ជារឿយៗបន្ទាប់ពីញុំាអាហាររួច មនុស្សមួយចំនួនគឺតែងតែធ្វើនូវទម្លាប់ខុសៗគ្នាដូចជាជក់បារី ផឹកតែ និងគេងជាដើម។ ប៉ុន្តែប្រហែលជាអ្នកមិនដឹងនោះទេថា ការធ្វើបែបនេះគឹអាចប៉ះពាល់ដល់សុខភាព និងអាចបង្កជាបញ្ហាដល់អ្នកបាន ដូច្នេះហើយសូមកែទម្លាប់ទាំងនេះចេញដើម្បីចៀសវាងហានិភ័យទៅថ្ងៃក្រោយ។
ហើយអត្ថបទខាងក្រោមនេះនឹងបង្ហាញអ្នកអំពី ៥ ចំនុច នូវអ្វីដែលអ្នកមិនគួរធ្វើបន្ទាប់ពីទទួលទានអាហាររួច ៖
១.កុំគេង
ប្រសិនបើអ្នកគេងលក់ភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួចនោះ គឹវាមិនល្អចំពោះសុខភាពទេព្រោះអាហារមិនទាន់ត្រូវបានរំលាយទាល់តែសោះ។ ហើយការធ្វើបែបនេះគឺអាចប៉ះពាល់ទៅដល់ការរំលាយអាហារ និងក្រពះរបស់អ្នក និងជាពិសេសនោះគឺអាចធ្វើអោយអ្នកងាយក្នុងការឡើងគីឡូថែមទៀតផង។
២.ហាមជក់បារី
ការជក់បារី១ដើម បន្ទាប់ពីទទួលទានអាហារនោះគឺអាចបង្កជាគ្រោះថ្នាក់ផ្សេងៗដល់រូបរាងកាយរបស់អ្នក ដែលជាហេតុបណ្តាលអោយពេលខ្លះអ្នកមានកម្លាំងចុះខ្សោយ ល្ហិតល្ហៃ និងគេងមិនលក់ជាដើម។
៣.កុំងូតទឹក
ការងូតទឹកបន្ទាប់ពីបរិភោគអាហាររួចនោះគឺវាស្មើនឹងការពន្យារពេលនៃការរំលាយអាហាររបស់អ្នក ហើយម្យ៉ាងទៀតវាក៏មានផលប៉ះពាល់ចំពោះសុខភាពអ្នកផងដែរ។
៤.កុំញាំផ្លែឈើ
អ្នកគួរតែបរិភោគផ្លែឈើយ៉ាងហោចណាស់មួយម៉ោងមុនពេលទទួលទានអាហារ ឬពីរម៉ោងក្រោយ បន្ទាប់ពីការទទួលទានអាហាររួច។ ព្រោះប្រសិនបើអ្នកញ៉ាំវាភ្លាមៗបន្ទាប់ពីការបរិភោគអាហាររួចនោះ ក្រពះរបស់អ្នកនឹងមិនអាចរំលាយផ្លែឈើបានត្រឹមត្រូវនោះទេ។
៥.កុំផឹកតែ
ស្លឹកតែ គឺមានផ្ទុកទៅដោយជាតិអាស៊ីត ដែលវាអាចប៉ះពាល់ដល់ដំណើរការនៃការរំលាយអាហាររបស់អ្នកបាន។ ម្យ៉ាងទៀតការផឹកតែភ្លាមៗបន្ទាប់ពីទទួលទានអាហារ ក៏អាចជាផលរំខានដល់ការស្រូបយកជាតិដែកពីរូបរាងកាយរបស់អ្នកផងដែរ។ ហេតុនេះហើយសូមជៀសវាងការផឹកតែមួយម៉ោងមុនពេលទទួលទានអាហារ និងក្រោយពេលទទួលទានអាហាររួច ដើម្បីទទួលបានសុខភាពល្អ៕
ប្រភព ៖ បរទេស