ធ្វើមនុស្ស ត្រូវរៀនទទួលស្គាល់ភាពមិនសមហេតុផល នៅកន្លែងធ្វើការ

អ្វីទៅ! ជាភាពមិនសមហេតុផល? បើពន្យល់វាឱ្យច្បាស់ន័យ អាចនឹងដៅមិនចំចំណុចសំខាន់ ប៉ុន្តែវាក៏មិនពិបាកបកស្រាយឱ្យយល់ពីអត្ថន័យនោះដែរ។ ភាពមិនសមហេតុផល គឺជារឿងរ៉ាវនៃភាពអយុត្តិធម៌ ដែលមនុស្សម្នាក់ ឬច្រើននាក់មកអត្តនោម័តិថាខ្លួនគេត្រូវ ហើយយើងខុស ដោយការប្រើប្រាស់ឥទ្ធិពលណាមួយមកគ្រប់គ្រងការពិត។

ភាពមិនសមហេតុផល ដែលមនុស្សយើងជួបជាញឹកញយបំផុត គឺក្នុងអាជីពការងារ។ រៀបរាប់ពីចំណុចនេះ ខ្ញុំនឹងនិយាយដោយជឿជាក់ថា "គឺមានរឿងមិនសមហេតុផលជាច្រើន ដែលពិបាកទទួលយក" ។

"ធ្វើការឱ្យគេ វាមិនស្រួលទេ" មួយប្រយោគនេះ មនុស្សរាល់គ្នាសុទ្ធតែច្បាស់! ព្រោះក្នុងវិស័យការងារ គឺជាកន្លែងប្រជែងសមត្ថភាពគ្នាឡើងធ្វើធំនោះអី។ ហេតុនេះ វាប្រាកដណាស់! ការឆក់យកគុណសម្បត្តិ និងទាញទម្លាក់តម្លៃគ្នា ជារឿងសាមញ្ញបំផុតនៅក្នុងអាជីពមួយនេះ។

"

មនុស្សស្មោះនឹងលុយ! ធ្វើការក៏ដើម្បីលុយ! បែបនេះ​ហើយ រឿងអយុត្តិធម៌អ្វី ក៏អាចកើតមានបានដែរ។ ហេតុនេះមិនចាំបាច់រំពឹងថា អ្នកនេះនឹងជួយ អ្នកនោះនឹងជ្រោមជ្រែងនោះទេ។ ហើយក្រៅពីសមត្ថភាពផ្ទាល់ខ្លួន អ្នកចាំបាច់ត្រូវរៀនចេះអង្កេត និងអត់ធ្មត់ឱ្យបានច្រើនបំផុត។

ហើយវាក៏ចាំបាច់បំផុត ដែលអ្នកត្រូវទទួលស្គាល់ថា៖

១. មេត្រូវជានិច្ច

សូមទុកឱ្យគាត់ឈ្នះទៅ! ព្រោះថ្នាក់លើ ស្មើនឹងភាពខ្ពង់ខ្ពស់ជាងអ្នក លើសមត្ថភាពបំពេញកិច្ចការ។ គាត់គ្រាន់តែពិបាកទទួលស្គាល់ថា កូនចៅខ្លួនអាចធ្វើកិច្ចការដែលគាត់ធ្វើមិនបាន។ ពេលខ្លះ គាត់មិនចង់ឱ្យអ្នកឆ្លាតជាងគាត់ទេ សូម្បីតែមួយចំណុច។ ហើយអ្វីដែលគួរធ្វើនៅពេលនេះ គឺរក្សាការពង្រឹងសមត្ថភាព បន្តបណ្តុះបណ្តាលខ្លួនឯង កុំឈប់! ព្រោះការព្យាយាមនេះ នឹងហុចផលឱ្យអ្នកនៅថ្ងៃខាងមុខ។


២. កន្លែងធ្វើការ ពោពេញដោយកាមេរ៉ាធម្មជាតិ

ជៀសមិនផុតទេ អារឿងរាយការណ៍ពីគ្នាទៅវិញទៅមកនេះ ក្នុងវីស័យការងារ។ បើអ្នកស្ថិតក្នុងស្ថានការណ៍បែបនេះជាងញឹកញយ អ្នកចាំបាញ់ធ្វើរឿងសំខាន់។

-រក្សាចិត្តនឹងន បន្តធ្វើអ្វីដែលមិនខុសពីបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន មិនចាំបាច់បន្តជម្លាះ ឬបង្កហេតុផលតាមអ្នកនោះឡើយ។

-ការងារគឺការងារ រឿងផ្ទាល់ខ្លួនត្រូវទុកដោយឡែក ហើយកុំដោយសារតែរឿងមិនពេញចិត្តគ្នា ចោលការងារនោះទេ។ រក្សាអកប្បកិរិយាល្អបែបនេះបាន ថ្ងៃណាមួយ គុណសម្បត្តិនេះនឹងហុចផលវិញមិនខាន។ ហើយថាមិនបាន អ្នកកំពុងត្រូវបានគេ note ទុកសម្រាប់តំណែងណាមួយថែមទៀតផង (អ្នកដឹកនាំ ត្រូវតែមានចំណុចមួយនេះ)​ ។

នៅមានរឿងរ៉ាវច្រើនទៀតដែលអ្នកត្រូវជួបប្រទះ ហើយមានពេលខ្លះ គេគ្រាន់តែរកអ្នកទទួលខុសត្រូវមួយចំពោះបញ្ហាប៉ុណ្ណោះ។ ដូចនេះ​រឿងល្មមៗខ្លះ ក៏អត់ទ្រាំទទួលយកសិនទៅ កុំបាច់វែកញែករកខុស រកត្រូវ ព្រោះការប្រកែកទៅ បានតែនាំវិញនូវភាពយុត្តិធម៌ត្រឹមត្រូវអ្វីនោះទេ៕