មិនចាំបាច់បន្ទោសខ្លួនឯងច្រើនពេកទេ ចំពោះការបង្កើតកំហុស

គ្មានមនុស្សណាម្នាក់ដែលថាមិនចេះខុសនោះទេ នៅពេលដែលអ្នកព្យាយាមធ្វើអ្វីមួយ វារមែងនឹងកើតមានកំហុសជាក់ជាមិនខាន តែអ្វីដែលសំខាន់ត្រូវដឹងថា តើអ្នកចេះកែកំហុសនោះដែរឬទេ? បើសិនជាអ្នកចេះកែនោះ! អ្នកនឹងដឹងថា « កំហុស » គឺជាគ្រូម្នាក់ដែលកំពុងជួយបង្ហាត់បង្ហាញអ្នកឱ្យចេះស្វែងដំណោះស្រាយ និងឆ្ពោះទៅរកគោលដៅដ៏ត្រឹមត្រូវ។

មនុស្សមួយចំនួនពេលដែលខ្លួនធ្វើខុសហើយ តែងតែបន្ទោសខ្លួនឯងមិនព្រមកែប្រែឡើយ ពួកគេគិតតែរឿងមិនល្អសម្រាប់ខ្លួន បាក់ទឹកចិត្ត គិតច្រើន អស់សង្ឃឹម ទន់ខ្សោយទៅតាមអ្វីដែលខ្លួនបានសាង។

Untitled 1

"

វាជារឿងដែលមិនត្រឹមត្រូវឡើយ បើសិនជាអ្នកធ្វើខុស ហើយចេះកែប្រែកំហុសនោះឱ្យត្រូវវិញវាពិតជាប្រសើរណាស់។ បើសិនជាអ្នកដើរខុសផ្លូវហើយ ក៏ត្រលប់មកដើរឱ្យត្រូវវិញទៅមិនមែនជារឿងល្អទេឬ? អ្នកត្រូវហ៊ានទទួលស្គាល់នូវអ្វីដែលជាការពិត ព្រោះរឿងទាំងនោះជាអ្វីដែលអ្នកបានធ្វើ ហើយក៏មិនចាំបាច់បន្ទោសខ្លួនឯងច្រើនពេកដែរ។


ចូរចាំថា អ្នកអាចកែសម្រួលវាឡើងវិញបាន ហើយចាត់ទុកថាវាគ្រាន់តែជាមេរៀនមួយដែលធ្វើឱ្យអ្នកកាន់តែប្រសើរឡើងនៅថ្ងៃអនាគត។ ត្រូវព្យាយាមលើកកម្លាំងចិត្តខ្លួនឡើងវិញ បើសិនជាអ្នកសាងកំហុសដប់ អ្នកត្រូវកែប្រែឱ្យប្រសើរឡើងវិញទាំងដប់ បើអ្នកធ្វើកំហុសមួយរយ អ្នកត្រូវកែវាទាំងមួយរយឡើងដែរ កែទាល់តែគ្រប់យ៉ាងល្អឡើងវិញ ហើយប្រាប់ខ្លួនឯងថា អ្នកមិនមែនជាមនុស្សទន់ជ្រាយឡើយ បើអ្នកដួលអ្នកត្រូវតែក្រោកឡើងវិញកុំចុះចាញ់ឱ្យសោះ។

Knong Srok2

កើតមកមួយជាតិ ត្រូវតែប្រើឱ្យអស់ពីសម្ថភាពដែលអ្នកមាន។ សូមកុំបណ្តោយឱ្យភាពទន់ជ្រាយដែលខ្លួនមាន មកគាបសង្កត់លើខ្លួនអ្នកឱ្យសោះ! ចូរកុំទោទន់ទៅតាមអារម្មណ៍មិនល្អទាំងនោះឱ្យសោះ!

កុំអង្គុយកើតទុក្ខអស់សង្ឃឹមបើអ្នកជួបឧបសគ្គ! អ្នកត្រូវតែរកដំណោះស្រាយអ្វីក៏ដោយគឺកើតចេញពីទង្វើររបស់យើងផ្ទាល់ ចូរចងចាំថា « គ្មានភាពជោគជ័យណាដែលកើតចេញពីការមិនខិតខំប្រឹងប្រែងនោះទេ »