កាលពីពេលថ្មីៗ យើងស្រាប់តែប្រទះឃើញ គណនីរបស់អ្នកនិពន្ធ Joon Sunshine បានសរសេរថា៖
នៅឆ្នាំ ២០២៥ ខ្ញុំនឹងចេញរឿងមួយ
យកប្រាសាទអង្គរវត្ត ជាទីតាំងសម្រាប់និពន្ធ។
ចង់ដឹងចំណងជើងអ្វីអត់?
ឆ្លៀតឱកាសដ៏ល្អនេះ “គេហទំព័រក្នុងស្រុក” ក៏បានសាកសួរបន្ថែម ថា ដើម្បីនិពន្ធរឿងបុរាណមួយបានល្អ អ្នកនិពន្ធគួរត្រៀមខ្លួនអ្វីខ្លះ?
ក្នុងសំណេរដ៏វែងរបស់លោកបានរៀបរាប់ថា៖
ដើម្បីនិពន្ធរឿងបុរាណ ឬរឿងក្នុងសម័យកាលណាមួយនៃប្រទេសយើង អ្នកនិពន្ធត្រូវតែអានឯកសារសំខាន់ៗដូចជា៖
១. ប្រវត្តិសាស្រ្ត
ប្រវត្តិសាស្រ្ត ជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការចាប់ផ្តើមចំណោទបញ្ហានាមនុស្សសម័យនោះ ដើម្បីបានជាគំនិតក្នុងការបង្កើតសាច់រឿងឡើងមកឱ្យសមស្របទៅតាមស្ថានភាពជាក់ស្តែងក្នុងសម័យកាលនោះ។
២. វប្បធម៌
វប្បធម៌ គឺជាធាតុមួយយ៉ាងសំខាន់ ហើយវាមានលក្ខណៈប្លែកៗពីគ្នាទៅតាមប្រទេសនីមួយៗដែលយើងត្រូវសិក្សាស្វែងយល់។ វាជារឿងចាំបាច់សម្រាប់ការនិពន្ធ បើអ្នកនិពន្ធមិនស្គាល់ពីអ្វីដែលហៅថា វប្បធម៌របស់ខ្មែរ កុំថាឡើយតែនិពន្ធរឿងពីសម័យបុរាណកាល សូម្បីតែសរសេររឿងនាសម័យបច្ចុប្បន្ននេះក៏មានផលលំបាកផងដែរ។
៣. ចម្លាក់
សម្រាប់ក្បូរក្បាច់រចនាចម្លាក់ខ្មែរ មានទាំងអក្សរនិងរូបភាព ដែលមាននៅប្រាង្គប្រាសាទ គឺយើងត្រូវតែសិក្សា ព្រោះរាល់ចម្លាក់ទាំងនោះសុទ្ធតែជាមេរៀនសំខាន់ៗដែលបុព្វបុរសបានកត់ត្រាបន្សល់ទុកជាភស្តុតាងដល់មនុស្សជំនាន់ក្រោយជាចំណេះដឹង។
៤. ភាសាតំបន់ (សម័យកាល)
ភាសាតាមតំបន់ អ្នកនិពន្ធក៏ត្រូវតែសិក្សាដែរ ព្រោះតាមតំបន់ផ្សេងៗគ្នា សំនៀងនៃការនិយាយក៏ខុសគ្នា។ ការសិក្សាពីភាសានៅតាមតំបន់ គឺមានតម្លៃបំផុតសម្រាប់បទនិពន្ធនៅក្នុងឃ្លាសន្ទនានៅក្នុងរឿងទាំងមូល ដើម្បីស្ដាប់ទៅស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា។
គេហទំព័រក្នុងស្រុក សូមសរុបមកវិញនូវអ្វីដែលលោកអ្នកបានអាន គឺដើម្បីនិពន្ធរឿងបុរាណមួយបានល្អត្រឹមត្រូវ អ្នកត្រូវតែអាននូវ “ប្រវត្តិសាស្រ្ត សិក្សាស្រាវជ្រាវពីវប្បធម៌ ស្វែងយល់ពីចម្លាក់តាមជញ្ចាំងប្រាសាទ និងយល់ដឹងពីភាសាតំបន់” ទើបជួយបំភ្លឺការសរសេររបស់អ្នកឱ្យកាន់តែមានភាពទាក់ទាញនិងច្នៃប្រឌិតខ្ពស់៕ សូមអរគុណ!
រូបភាពប្រាសាទ៖
ថតដោយ SOVANNA KEM
កែសម្រួលអត្ថបទដោយ៖ ផល្លី
រូបថតអ្នកនិពន្ធ ជូន
ថតដោយ៖ Rath