នៅលើលោកនេះ តើអ្នកជឿលើព្រលឹងវិលវល់ដែលទាមទាររកយុត្តិធម៌ដែរឬទេ? រឿងក្តីឃាតកម្មដ៏ចម្លែកមួយនេះកើតឡើងតាំងពីប្រហែល៤០ឆ្នាំជាងមកហើយ និងនៅតែបានបន្សល់ទុកនូវចម្ងល់មកដល់សព្វថ្ងៃនេះ។
អ្នកស្រី Teresita Basa គឺជាជនជាតិហ្វីលីពីន ដែលបានកើតនៅឆ្នាំ១៩២៩ និងបានផ្លាស់ប្តូរលំនៅទៅសហរដ្ធអាមេរិកនៅឆ្នាំ១៩៦០ ដើម្បីបន្តការសិក្សាផ្នែកតន្រ្តី។ ប៉ុន្មានឆ្នាំក្រោយមក គាត់ក៏បានក្លាយជាអ្នកប្រឹក្សាផ្នែកផ្លូវដង្ហើមនៅឯមន្ទីរពេទ្យឯកជនមួយក្នុងទីក្រុង Chicago។
ប៉ុន្តែនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៧៧ ម៉ោងប្រហែល៩យប់ គេបានរកឃើញសាកសពរបស់អ្នកស្រីនៅពីក្រោមភួយ ដែលត្រូវបានគេដុតដើម្បីបំបិតភស្តុតាង ហើយគាត់ត្រូវបានឃាតករសម្លាប់ដោយប្រើកំបិតបុ័ងតោ។
នៅជិតខ្លួនរបស់គាត់មាន memo មួយដែលសរសេរថា «យកសំបុត្រឲ្យ A.S» ហើយប៉ូលីសក៏សង្ស័យថា មិត្តប្រុសរបស់គាត់ជាអ្នកសម្លាប់ ប៉ុន្តែនៅតែមិនអាចដោះស្រាយរឿងក្តីមួយនេះចេញបាន។
ប្រាំខែបន្ទាប់ មិត្តរួមការងាររបស់ Teresita ដែលជាជនជាតិហ្វីលីពីនដែរ គឺអ្នកស្រី Remibias "Remy" និងស្វាមីរបស់គាត់លោក Joe បានទាក់ទងមកខាងប៉ូលីស។
Remy បានប្រាប់ថា គាត់ចាប់ផ្តើមយល់សប្តិឃើញមិត្តចាស់គាត់ដែលបានស្លាប់ទៅ គឺអ្នកស្រី Teresita បានមកអង្វរគាត់ឲ្យទៅប្តឹងប៉ូលីសជំនួសគាត់ផង ហើយលោក Joe ដែលជាស្វាមីរបស់អ្នកស្រី Remy ក៏បានប្រាប់ប៉ូលីសបន្ថែមទៀតថាអ្នកស្រី Teresita បានចូលសណ្ឋិតប្រពន្ធគាត់ពីរដងមកហើយ លើកទីមួយគាត់បានប្រាប់ឲ្យទៅប្តឹងប៉ូលីស តែ Joe មិនហ៊ានទៅដោយសារគ្មានភស្តុតាងច្បាស់លាស់ រីឯលើកទីពីរព្រលឹងអ្នកស្រី Teresita ដែលសណ្ធិតនោះបាននិយាយថា «ហេតុអ្វីក៏លោកមិនទៅប្តឹងប៉ូលីស?» ហើយបានប្រាប់ឈ្មោះឃាតករ និងដំណើរដើមហេតុយ៉ាងក្បោះក្បាយថែមទៀតផង។
ដំបូងប៉ូលីសក៏សឹងតែមិនជឿដែរ ប៉ុន្តែក៏បានសាកល្បងស៊ើបអង្កេតរឿងក្តីមួយនេះតាមអ្នកស្រី Remy និងលោក Joe បានប្រាប់ រួចក៏ដោះស្រាយរឿងក្តីមួយនោះចេញមែន ហើយវាដូចទៅនឹងអ្វីដែលខ្មោចអ្នកស្រី Teresita ប្រាប់បេះបិទ ដោយឃាតករនោះមានឈ្មោះថា Showery ជាអ្នកជិតខាង ដែលចង់ប៉ុនប៉ងសម្លាប់ប្លន់គ្រឿងអលង្ការរបស់អ្នកស្រី Teresita។
ក្រោយមក Showery ក៏បានទទួលទោសរបស់ខ្លួន ហើយកាត់ក្តីឲ្យជាប់ពន្ធធនាគាររយៈពេល១៤ឆ្នាំ ក្នុងករណីឃាតកម្មសម្លាប់មនុស្សដោយព្រាងទុកមុន៕
ប្រភព ៖ បរទេស