ថង់ទឹកប្រមាត់ជាសេរីរាង្គតូចមួយនៅផ្នែកខាងស្តាំខាងលើនៃក្រពះរបស់អ្នក។ ថង់ទឹកប្រមាត់មានផ្ទុកនូវសារធាតុរាវដែលផលិត និងបញ្ចេញដោយថ្លើមហៅថាទឹកប្រមាត់។ ទឹកប្រមាត់វាមានតួនាទីជួយដល់ការរំលាយអាហារ និងបំបែកអាហារដែលមានជាតិខ្លាញ់។
ជំងឺគ្រួសក្នុងថង់ទឹកប្រមាត់អាចកើតមានឡើង ចំពោះក្រុមមនុស្សមួយចំនួនដូចជា៖
• ក្រុមមនុស្សដែលមានអាយុចន្លោះពី ២០ឆ្នាំ ទៅ៦០ឆ្នាំ
• កត្តាហ្សែន៖ ប្រសិនបើក្រុមគ្រួសាររបស់អ្នកធ្លាប់មាននរណាម្នាក់កើតជំងឺគ្រួសថង់ទឹកប្រមាត់ អ្នកនឹងមានហានិភ័យក្នុងការកើតមានជំងឺនេះផងដែរ។
• ស្រ្តីមានហានិភ័យកើតមានជំងឺគ្រួសថង់ទឹកប្រមាត់ច្រើនជាងបុរស
• ការប្រើប្រាស់ថ្នាំមួយចំនួនដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ
• ការស្រកទម្ងន់លឿនពេក
• អ្នកជំងឺទឹកនោមផ្អែម ជំងឺក្រិនថ្លើម ធាត់ខ្លាំងពេក និងជំងឺមួយចំនួនទៀត។
រោគសញ្ញាជំងឺគ្រួសថង់ទឹកប្រមាត់ ដែលអ្នកគួរកត់សម្គាល់
• ចុកនៅផ្នែកខាងស្តាំខាងលើនៃពោះ និងនៅខាងក្រោមទ្រុងឆ្អឹងជំនី
• ចុកពោះខ្លាំងរយៈពេលយូរប្រហែល១ម៉ោង ឬឈឺច្រើនម៉ោងមិនបាត់
• ឈឺ ចុកដូចជាគេយកកាំបិតចាក់ ហើយឈឺរាលដល់ខ្នង ឬស្មាផ្នែកខាងស្តាំ
• ចង្អោរ ឬក្អួត
• ក្នុងករណីអ្នកមានជំងឺនេះយូរមកហើយរហូតដល់ដំណាក់កាលធ្ងន់វានឹងធ្វើឲ្យមានរោគសញ្ញាធ្ងន់ធ្ងរជាងនេះ
វិធីការពារជំងឺគ្រូសថង់ទឹកប្រមាត់
• ញុំាអាហារដែលមានសុខភាពល្អដូចជាបន្លែ ផ្លែឈើ សាច់ត្រី គ្រាប់ធញ្ញជាតិ ប្រេងអូលីវ ស៊ុត ស្រាក្រហម និងទឹកដោះគោ
• ធ្វើលំហាត់ប្រាណ
• ជៀសវាងការសម្រកទម្ងន់លឿនខ្លាំងពេក
• ញុំាអាហារដែលសម្បូរទៅដោយជាតិកាកសសៃខ្ពស់
• រក្សាទម្ងន់ស្តង់ដារ
ប្រភព៖បរទេស