ពិធីបុណ្យសព គឺជាកន្លែងដែលមនុស្សទាំងឡាយកាន់ទុក្ខ, ក្រៀមក្រំ និងរំលឹកដល់វិញ្ញាណខណ្ធដល់អ្នកដែលបានចែកឋានទៅ។ ប៉ុន្តែអ្នកខ្លះបែរជាមិនអាចទប់សំណើចបាន ខណៈពេលគេគ្រប់គ្នាកំពុងក្រៀមក្រំទៅវិញ។
តាមពិតទៅ ប្រតិកម្មមួយនេះតែងតែកើតមានជាញឹកញាប់ គ្រាន់តែមិនសូវមានអ្នកចាប់អារម្មណ៍ប៉ុណ្ណោះ ហើយទោះបីជាមើលមកវាមិនសមរម្យ និងជាទង្វើអសីលធម៍ក្តី ប៉ុន្តែអ្នកចិត្តវិទ្យាកំពុងព្យាយាមពន្យល់នូវប្រតិកម្មមួយនេះតាមបែបវិទ្យាសាស្ត្រមកកាន់មនុស្សទូទៅ។
គ្រូពេទ្យផ្នែកចិត្តសាស្រ្តម្នាក់គឺ Dr Abigael San បានឲ្យដឹងថា “ពិតណាស់នរណាៗក៏កើតទុក្ខក្រៀមក្រំនៅក្នុងពិធីបុណ្យសពដែរ និងរហូតដល់ថ្នាក់ទ្រហោរយំទៀតផង ប៉ុន្តែអ្នកដែលសើចនៅពិធីបុណ្យសពនោះ មិនមែនក្នុងន័យសើចចំអកទៅដល់អ្នកដែលបានស្លាប់នោះទេ ព្រោះគាត់ធ្វើបែបនេះដោយសារតែគាត់មិនអាចទទួលយកការពិតបាន ដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់ភ្លាមៗពេក”។
តែទោះជាយ៉ាងណា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែដឹងពីហេតុផលមួយនេះទេ ដូចនេះដើម្បីជៀសវាងទង្វើខុសប្លែកមួយនេះ Dr San បានណែនាំអ្នកឲ្យធ្វើអារម្មណ៍ឲ្យនឹងនរ ព្យាយាមប្រាប់ខ្លួនឯងថាអ្នកកំពុងនៅកន្លែងណា និងផ្ចង់អារម្មណ៍ទៅលើអ្វីមួយដូចជាដកដង្ហើមមួយៗ វែងៗ និងកម្រើកម្រាមជើងទៅវិញទៅមកជាដើម៕
ប្រភព ៖ បរទេស