បើបានជួបមនុស្សប្រភេទនេះ សូមប្រើភាពចិត្តល្អបង្រៀនគាត់ឱ្យយល់ពីសង្គមមនុស្ស

ធ្វើអីអត់ចូលគេឯងសោះហ្មង គេដោយគេ ខ្លួនឯងដោយខ្លួនឯង ពិបាករកញាតិរាប់រកនឹងគេ មិនចុះសម្រុងនឹងអ្នកណា។ ហ្នឹងហើយដែលហៅថា ក្រៅតម្រា ព្រោះតែមិនចំណុះនឹងអ្នកណាមិនបាន ចរិតខុសគេ សន្តានខុសគេ ហើយការគិតក៏ខុសគេ។ ខុសគេរបៀបម៉េច?

ពាក្យនេះ គេច្រើនប្រើសម្រាប់តែបុគ្គលណាដែលខុសប្លែកពីមនុស្សធម្មតា មិនបានន័យថាប្លែកពីគេបែបល្អទេ តែគឺប្លែកបែបទទួលយកមករស់នៅជាមួយមនុសុ្សក្នុងសង្គមមិនបាន។

អ្នកខ្លះ អាក្រក់ណាស់! ហាស្តីម៉ាត់ណា ក៏មាក់ងាយអ្នកដទៃដែរ។ ហើយខ្លះទៀត និយាយសរសើរតែពីខ្លួនឯង មិនដែលទុកគេឯងអោយស្មើរឬលើសខ្លួនបន្តិចបានឡើយ គឺចូលចិត្តតែទាញតម្លៃគេអោយទាបជាងខ្លួន។

"

ខ្លះវិញ ថ្វីមាត់ល្អណាស់! ពូកែទ្រឹស្តី ហើយជំនាញបំផុតខាងដាក់មនោគមអ្នកនេះអ្នកនោះអោយតាមការមុសាររបស់ខ្លួន។ ក៏មានអ្នកខ្លះទៀតទៅ ស្គាល់បុណ្យស្គាល់បាបតែមិនស្គាល់គុណអ្នកដទៃដែលធ្វើមកលើខ្លួនទៅវិញ។ បុគ្គលក្រៅតម្រានេះ យើងអាចកំណត់បានថា ជាជំពូកមនុស្សដែលពិបាករាប់រក ពិបាកជឿជាក់ ហើយកាន់តែពិបាកទុកចិត្ត។ ព្រោះច្រើនតែជាមនុស្សគ្មានហេតុផល អំណួត ជឿជាក់លើខ្លួនឯងជ្រុល អាត្មានិយម និងតែងមិនដែលចាប់អារម្មណ៍ពីអ្នកណាទាំងអស់ក្រៅពីខ្លួនឯង។


(យកគុណសងទោស ឃើញសថាខ្មៅ យកខុសថាត្រូវ ខ្លួនឯងខ្លៅ តែងធ្វើជាឆ្លាត)

បើសិនជាអ្នកមានចំណុចណាក្នុងចំណោមនេះ សូមប្រយ័ត្នណា៎! ព្រោះពេញមួយជីវិតនេះមិនប្រាកដថាអាចរស់នៅម្នាក់ឯងរហូតទេ។ ចូរធ្វើខ្លួនគួរអោយស្រលាញ់សម្រាប់មនុស្សទូទៅ និងជាមនុស្សដែលស្គាល់អ្វីគួរ និងមិនគួរ។

ចុះអ្នកវិញ ត្រូវធ្វើអ្វីដែរ? បើសិនអ្នកបានជួបមនុស្សប្រភេទនេះ សូមប្រើភាពចិត្តល្អរបស់អ្នកបង្រៀនគាត់ឱ្យយល់ពីសង្គមមនុស្សដែលអ្នកកំពុងរស់នៅផង ព្រោះថាភាគច្រើននៃបុគ្គលប្រភេទនេះ ច្រើនតែជួបរឿងរ៉ាវដែលយើងនឹកស្មានមិនដល់ក្នុងជីវិតរបស់ពួកគេ៕