វីរុស Covid-19 មិនត្រឹមតែជាវីរុសដែលរាលដាលខ្លាំងជុំវិញពិភពលោកដែលធ្វើឱ្យមនុស្សឆ្លងវីរុស និងបាត់បង់ជីវិតប៉ុណ្ណោះទេ សូម្បីតែប្រជាជនដែលត្រូវតម្រូវឱ្យស្នាក់នៅក្នុងផ្ទះដើម្បីបង្ការពីការឆ្លងរាលដាលនៃវីរុសនេះ ក៏រងផលប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃផងដែរ ដោយមិនថាតែប្រទេសជឿនលឿន និងប្រទេសកំពុងតែអភិវឌ្ឍន៍ទេ គឺសុទ្ធសឹងតែមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញាវត្ថុទាំងអស់គ្រាន់តែតែតិច ឬច្រើនប៉ុណ្ណោះ។
តែអ្វីដែលគួរឱ្យសោកស្តាយ ចំពោះប្រទេសអាឡឺម៉ង់ ព្រោះតែវិបត្តិវីរុស Covid-19 នេះប៉ះពាល់ដល់សេដ្ឋកិច្ច និងមានវិបត្តិដល់ហិរញ្ញវត្ថុរដ្ឋនោះ ក្លាយជាបន្ទុកដែលគ្រប់គ្រងលែងបាន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាឡឺម៉ង់បានសម្រេចចិត្តធ្វើអត្តឃាតកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២០នេះ។
សាកសពរបស់លោក Thomas Schafer រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាឡឺម៉ង់ ដែលមានអាយុ ៥៤ឆ្នាំ ត្រូវបានរកឃើញនៅលើផ្លូវរថភ្លើងក្បែរទីក្រុង Frankfurt ដោយតាមសេចក្តីរាយការណ៍ពីប៉ូលីសជំនាញបានឱ្យដឹងថា ករណីនៃការបាត់បង់ជីវិតរបស់រដ្ឋមន្ត្រីរូបនេះគឺជាករណីធ្វើអត្តឃាត ដោយថែមទាំងរកឃើញពីលិខិតបណ្តាំមរណៈបន្សល់ទុកផងដែរ។
លោក Thomas Schafer ត្រូវបានគេដឹងថា បានធ្វើជារដ្ឋមន្ត្រីនៃក្រសួងហិរញ្ញវត្ថុរយៈពេលជិតមួយទសវត្សមកហើយ ហើយថ្មីៗនេះលោកមានទុក្ខកង្វល់ជាខ្លាំងក្នុងការគ្រប់គ្រង និងទប់ទល់នៃវិបត្តិសេដ្ឋកិច្ច ក្នុងរដ្ឋ Hesse ដែលបណ្តាលមកពីវីរុស Covid-19 ។ លោកមានការខកចិត្តនឹងខ្លួនឯងជាខ្លាំង ដោយលោកមិនមានសមត្ថភាពដើម្បីបំពេញនូវតម្រូវការដ៏ធំរបស់ប្រជាជន ជាពិសេសទាក់ទងនឹងជំនួយផ្នែកហិរញ្ញវត្ថុ ដែលលោកមិនអាចមានផ្លូវណាមួយដោះស្រាយបានឡើយ ហើយនេះក៏ជាមូលហេតុដ៏ចម្បងដែលធ្វើឱ្យលោកសម្រេចចិត្តលាចាកពីលោកយើងនេះ ៕
ប្រភព៖ NYDaily