ប្រជាពលរដ្ឋខ្មែរគួរសរសេរអក្សរខ្មែរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ

ភាសាគឺជាអត្តសញ្ញាណជាតិមួយដែលគេប្រើសម្រាប់ប្រាស្រ័យទាក់ទងគ្នានៅក្នុងបណ្ដាប្រទេសនីមួយៗ ក្នុងនោះក៏មានប្រទេសកម្ពុជាមួយដែរដែលមានភាសាខ្មែរ ជាភាសាជាតិ។ ជាតិខ្មែរទាំងមូលត្រូវសរសេរអក្សរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ។ ប៉ុន្តែ ហេតុអ្វីប្រជាជនខ្មែរតែងតែដាក់សម្ពាធក្នុងការសរសេរអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវចំពោះអ្នកនិពន្ធខ្មែរទៅវិញ? ដូច្នេះ KnongSrok TV នឹងលើកយកហេតុផលមួយចំនួនដែលប្រជាពលរដ្ឋខ្មែរគួរតែសរសេរអក្សរខ្មែរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ៖

 

- ទី១ ក្មេងជំនាន់ក្រោយពិបាកស្វែងរកពាក្យដែលត្រឹមត្រូវ

"

មនុស្សពីមួយជំនាន់ទៅមួយជំនាន់តែងតែរៀនបន្តគ្នាមានន័យថា បើមនុស្សជំនាន់ដើមធ្វើបែបណានោះមនុស្សជំនាន់ក្រោយនឹងយកតម្រាប់តាមបែបនោះ ការប្រើប្រាស់អក្សរក៏ដូចគ្នាដែរ បើមនុស្សជំនាន់ដើមមិនសរសេរអក្សរខ្មែរឱ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធទេ ហើយសរសេរអក្សរសំនៀងបរទេស ក្មេងៗអាចនឹងយកគំរូតាម។ ជាងនេះទៅទៀត ពួកគាត់អាចនឹងពិបាកស្វែងយល់ថា តើពាក្យមួយណាដែលត្រឹមត្រូវតាមអក្ខរាវិរុទ្ធ។

Photo_2021 09 28_22 00 45

 

- ទី២ តម្លៃអក្សសិល្ប៍ខ្មែរធ្លាក់ចុះ

ការសរសេរអក្សរខ្មែរឱ្យបានត្រឹមត្រូវជាផ្នែកមួយដែលមិនអាចចខ្វះបានដើម្បីលើស្ទួយតម្លៃនៃអក្សរសិល្ប៍ខ្មែរ។ ដូច្នេះ ការលើកស្ទួយតម្លៃនៃអក្សរសាស្រ្តមិនមែនជាតួនាទីរបស់អ្នកនិពន្ធតែម្នាក់ឯងទេ វាក៏ជានាទីរបស់ប្រជាជនខ្មែរគ្រប់រូប។ ការសរសេរភាសាខ្មែរខុសអក្ខរាវិរុទ្ធអាចជារឿងធ្វេសប្រហែសដោយចៃដន្យសម្រាប់អ្នកនិពន្ធ ព្រោះចំនួនទំព័រមានចំនួនច្រើន ដោយឡែក ប្រជាជនមួយចំនួនសរសេរអក្សរតែមួយបន្ទាត់ មួយជួរនៅសរសេរមិនត្រឹមត្រូវ មិនមែនជារឿងល្អសម្រាប់ជាតិឡើយ ចំណែកមួយចំនួនទៀតចូលចិត្តសរសេរតែអក្សរសំនៀងបរទេសជាដើម។ បើយូរៗទៅ វាជាហេតុផលចម្បងដែលធ្វើឱ្យតម្លៃនៃអក្សរសិល្ប៍ខ្មែរធ្លាក់ចុះជាលំដាប់។


 

- ទី៣ បាត់បង់នូវអត្តសញ្ញាណជាតិ

នៅពេលដែលតម្លៃអក្សរសិល្ប៍ខ្មែរកាន់តែធ្លាក់ចុះបន្តិចម្ដងៗ នោះនឹងធ្វើឱ្យជាតិមួយអាចនឹងបាត់បង់អត្តសញ្ញាណរបស់ខ្លួន ស្ដាប់មើលទៅវាដូចជារឿងតូចតាចទេ ប៉ុន្តែអ្វីគ្រប់យ៉ាងគឺចាប់ផ្ដើមពីចំណុចតូចទៅចំណុចធំ។ ការថែរក្សាអត្តសញ្ញាណជាតិក៏ដូចគ្នាគឺចាប់ផ្ដើមពីម្នាក់រហូតដល់ទាំងអស់គ្នា ដូច្នេះបើយើងមិនចង់ឱ្យជាតិបាត់បង់នូវអត្តសញ្ញាណរបស់ខ្លួនគប្បីចូលរួមថែរក្សាទាំងអស់គ្នាដោយផ្ដើមចេញពីការសរសេរអក្សរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ។

Photo_2021 09 28_22 00 19

 

ដូច្នេះ KnongSrok TV សង្ឃឹមថា បងៗប្អូនៗអ្នកទាំងអស់គ្នានឹងងាកមកមើលលើបញ្ហានេះ ព្រោះវាជារឿងចាំបាច់ណាស់សម្រាប់ជាតិ តែមិនគួរដាក់បន្ទុកទៅលើតែអ្នកនិពន្ធមួយមុខទេ។ មួយវិញទៀត ក្នុងនាមជាប្រជាជនខ្មែរ យើងគួរតែថែរក្សាអត្តសញ្ញាណជាតិឱ្យបានគង់វង្ស៕

អត្ថបទ៖ ជូន x លួន ស្រីនាង