ២៤ឆ្នាំ ហើយចំពោះមិត្តភក្តិរបស់គាត់ដែលមានឈ្មោះ John Barrineau ត្រូវជាប់ឃុំរយៈពេល៦ឆ្នាំ ពីបទឃុបឃិតប្រព្រឹត្តបទល្មើស។ លោកមេធាវី Andrew Warren មានប្រសាសន៍ថា «ការបាត់បង់ជីវិតរបស់អ្នកស្រី Jessica និងកូនស្រី Lillia គឺជាអកុសលដ៏ធំធេងហើយគ្មានការផ្តន្ទាទោសណាអាចតបស្នងនូវជីវិតអ្នកទាំងពីរឲ្យរស់ឡើងវិញនោះឡើយ ប៉ុន្តែពួកយើងសង្ឃឹមថាការដាក់ទោសជនឧក្រិដ្ធម្នាក់នេះនឹងអាចផ្តល់នូវយុត្តិធម៌បានខ្លះសម្រាប់ជនរងគ្រោះនិងគ្រួសារជនរបស់រងគ្រោះ»

A3

Cameron ត្រូវបានផ្តន្ទាទោសក្នុងនាមជាមនុស្ស ដែលពេញវ័យម្នាក់ព្រោះគាត់មិនមែនជាយុវវ័យអាយុ១៨ឆ្នាំ មិនដឹងខុសត្រូវទៀតនោះទេ។ មេធាវីរបស់ Cameron ក៏បានលើកឡើងនូវហេតុផលថា កាលពីពេលនោះគាត់នៅក្មេង ខួរក្បាលគាត់មិនទាន់រីកចម្រើនដូចសព្វថ្ងៃនេះទេ ទើបបណ្តាលឲ្យគាត់ប្រព្រឹត្តរឿងរ៉ាវបែបនេះ។


យ៉ាងណាមិញ ហេតុផលរបស់គាត់នៅតែត្រូវបានតុលាការជំទាស់ ហើយ Cameron Harris ដែលមានវ័យ ២១ឆ្នាំម្នាក់នេះនឹងត្រូវជាប់ពន្ធធនាគាររយៈពេល ២៤ឆ្នាំ។

A4

គួរបញ្ជាក់ផងដែលថា ការកាត់ទោសសម្រាប់ឧក្រិដ្ឋម្នាក់នេះ បានធ្វើឡើងនៅថ្ងៃព្រហស្បត៍ ទី៨ ខែ៤ ឆ្នាំ២០២១ ប៉ុន្តែរឿងរ៉ាវមួយនេះគឺកំពុងតែពុះកញ្ជ្រោលខ្លាំងណាស់នៅក្នុងប៉ុន្មានថ្ងៃមកនេះនៅក្នុងបណ្តាញសង្គម Tiktok ដោយមានអ្នកខ្លះមិនសុខចិត្ត ព្រោះគិតថាជាប់គុក២៤ឆ្នាំ គឺយូរណាស់សម្រាប់បុរសសង្ហាម្នាក់នេះ រីឯអ្នកខ្លះវិញក៏មានចិត្តអាណិតអាសូរចំពោះគ្រួសារជនរងគ្រោះ ដែលបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទៅពីរនាក់ក្នុងពេលតែមួយ៕

ចុះលោកអ្នកមានមតិយ៉ាងណាដែរ សម្រាប់ករណីមួយនេះ?

A5

 

 

ប្រភព ៖ បរទេស