ហេតុអ្វីបានជារូបថតក្នុងសាច់រឿង ចៅស្រទបចេក ផលិតក្នុងឆ្នាំ១៩៦៤ នៅសល់ ?

យោងតាមការបង្ហោះរបស់ក្រុមអ្នកស្រាវជ្រាវ ក្រុមព្រះសុរិយា ទាក់ទិននឹង រឿង ចៅស្រទបចេក ឆ្នាំ១៩៦៤ ។

ខាងក្រោមនេះគឺជាអត្ថន័យទាំងស្រុងដែល ក្រុមព្រះសុរិយាបានរៀបរាប់៖

242571930_2970312279851217_8640780092159647303_n

"

មហាប្រិយមិត្តជាទីស្នេហានៃក្រុមព្រះសុរិយា រូបថតពីរសន្លឹកដែលបានផ្គុំបញ្ចូលគ្នាក្នុងផ្ទាំងតែមួយនេះ គឺជាឈុតមួយក្នុងខ្សែភាពយន្តបុរាណខ្មែររឿងចៅស្រទបចេក ដែលតួអង្គនាងកេសរមាលា (សម្តែងដោយនាងគីមណូវ៉ា) កំពុងសោយសោកក្នុងបន្ទប់វិមានរបស់នាងព្រោះចិត្តនាងអាណិតគិតដល់ជីវិតគូដណ្តឹងខ្លួនដែលកំពុងរស់រងទុក្ខវេទនា និងមិនព្រមទទួលការស្រឡាញ់ពីនាង។

ខ្សែភាពយន្តរឿង ចៅស្រទបចេកនេះ បានផលិតជាខ្សែភាពយន្តក្នុងឆ្នាំ១៩៦៤ ដោយផលិតកម្ម ព្រះខាន់ពេជ្រភាពយន្ត ដែលមានលោក លី វ៉ា ប្អូនប្រុសបង្កើតនៃលោកលីប៊ុនយីមជាអ្នកដឹកនាំរឿង។

១

រូបថតពីរសន្លឹកនេះ បើនិយាយអោយច្បាស់ដោយសច្ចភាព ពុំមាននរណាមានក្រៅពីលោកអ៊ំ កែវ ស៊ីណន ដែលអាចរក្សាទុកបានឡើយ នេះក៏ដោយសារតែ វីរភាព និងមនោសញ្ចេតនាស្នេហាប្តូរផ្តាច់លើឯកសារចម្រៀង និងភាពយន្តខ្មែររបស់លោកអ៊ំ កែវ ស៊ីណន ទេីបលោកអ៊ំរក្សារូបនេះ និងរូបឯទៀតជាច្រើនទុកបាន ទោះបីជាប្រថុយគ្រោះថ្នាក់យ៉ាងណាក៏ដោយ តួយ៉ាងដំណេីរឆ្លងកាត់ព្យុះមហាសង្ឃរានៃភ្លើងសង្គ្រាម ពិសេសក្នុងរបបវាលពិ.ឃា.ដខ្មែរក្រហមដ៏សា.ហា.វយង់ឃ្នងនោះតែម្តង។

១២

Capture


ប្រវត្តិនៃការរក្សាទុករូបនេះ គឺលោកអ៊ំ កែវ ស៊ីណន បានទទួលពីមិត្តភកិ្តរបស់លោកអ៊ំតាំងពីពេលភាពយន្តនេះបញ្ចាំងភ្លាមៗនៅរោងភាពយន្តហេមជាតិ ហើយលោកអ៊ំក៏យករូបនេះរក្សាទុកយ៉ាងស្អាតដាក់ក្នុងអាល់ប៊ុមរូបថតភាពយន្តជាមួយរូបថតផ្សេងៗទៀត។

ក្នុងសម័យសង្គ្រាមរវាងទាហានលន់នល់ និងខ្មែរក្រហម លោកអ៊ំរត់ភៀសខ្លួនតែងតែយករូបថតទាំងនេះទៅជាមួយជានិច្ច ហើយពេលខ្លះមិនខ្វល់ពីអង្ករ ស្បៀងអ្វីឡើយ គឺលោកអ៊ំស្រវ៉ាយកតែរូបថតទាំងនេះមកជាមួយសិន ទើបយកអង្ករស្បៀងអាហារមកតាមជាក្រោយ។

លុះមកដល់របបពួកបិសាចខ្មែរក្រហម លោកអ៊ំបានយករូបថតទាំងនេះ ទៅកប់ទុកក្នុងដី ដោយកប់ជាមួយធុងដែក និងហិបមួយដើម្បីរក្សាកុំអោយខូច រឺមានទឹកចូល។ លុះរបបខ្មែរក្រហមបញ្ចប់ទៅ លោកអ៊ំ ក៏គាស់យកឯកសារទាំងនោះមករក្សាទុកជាប់និងខ្លួនបន្ត ហើយបន្តរហូតមកដល់សព្វថ្ងៃតែម្តង។

នៅឆ្នាំ២០១៤ ក្រុមព្រះសុរិយាមានវាសនាបានទៅជួបលោកអ៊ំ ផ្ទាល់នៅគេហដ្ឋានលោកអ៊ំ ហើយបានទទួលរូបនេះមកស្កេនដោយទទួលបានការអនុញ្ញាតផ្សព្វផ្សាយ និងរក្សាទុកត្រឹមត្រូវ ហើយកន្លងទៅរូបថតនេះក្រុមព្រះសុរិយាក៏បានចែកជូនប្រិយមិត្តមួយចំនួន និងបង្ហោះផ្សាយជាហូរហែសុទ្ធតែបញ្ជាក់ប្រាប់ថាបានមកពី លោកអ៊ំ កែវ ស៉ីណនជានិច្ច តែគួរអោយស្តាយណាស់ ដោយបានត្រូវបងប្អូនអ្នកស្នេហាមរតកភាពយន្តភ្លេចឈ្មោះអ្នករក្សាទុក ឬមួយស្មានតែជារបស់ខ្លួនឯងផងក៏មិនដឹង។

កាលណាបើឃើញរូបទាំងពីរនេះ សូមបងប្អូនទាំងឡាយដែលយកទៅផុសផ្សាយបន្តមេត្តាដាក់នាមអ្នករក្សាទុកផង ព្រោះវីរភាពរបស់លោកអ៊ំមានតម្លៃណាស់សម្រាប់មរតកឯកសារខ្មែរយើងក្នុងនាមលោកអ៊ំជាអ្នករក្សាទុកម្នាក់ បើសិនជាលោកអ៊ំពុំរក្សាទុកទេ ម្ល៉ោះរូបទាំងនេះប្រាកដជាវិនាសបាត់បង់ជាមិនខាន។ ហេតុនេះ សូមបងប្អូនទាំងឡាយមេត្តាទទួលស្គាល់ និងគោរពវីរភាពរបស់អ្នករក្សាទុកផង។

បងប្អូនអាចស្តាប់បទអធិប្បាយរឿង ចៅស្រទបចេក នេះដែលក្រុមព្រះសុរិយាបានផលិតជាវីដេអូឯកសារយ៉ាងលំអិត និងចេញផ្សាយតាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១រួចទៅហើយ។

គួរបញ្ជាក់ផងដែរថា ក្នុងឈុតដដែរនេះ ក្រុមព្រះសុរិយាក៏មានរូបថតមួយសន្លឹកទៀតដែលមានទម្រង់ផ្សេងគ្នាពីរូបទាំងពីរ ដោយក្រុមព្រះសុរិយាបានទទួលពីបងប្អូនរបស់លោកស្រីគីមណូវ៉ាផ្ទាល់។

ប្រភព៖ ក្រុមព្រះសុរិយា