ការប្រើប្រាស់ពាក្យ “សព្វ សព សប់”

ពាក្យ សព្វ សព សប់ ថ្វីដ្បិតតែពាក្យទាំងបីខាងលើមានសូរសៀងដូចគ្នាពិតមែន ប៉ុន្តែការប្រើប្រាស់វាគឺខុសគ្នាដាច់តែម្ដង ហើយក៏មានមនុស្សជាច្រើនមានការភាន់ច្រលំជាច្រើនផងដែរ។ ដើម្បីចង់ដឹងពីការប្រើប្រាស់ពាក្យទាំងនេះឱ្យបានត្រឹមត្រូវ សូមមើលលើការពន្យល់ និង ឧទាហរណ៍ខាងក្រោម៖

១. សព្វ

ប្រើសំដៅបញ្ជាក់ ទាំងអស់ ទាំងស្រុង រាល់ ដង។

"

បញ្ជាក់ភាពពេញចិត្ត (សម្រាប់រាជសព្ទ)មានដូចជា សព្វព្រះរាជហឫទ័យ។

បញ្ជាក់ ភាពរួមគ្នា ប្រទល់  មានដូចជា  ប្រសព្វមុខ ទន្លេប្រសព្វគ្នា។

ឧទាហរណ៍៖

-សព្វថ្ងៃនេះបច្ចេកវិទ្យាមានតួនាទីចាំបាច់ក្នុងវិស័យការងារផ្សេងៗ។

-ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យនឹងរបាំនេះណាស់។

-ទឹកទន្លេនេះហូរទៅប្រសព្វគ្នានៅខាងមុខ១០០ម៉ែត្រ។

២. សព

សំដៅរូបបុគ្គលដែលស្លាប់ ប្រើជាមួយពាក្យ សាកសព បូជាសព ជាដើម។


ឧទាហរណ៍៖

-សាកសពអ្នកជម្ងឺកូវីដត្រូវបានបូជានៅឯវត្តអារាម។

៣. សប់

លក្ខណៈស្រូបដោយស្នប់ ប្រើជាមួយសប់ទឹក ។ វាក៏ប្រើបញ្ជាក់លក្ខណៈ​ ស្ទាត់ ឬ ជំនាញ ពេលប្រើជាមួយពាក្យ ប៉ិនប្រសប់

ឧទាហរណ៍៖

-កាលពីមុនគេប្រើស្នប់សប់ទឹក តែពេលនេះគេប្រើប្រាស់ម៉ូទ័របូមទឹកជំនួសវិញ។

-គាត់ប៉ិនប្រសប់ធ្វើម្ហូបណាស់៕

 

#ភាសាខ្មែរសម្រាប់ការនិពន្ធ

ដោយ៖ ជូននិងផល្លី