Marie Kondo ជាស្ត្រីជនជាតិជប៉ុនម្នាក់ ដែលអ្នកគ្រប់គ្នាស្គាល់តាមរយៈសៀវភៅដែលគាត់បានសរសេរទាក់ទងទៅនឹងសិល្បៈនៃការរៀបចំផ្ទះ និងតាមរយៈ documentary របស់ Netflix ជាដើម។ គាត់បានផ្តល់នូវគន្លឹះល្អៗក្នុងការរៀបចំផ្ទះឲ្យមានសណ្តាប់ធ្នាប់ តាមរយៈការបោះចោលរបស់ដែលលែងត្រូវការ និងថែរក្សាផ្ទះឲ្យស្អាតជានិច្ច ។
ខាងក្រោមនេះគឺជា ៥ ចំណុចសង្ខេបខ្លីៗ ដែលដកស្រង់ចេញពីសៀវភៅរបស់គាត់ !
ជំហានទី១៖ ត្រូវបែងចែករបស់ប្រើប្រាស់ជាផ្នែកដូចជា៖ សម្លៀកបំពាក់, សៀវភៅ និងវត្ថុអនុស្សាវរីយជាដើម។
ជំហានទី២៖ បំបែកផ្នែកទាំងនោះឲ្យទៅជាផ្នែកតូចៗថែមទៀត (ឧទាហរណ៍៖ សម្លៀកបំពាក់)
- អាវ ( អាវយឺត អាវចាក់ អាវដៃវែង អាវដៃខ្លី...)
- ខោ (ខោខ្លី ខោវែង...)
- សម្លៀកបំពាក់ដែលគួរពន្យួរ (អាវក្រៅ រ៉ូប ឈុត)
- ស្បែកជើង។ល។
ជំហានទី៣៖ ទុកតែរបស់ដែលធ្វើឲ្យអ្នកសប្បាយចិត្ត ដោយលើកកាន់របស់ប្រើប្រាស់ទាំងនោះ ហើយសួរខ្លួនឯងថា “តើរបស់នេះសំខាន់ទេ? ធ្វើឲ្យខ្ញុំសប្បាយចិត្តដែរទេ? តើរបស់នេះធ្វើឲ្យខ្ញុំផ្តល់ក្តីស្រលាញ់ចំពោះវាទេ?” ប្រសិនបើអ្នកឆ្លើយថាអូខេ អ្នកអាចបន្តទុករបស់នោះបាន ប៉ុន្តែប្រសិនបើអត់ទេ គឺដល់ពេលដែលត្រូវបោះវាចោលហើយ។
ជំហានទី៤៖ បន្ទាប់ពីសម្រេចចិត្តបោះចោលរបស់ដែលលែងត្រូវការហើយ ចូរអ្នករៀបចំកន្លែងអ្នកឡើងវិញឲ្យមានណ្តាប់ធ្នាប់ ហើយរៀបចំដាក់តាមកន្លែងដែលរបស់ទាំងនោះគួរតែនៅដូចជា សៀវភៅគួរតែនៅលើធ្នើ រីឯសម្លៀកបំពាក់គួរតែដាក់ក្នុងទូ ព្រោះធ្វើបែបនេះគឺដើម្បីជៀសវាងការវង្វេងដៃ ឬមិនដឹងថារបស់នោះនៅកន្លែងណា។
ជំហានទី៥៖ ពាក្យជប៉ុន «ikki ni» បានន័យថា «ធ្វើម្តងធ្វើឲ្យហើយ» គឺអ្នកគប្បីចំណាយពេលមួយថ្ងៃពេញ ដើម្បីរៀបចំតែម្តង និងកុំទុកការងារនេះបន្តដល់ថ្ងៃស្អែកទៀត៕
ប្រភព ៖ បរទេស