កុំព្រមទទួលយកការត្រួសត្រាយផ្លូវជីវិត ពីនរណាដោយមិនពិចារណាពីគំនិតខ្លួនឯង

ពេលវេលាគឺជាការឆ្លុះបញ្ចាំងពីខ្សែជីវិតដែលត្រូវឆ្លងកាត់រាប់រយម៉ឺនលានហេតុការណ៍ពេញមួយឆាកជីវិត។ គ្មាននរណាម្នាក់អាចទប់ស្កាត់ រាល់អ្វីដែលប្រុងនឹងកើតឡើងបានទេ។ វាប្រៀបបានទៅនឹងគ្រោះធម្មជាតិដែលកើតមានមិនទៀង ហើយមនុស្សត្រូវតែទទួលយកវាទាំងបង្ខំយ៉ាងដូច្នេះដែរ។

មនុស្សតែងរស់នៅជាមួយនឹងការតស៊ូ អត់ធ្មត់ និងពុះពារ គឺដើម្បីតែជំនះនូវទុក្ខលំបាកដែលជីវិតបានផ្តល់ឱ្យ។ ឧបសគ្គជីវិត មិនមែនជាគ្រោះទុរភិក្សដែលចូលខ្លួនមកដើម្បីតែបំផ្លាញជីវិតនរណាម្នាក់ឡើយ តែវានេះហើយ ជាគ្រូវបង្វឹកដ៏ខ្លាំងបំផុតដែលដឹកនាំជីវិតយើងឱ្យកាន់តែប្រសើរឡើងនៅអនាគតខាងមុខ។

មិនថាអ្វីដែលមកកំណត់លើវាសនាអ្នកនោះទេ សូមចាំថា សម្រាប់ជីវិតនៅលើផែនដី រមែងជៀសមិនផុសពីគ្រោះ (ហោចណាស់ម្តងក្នុងជីវិត) គ្រាន់តែគ្រោះនោះ ធំឬតូច តាមការជួបប្រទះប៉ុណ្ណោះ។ រីឯសេចក្តីទុក្ខ ក៏មិនដែលរលាយបាត់ពីប្រាណមនុស្សដែរ វាគ្រាន់តែអាស្រ័យថាយើងនឹងដោះស្រាយវាបានដោយរបៀបណា។ ពេលខ្លះ មនុស្សប្រហែលជារកវិធីហែលឆ្លងបាន ប៉ុន្តែពេលខ្លះវាក៏បានឆក់យកអត្ថន័យជីវិតរបស់មនុស្សផងដែរ។​ ដោយសារតែភាពកំសោយរបស់ខ្លួន ការគិតយល់ និងភាពគ្មានគ្មានដំណោះស្រាយ អាចធ្វើឱ្យមនុស្សដល់ថ្នាក់ហ៊ានដាក់ទុនជីវិតទាំងងងើលទៀតក៏ថាបាន។

"

បើសិនដើរដល់ផ្លូវទាល់ច្រក តើអ្នកចង់បន្ទោសលើអ្នកណា? វាសនា? ឬព្រហ្មលិខិត?

លើលោកនេះ គ្មានអ្វីដែលអាចមកចារ ឬកំណត់លើឆាកជីវិតមនុស្សបានទេ។ គ្រប់យ៉ាងយើងមានសិទ្ធិក្នុងការជ្រើសរើស និងកំណត់វាដោយខ្លួនឯង។ កុំមើលបំណាំជីវិតអ្នកដទៃ កុំដើរតាមការត្រួតត្រាយរបស់នរណាម្នាក់ ព្រោះរឿងរ៉ាវក្នុងជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ។

អ្នកចាំបាច់ត្រូវដឹងថា ខណៈពេលនេះយើងកំពុងស្ថិតនៅលើជំនិះមួយដែលជារបស់យើង ដូច្នេះកុំអនុញ្ញាតឱ្យនរណាម្នាក់កាន់ចង្កូតនេះជំនួសអ្នក អ្នកត្រូវតែបន្តដំណើរលើផ្លូវជីវិតរបស់ខ្លួនឱ្យបានល្អ៕