រឿងរ៉ាវដ៏រន្ធត់នៃរថយន្តក្រុងលេខ ៣៧៥ ដែលក្លាយជាការចងចាំរបស់ប្រជាជនប៉េកាំង

រឿងរ៉ាវដ៏រន្ធត់មួយកាលពីជាង ២៦ឆ្នាំមុន បានធ្វើអោយមនុស្សជាច្រើនខ្លាចរអា និង មិនអាចបំភ្លេចបានឡើយ។ ដោយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩៥ មានឧបទ្ទវហេតុដ៏គួរអោយរន្ធត់មួយ ដែលក្លាយជារឿងលួសព្រលឹងចំពោះប្រជាជនប៉េកាំងសឹងតែគ្រប់គ្នា។

A2

ដោយយប់នោះនៅក្នុងឡានក្រុងលេខ ៣៧៥ មានអ្នកបើកបរវ័យចំណាស់ម្នាក់ និង ស្រ្តីជាអ្នកលក់សំបុត្រឡានក្រុងម្នាក់ លុះពេលរថយន្តមកដល់ចំណតឧទ្យាន Yuan Yuan ក៏មានអ្នកដំណើរ ៤នាក់ ជាប្តីប្រពន្ធ២នាក់ យុវជនម្នាក់ និងលោកយាយចាស់ម្នាក់បានឡើងឡានដើម្បីធ្វើដំណើរ។ ខណៈពេលនោះប្តីប្រពន្ធទាំង២នាក់បានទៅអង្គុយនៅកៅអីផ្នែកខាងក្រោយតៃកុងឡាន ចំណែកឯលោកយាយ និង យុវជនម្នាក់នោះបានទៅអង្គុយនៅជួរកៅអីផ្នែកម្ខាងទៀត។ គួរបញ្ជាក់ផងដែរថា យប់នោះរថយន្តក្រុងលេខ ៣៧៥ គឺបានបើកសំដៅទៅកាន់ស្ថាននីយ៍ចុងក្រោយ ហើយក៏ជារថយន្តក្រុងជើងចុងក្រោយផងដែរ។ ប៉ុន្តែអំឡុងបេលដែលរថយន្តធ្វើដំណើរជិតដល់ទ្វារក្រុង ស្រាប់តែមានអ្នកធ្វើដំណើរបានរអ៊ូដោយសំលេងខ្លាំងៗថា ធម្មតាយប់ស្មាលនេះគឺគ្មានមនុស្សទេ ចុះថ្ងៃនេះចំឡែកអីបែរជាមានមនុស្សឈប់កាក់ឡានទាំងកណ្តាលអាធ្រាតទៅវិញ។

"

A3

នៅពេលនោះតៃកុងឡានក៏បានក្រលេកមើលពីចំងាយប្រហែល១០០ម៉ែត្រ ក៏ឃើញស្រមោលខ្មៅ ២នាក់ កំពុងឈរក្រវីដៃហៅឡានអោយឈប់ ស្រាប់តែស្ត្រីលក់សំបុត្របានពោលឡើងថា ណ្ហើយឈប់អោយពួកគេឡើងឡានផង ព្រោះអាកាសធាតុខាងក្រៅពិតជាត្រជាក់ខ្លាំងណាស់ ម្យ៉ាងទៀតនេះគឺជាឡានចុងក្រោយហើយ។ ភ្លាមៗនោះរថយន្តក៏ចាប់ហ្រ្វាំងឈប់ ប៉ុន្តែមិនមែនមានតែមនុស្ស២នាក់នោះទេ គឺមានរហូតដល់ទៅ ៣នាក់ ដោយក្នុងចំណោមពួកគេមានមនុស្ស២នាក់ដែលមិនបាននិយាយស្តីអ្វីនោះទេ។ ដោយពួកគេមានម្នាក់សក់សំពោងរញ៉ែរញ៉ៃអោនមុខចុះ រីឯមនុស្ស ២នាក់ទៀតមានសំលៀកបំពាក់អាវផាយដូចជាអាមាត្យរជ្ជកាលថាំងដើរឡើងមកលើរថយន្ត ស្រាប់តែពេលនោះនៅក្នុងឡានក្រុងប្តូរបរិយាកាសទៅជាស្ងប់ស្ងាត់ និង គួរឱ្យព្រឺសម្បុរ។

A4

រីឯមនុស្សក្នុងឡានក្រុងទាំងអស់ក៏បានចម្លែកចិត្តណាស់ ហើយមានភាពភ័យខ្លាចជាខ្លាំង ប៉ុន្តែឡានក៏នៅតែធ្វើដំណើរទៅមុខជាធម្មតា។ អំឡុងពេលនោះស្ត្រីអ្នកលក់សំបុត្រក៏បាននិយាយកុំអោយអ្នកធ្វើដំណើរមានភាពភ័យខ្លាចថា ប្រហែលជាអ្នកដំណើរថ្មីនោះមកថតកុនបែបបុរាណនៅជិតៗតំបន់ម្តុំនោះ។ យ៉ាងណាមិញ បរិយាកាសក្នុងឡាននោះនៅតែមានភាពស្ងប់ស្ងាត់ ហើយអ្នកដំណើរតែងតែចោលកន្ទុយភ្នែកមើលទៅកាន់មនុស្សចម្លែកទាំង ៣នាក់នោះ។ លុះរថយន្តបានបន្តដំណើរទៅដល់ផ្លូវមួយ អ្នកដំណើរ២នាក់ប្តីប្រពន្ធក៏បានចុះពីលើរថយន្ត ហើយអ្នកដែលនៅសល់ក៏បានជជែកគ្នាបន្លប់ភាពស្ងប់ស្ងាត់។ ស្រាប់តែពេលនោះលោកយាយចំណាស់បានស្រែកខ្លាំងៗ ហើយវាយទៅកាន់យុវជនដែលបានឡើងឡានដំណាលគ្នានោះថាបានលួចកាបូបលុយរបស់គាត់។ ពេលនោះការឈ្លោះប្រកែកគ្នាក៏បានកើតឡើង ហើយអ្នកបើកបរឡានក្រុងក៏បានបង្ខំពួកគេទាំងពីរនាក់នោះអោយចុះចេញពីឡានក្រុង។ ប៉ុន្តែនៅពេលពួកគេចុះពីលើឡានក្រុងហើយ លោកយាយបែរជាលែងខឹងយុវជននោះ និង បានប្រាប់បុរសនោះគាត់ធ្វើនេះគឺដើម្បីជួយសង្គ្រោះជីវិតរបស់គេទៅវិញ។

A5


ហើយលោកយាយបានពន្យល់ថា គាត់បានឃើញអ្នកដំណើរទាំង ៣ នាក់ថ្មីនោះមិនមានជើងទេ ព្រោះពួកគេមិនមែនជាមនុស្សឡើយ។ បន្ទាប់ពីជជែកគ្នារួច លោកយាយ និង យុវជននោះក៏បានទៅរកប៉ូលីសដែលនៅជិតបំផុត ដើម្បីរាយការណ៍ពីរឿងមិនប្រក្រតីនេះ ប៉ុន្តែគឺគ្មាននរណាម្នាក់ជឿពួកគេឡើយ។ លុះនៅថ្ងៃបន្ទាប់ ក្រុមហ៊ុនរថយន្តក្រុងក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា “យប់មិញនេះឡានក្រុងចុងក្រោយលេខ ៣៧៥ បានបាត់ខ្លួនរួមជាមួយអ្នកបើកបរ និង ស្ត្រីលក់សំបុត្រ”។

A6

ក្រោយមកប៉ូលីសក៏បានបើកការស៊ើបអង្កេត ហើយបានទាក់ទងទៅកាន់យុវជន និង លោកយាយចំណាស់នោះ ប៉ុន្តែក្រោយពេលដែលអ្នកទាំងពីររាយការណ៍ចប់ ប៉ូលីសបែរជាថាប្រហែលពួកគេមានជំងឺប្រសៃប្រសាទទៅវិញ។ ដោយឡែកនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៩៥ កាសែត និង ប៉ុស្ត៍ទូរទស្សន៍ស្ទើរតែទាំងអស់បានចេញផ្សាយពីហេតុការណ៍បាត់រថយន្តក្រុងនេះ។ លុះមកដល់ថ្ងៃទី១៦ ប៉ូលីសក៏បានប្រទះឃើញរថយន្តក្រុង ៣៧៥ នៅក្បែរអាងស្តុកទឹកចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីគោលដៅរបស់ប៉ុស្ត៍ប៉ូលីស ក្រុង Xiang-shan aka Fragrant Hills ចំណែកឯនៅខាងក្នុងឡានក្រុងគឺមានប្រទះឃើញសាកសពចំនួន ៣ នាក់ ដោយក្នុងមានសាកសពរបស់អ្នកបើកបរ, ស្ត្រីលក់សំបុត្រ និង ម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណដែលមានក្លិនស្អុយ និង ហើមរលួយ។

A7

ក្រោយមក អាថ៌កំបាំងជុំវិញការរកឃើញរថយន្តនេះក៏បានចោទជាចម្ងល់ ព្រោះប៉ូលីសបានរកឃើញថាធុងសាំងរបស់រថយន្តនោះគឺត្រូវបានបំពេញដោយឈាមស្រស់ជំនួសឱ្យសាំងទៅវិញ។ ហើយសាកសពដែលត្រូវបានរកឃើញដែលមិនស្គាល់អត្តសញ្ញាណនោះគឺបានរលួយយ៉ាងខ្លាំង ដែលខុសពីសាកសពអ្នកបើកឡាន និង ស្រ្តីលក់សំបុត្រ។ យ៉ាងណាមិញ ប៉ូលីសក៏បានស្វែងរកភស្តុតាងបន្ថែមនៅតំបន់នោះ ប៉ុន្តែពុំមានឃើញអ្វីប្លែកនោះឡើយ។ ហើយរឿងរ៉ាវមួយនេះក៏បានធ្វើអោយប្រជាជនប៉េកាំងទាំងអស់មានការរន្ធត់ចិត្ត និង ឆ្ងល់ជាខ្លាំង ថាតើរថយន្តក្រុងមួយនេះបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងដូចម្តេច ហើយហេតុអ្វីធ្វើបានជាសាកសពមនុស្ស៣នាក់នោះត្រូវបានស្លាប់យ៉ាងសាហាវបែបនេះ៕

A8

ប្រភព ៖ បរទេស