អ្នកទាំងអស់គ្នាប្រាកដជាចូលចិត្តញុំាផ្លែគូលែន ប៉ុន្តែប្រហែលជាមិនបានសង្កេតមើលនោះទេថាផ្លែគូលែន (Lychees) ដែលជាផ្លែឈើមានរសជាតិជូរអែមឆ្ងាញ់នេះ គឺមានផ្ទុកទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ និងសម្បូរទៅដោយវីតាមីនផ្សេងៗជាច្រើន។
ផ្លែគូលែន គឺពិតជាសំខាន់ណាស់សម្រាប់ជួយដល់សុខភាពរបស់អ្នក ដូចនេះហើយ តោះមកដឹងពីអត្ថប្រយោជនីជាច្រើនមុខរបស់ផ្លែគូលែនទាំងអស់គ្នា!
១.ផ្ទុកទៅដោយវីតាមីន C
វីតាមីនមួយក្នុងចំណោមវីតាមីនដែលមានច្រើនបំផុតនៅក្នុងផ្លែគូលែននោះគឺ វីតាមីនC ហើយបើយោងតាមការសិក្សា ដែលបានចុះផ្សាយក្នុងទស្សនាវដ្តីអាហារបំប៉ននៃគ្លីនិកអាមេរិច បានឱ្យដឹងថា ការទទួលទានវីតាមីន C អាចជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបានរហូតទៅដល់ ៤២% ឯណោះ។
២. ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម
ផ្លែគូលែន មានផ្ទុកនូវប៉ូលីហ្វេណុលដែលខ្ពស់ជាងផ្លែឈើដទៃទៀត ហើយអ្វីដែលពិសេសនោះគឺ ផ្លែឈើនេះគឺជាឃ្លាំងផ្ទុក Epicatechin ដែលអាចជួយពង្រឹងសុខភាពបេះដូង, កាត់បន្ថយហានិភ័យនៃជំងឺមហារីក និងទឹកនោមផ្អែមបានយ៉ាងល្អប្រសើរ។
ម្យ៉ាងទៀតបើយោងតាមការសិក្សាដែលត្រូវបានចេញផ្សាយនៅផ្នែកគីមីវិទ្យាចំណីអាហារ បានអោយដឹងថារ៉ូទីន ដែលមាននៅក្នុងផ្លែគូលែន អាចជួយការពាររាងកាយមនុស្សប្រឆាំងនឹងជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា៖ ជំងឺមហារីក, ទឹកនោមផ្អែម និងបញ្ហាសរសៃឈាមបេះដូង។
៣. ជួយកាត់បន្ថយខ្លាញ់ក្បាលពោះ
ផ្លែគូលែន គឺមានផ្ទុកមាននូវជាតិកាឡូទាបបំផុត ដូច្នេះហើយវាមិនធ្វើអោយអ្នកឆាប់ឡើយគីឡូ ឬមានជាតិខ្លាញ់ក្បាលពោះឡើយ ជាពិសេសថែមទាំងជួយកាត់បន្ថយជាតិខ្លាញ់នៅក្នុងរាងកាយរបស់អ្នកបានថែមទៀតផង។
៤. អាចប្រឆាំងនឹងជំងឺមហារីកថ្លើម
យោងទៅតាមទស្សនាវដ្តី Cancer Letters បានបង្ហាញថាការបរិភោគផ្លែគូលែន ដែលផ្ទុកសារធាតុ Pericarp (LFP) គឺមានមុខងារប្រឆាំងនឹងជំងឺមហារីក ហើយជាពិសេសគឺអាចជួយប្រឆាំងជាមួយនឹងជំងឺមហារីកថ្លើមបានយ៉ាងល្អបំផុត។
៥. មានជាតិវីតាមីន E ខ្ពស់
អ្នកវិទ្យាសាស្ត្របាននិយាយថា ផ្លែគូលែនមានផ្ទុកនូវវីតាមីន E ជាច្រើន ដែលអាចជួយការពារស្បែកអ្នកពីពន្លឺព្រះអាទិត្យ ព្រោះបើស្បែកត្រូវពន្លឺថ្ងៃខ្លាំងពេក វាអាចបណ្តាលទៅជាការរលាកជាដើម។ ម៉្យាងវិញទៀតវីតាមីន E នៅក្នុងផ្លែគូលែនក៏ជួយអោយស្បែករបស់អ្នកមានភាពភ្លឺថ្លា និងរលោងផងដែរ។
៦. អាចកាត់បន្ថយការរលាក
សារជាតិ Flavanols នៅក្នុងផ្លែគូលែន មានលក្ខណៈសម្បត្តិពិសេសក្នុងការប្រឆាំងនឹងការរលាកបានយ៉ាងមានប្រសិទ្ធិភាព ហើយវាក៏អាចប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ និងជំងឺឆ្លងអំឡុងរដូវក្តៅថែមទៀតផង៕
ប្រភព ៖ បរទេស