អាថ៌កំបាំង នៃការបាត់ខ្លួនមនុស្សពីលើសំពៅ Mary Celeste ឆ្នាំ ១៨៧២

តាមពិតទៅនៅលើលោកយើងនេះគឺមានរឿងរ៉ាវអាថ៌កំបាំងរាប់មិនអស់នោះទេ ដែលគេនៅតែមិនអាចរកមូលហេតុឃើញ និងធ្វើអោយមនុស្សជាច្រើនមានការងឿងឆ្ងល់ជាខ្លាំង។ ហើយថ្ងៃនេះយើងនឹងលើកយករឿងអាថ៌កំបាំងមួយ ដែលជាប់ពាក់ព័ន្ធនឹងការបាត់ខ្លួនមនុស្សពីលើសំពៅ Mary Celeste ប្រមាណជាង ១០នាក់ កាលពីឆ្នាំ ១៨៧២ នៅក្នុងប្រទេសកាណាដា។ ហើយក្នុងនោះក៏មានពាក្យចចាមរ៉ាមថា ការបាត់ខ្លួននេះគឺដោយសារតែបិសាចសមុទ្រ ប៉ុន្តែយ៉ាងណាមិញ គេនៅតែមិនបានដឹងអំពីពត៌មានជាក់លាក់ណាមួយពីការបាត់ខ្លួនមនុស្សនៅលើសំពៅនោះឡើយ។

A1

សំពៅមួយនោះ មានឈ្មោះថា Mary Celeste គឺជាសំពៅរបស់សហរដ្ឋអាមេរិក ដែលមានកម្ពស់១០៣ហ្វីត និងទម្ងន់ ២៨២ តោន ដោយដើមឡើយ សំពៅនេះវាគឺជាសំពៅ Amazon ដែលបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៨៦១ ហើយក្រោយមកក៏ត្រូវបានគេយកមកជួសជុលនៅក្នុងឆ្នាំ ១៨៦៩ និងដាក់ឈ្មោះថា Mary Celeste ។ នៅថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ១៨៧២ សំពៅ Mary Celeste បានធ្វើដំណើរចេញពីទីក្រុងញូវយ៉ក ឆ្ពោះទៅកាន់រដ្ឋ Nova ប្រទេសអ៊ីតាលីដោយផ្ទុកពាងស្រាចំនួន ១៧០១ ពាង។ សំពៅនេះត្រូវបានបញ្ជាដោយអ្នកបើកបរសំពៅឈ្មោះថា Benjamin Briggs ជាមួយនឹងសមាជិកក្រុមចំនួន៧នាក់ និងអ្នកដំណើរ ២នាក់ទៀត ដែលត្រូវជាប្រពន្ធ និងកូនរបស់លោក Benjamin Briggs ក៏ជិះនៅក្នុងសំពៅនោះដែរ។

A2

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ ១៨៧២ អ្នកបញ្ជារបស់សំពៅមួយផ្សេងទៀត ដែលមានឈ្មោះថា Dei Gratia បានប្រទះឃើញសំពៅ Mary Celeste នៅក្នុងឈូងសមុទ្រព័រទុយកាល់។ ក្រោយពីតាមដានរយៈពេល២ម៉ោង លោក Dei Gratia អាចស្មានដឹងថាសំពៅ Mary Celeste ប្រាកដជាជួបអាសន្នអ្វីមួយមិនខាន ទោះបីជាពួកគេមិនបានផ្តល់សញ្ញាសុំជំនួយអ្វីក៏ដោយ។ លោក Dei Gratia បានបញ្ជាកូនចៅរបស់លោកដើម្បីចុះទូកសង្គ្រោះទៅជួយសំពៅ Mary Celeste ប៉ុន្តែពេលទៅដល់ពុំមានឃើញមនុស្សម្នាក់ឡើយ។

A3

យោងទៅតាមរបាយការណ៍បានអោយដឹងថា សំពៅនោះមានសភាពទទឹកសើមជោគ ប៉ុន្តែនៅតែអាចបញ្ជាអោយទៅមុខបានដដែលប៉ុន្តែនាឡិកាសំពៅគឺលែងដើរ ចំណែកឯត្រីវិស័យវិញត្រូវបានគេវាយកម្ទេចចោលថែមទៀតផង។ រឿងដ៏ចម្លែក និងធ្វើអោយមានចម្ងល់នោះគឺ អ្វីគ្រប់យ៉ាងនៅលើសំពៅគឺហាក់បីដូចជានៅថ្មីៗ សូម្បីតែនំបុ័ង និងចានស៊ុបគឺនៅក្តៅៗនៅឡើយ រីឯបំពង់ផ្សែងក៏ត្រូវបានគេត្រៀមសម្រាប់ដុតភ្លើងផងដែរ។ ប៉ុន្តែគេក៏បានឃើញដានឈាមនៅលើសំពៅ និងដាវដែលប្រលាក់សុទ្ធតែឈាមនៅក្រោមគ្រែរបស់អ្នកបញ្ជាសំពៅគឺលោក Benjamin Briggs ចំណែកផែនទីសម្រាប់មើលផ្លូវត្រូវបានហែកជាបំណែកតូចៗ ក្រៅពីនោះគឺគេមិនឃើញអ្វីដែលបន្សល់ទុកទៀតនោះឡើយ។


A4

ចម្ងល់ក៏បានកើតមានឡើងថា តើមនុស្សទាំង១០នាក់នោះបានបាត់ខ្លួនដោយរបៀបណា ប៉ុន្តែបើយោងតាមការសន្និដ្ឋានជាច្រើនបានលើកឡើងថាមកពីមឹកយក្សនៅក្នុងសមុទ្រ ចំណែកមតិផ្សេងទៀតថាមកពីជាតិអេតាណុលនៅក្នុងស្រាធ្វើអោយពួកគេរវើរវាយ រីឯអ្នកខ្លះទៀតថាមកពីអាហារដែលស្តុកទុកយូរពេកធ្វើអោយពួកគេពុល។ បន្ថែមពីលើនេះមានអ្នកនិពន្ធឈ្មោះថា Arthur Conan Doyle ម្នាក់បានសរសេររឿងខ្លីមួយ ដែលយកលំនាំតាមសំពៅ Mary Celeste នេះប៉ុន្តែដូរឈ្មោះទៅជា Marie Celeste វិញ ដែលទទួលបានការគាំទ្រ និងល្បីល្បាញយ៉ាងខ្លាំង។

A5

ម្យ៉ាងទៀតក្រោយពីព្រឹត្តការណ៍នៅឆ្នាំ ១៨៧២ សំពៅ Mary Celeste នេះគឺនៅតែអណ្តែតលើផ្ទៃសមុទ្រ អស់រយៈពេល១២ឆ្នាំមុននឹងលិចទៅ ហើយគេនៅតែរកចម្លើយមិនឃើញថាមានរឿងអ្វីកើតឡើងអោយប្រាកដ ដែលធ្វើអោយរឿងនេះនៅតែជាអាថ៌កំបាំងរហូតមកទល់សព្វថ្ងៃនេះ៕

 

ប្រភព ​៖​ បរទេស