តើរឿងរ៉ាវស្នេហាមានភាពយុត្តិធម៍ដែរទេ? តើអ្នកធ្លាប់ឆ្លងកាត់ការបែកបាក់ប៉ុន្មានដង? ជាការពិតណាស់ មិនថាអ្នកធ្លាប់ជួបរឿងឈឺចាប់ពីមុនមកប៉ុន្មានដង ឬមិនធ្លាប់ជួបក៏ដោយ អ្នកក៏ប្រហែលជាដឹងថាមនុស្សម្នាក់ៗនឹងត្រូវជួបជីវិតគូរ។ ហើយជីវិតគូរដែលអ្នកនឹងជួបនោះគឺគ្មាននរណាដឹងបានទេថានឹងរួមរស់ជាមួយគ្នាបានយូរយ៉ាងណា និងមានសេចក្តីសុខបែបណា។ ប៉ុន្តែអ្នកត្រូវចាំថាអ្វីដែលមិនទាន់កើតឡើងកុំទៅគិតពីវាពេកអី ចំណែករឿងដែលកើតរួចហើយនោះ អ្នកត្រូវព្យាយាមទទួលយក និងដោះស្រាយវាឲ្យបានល្អ ដើម្បីធ្វើឲ្យជីវិតអ្នកជួបតែរឿងល្អចូលមក។
ហេតុនេះអ្នកអាចពិចារណាតាមរយៈហេតុផលខ្លះៗ នៅក្រោយពេលបែកបាក់ពីគូរស្នេហ៍ ឬហៅថាEx អ្នកមិនគួរព្យាយាមត្រឡប់ទៅរកអតីតគូស្នេហ៍ ឬចង់សងសឹកយកឈ្នះគេនោះទេ៖
១. វាមិនអាចផ្លាស់ប្តូរអ្វីបានទេ
អ្នកអាចសប្បាយចិត្តនៅពេលដែលអ្នកបានធ្វើឲ្យ Ex ទទួលអារម្មណ៍ឈឺចាប់ ដូចអ្វីដែលគេធ្វើមកលើអ្នក ប៉ុន្តែនេះវាបៀបដូចជាអ្នកកំពុងតែបំពេញចិត្តខ្លួនឯងត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ អ្វីដែលសំខាន់បំផុតនោះ អ្នកត្រូវដឹងថាទង្វើដែលអ្នកព្យាយាមធ្វើតបស្នងទៅគេវិញនោះវាមិនបានធ្វើឲ្យគេដឹងនូវកំហុសដែលគេបានធ្វើលើអ្នក និងគេថែមទាំងគ្មានអារម្មណ៍រាល់ទង្វើដែលគេបានធ្វើនោះទេ។ ជាការពិតវានឹងមិនមានអ្វីល្អប្រសើរទេ វាថែមទាំងធ្វើឲ្យអ្នកយកពេលវេលាល្អរបស់អ្នកធ្វើរឿងឥតប្រយោជន៍ទៅវិញ។
២. វានឹងបំផ្លាញអ្នក
ប្រសិនបើអ្នកគិតចង់ត្រឡប់ទៅរកអតីតគូស្នេហ៍ ដោយប្រើវិធីធ្វើបាបខ្លួនឯងផ្សេងៗ ដើម្បីឲ្យគេយល់ពីភាពឈឺចាប់ ឬចង់ឲ្យគេបារម្មណ៍យកចិត្តទុកដាក់ជាមួយអ្នក អ្នកគួរបោះគំនិតនេះចោលទៅ។ ទាំងនេះវាជាទង្វើដែលនាំបញ្ហាឲ្យអ្នកខ្លួនឯង ហើយថែមទាំងជាវិធីបំផ្លាញខ្លួនឯង ដោយសារមនុស្សដែលធ្វើបាបអ្នកទៅវិញ។
៣. មិនល្អចំពោះសុខភាព
ភាពតានតឹង ស្មុគស្មាញ ឈឺចាប់ និងអារម្មណ៍ស្រ្តេស ដែលកើតលើអ្នកក្នុងអំឡុងពេលក្រោយបែកបាក់ស្នេហានេះ គឺវាពិតជាប៉ះពាល់ដល់សុខភាពរបស់អ្នកខ្លាំងណាស់។ បញ្ហាសុខភាពដែលអ្នកនឹងប្រឈមមានដូចជាបាក់ទឹកចិត្ត ជម្ងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល បញ្ហាក្រពះ និងជម្ងឺផ្សេងៗទៀត ប្រសិនបើអ្នកបណ្តោយឲ្យខ្លួនអ្នកធ្លាក់ស្ថានភាពអារម្មណ៍ទាំងនេះ ហើយជាពិសេសគំនិតមួយដែលគិតចង់ធ្វើអ្វីគ្រប់យ៉ាងឲ្យតែគេត្រឡប់មកវិញ ឬចង់យកឈ្នះគេឲ្យបាន។
វិធីល្អបំផុត៦ យ៉ាងដែលអ្នកគួរធ្វើក្នុងអំឡុងពេលនេះ ដើម្បីព្យាបាលបេះដូងរបស់អ្នក
ចំពោះអ្នកធ្លាប់ឆ្លងកាត់ការបែកបាក់ ឬចែកផ្លួវគ្នាជាមនុស្សដែលខ្លួនស្រលាញ់មិនថាដោយសារមូលហេតុអ្វីនោះទេ ច្បាស់ណាស់បេះដូងរបស់ពួកគេប្រហែលជាបែករយលានចំណែកដែលគ្មានពាក្យអ្វីមកបកស្រាយអារម្មណ៍បែបនោះឡើយ។ ហើយចិត្តជាមនុស្សកាលណាបានជួបរឿងឈឺចាប់បែបនេះគឺតែងតែមានគំនិតមួយចង់សងសឹក និងចង់យកឈ្នះដើម្បីឲ្យដៃគូរម្ខាងទៀតយល់ពីអារម្មណ៍ដ៏អាក្រក់មួយនោះ។ ប៉ុន្តែការគិតបែបនេះវាមិនមែនជាវិធីល្អបំផុតក្នុងការដោះស្រាយរឿងរ៉ាវដែលបានកើតឡើងមកលើអ្នកបានទេ។
សូមពិចារណាម្តងទៀត ហើយសាកយកពេលវេលាដ៏មានតម្លៃរបស់អ្នកមកធ្វើរឿងល្អៗខាងក្រោមនេះ ដើម្បីព្យាបាលស្នាមរបួសរបស់អ្នកឲ្យប្រសើរឡើង។
១. ផ្តល់ពេលវេលាឲ្យខ្លួនឯង
២. កុំឃុំខ្លួនឯង ត្រូវជជែកជាមួយមិត្តភ័ក្ក បងប្អូន ឬគ្រួសាររបស់អ្នកអំពីរឿងរ៉ាវដែលអាចឲ្យអ្នកមានអារម្មណ៍ល្អជាងមុន
៣. ស្តាប់ការណែនាំល្អៗពីមនុស្សដែលអ្នកទុកចិត្ត ឬមនុស្សដែលអ្នកគិតថាអាចជួយដោះស្រាយបញ្ហានេះបាន។
៤. អ្នកគួរយកពេលដើរលេង ណាត់មិត្តភ័ក្កបង្កើតកម្មវិធីសប្បាយៗជុំគ្នា ហើយវាអាចជារឿងល្អប្រសិនបើអ្នកមានអ្នកយល់ចិត្តម្នាក់ដែលគេអាចធ្វើឲ្យអ្នករីករាយ។
៥. អ្នកត្រូវគិតថាបណ្តោយរឿងដែលកន្លងហួសទៅតាមផលកម្មទៅចុះ នរណាសាងអ្វីនឹងទទួលបានផលបែបនោះ។
៦. អ្នកត្រូវជឿងជាក់លើខ្លួនឯងថា ដាច់ខាតអ្នកត្រូវតែឆ្លងកាត់រឿងដ៏អាក្រក់មួយនេះ ហើយអ្វីគ្រប់យ៉ាងនឹងល្អប្រសើរ ជាពិសេសនោះអ្នកនឹងបានជួបមនុស្សថ្មីដែលល្អជាងអ្នកចាស់រាប់រយដង។
ប្រភព៖បរទេស