គិតតាំងពីការផ្ទុះវីរុសកូរ៉ូណាថ្មី Covid-19 ដែលផ្ទុះចេញពីទីក្រុងវូហាន ប្រទេសចិន កាលពីខែធ្នូ ចុងឆ្នាំ ២០១៩ មកទល់ថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ នេះ វីរុស Covid-19 ថ្មី ដែលជាវីរុសរាតត្បាតរាលដាលលើប្រទេសជាច្រើនក្នុងពិភពលោក មានឆ្លងសរុបទូទាំងពិភពលោក បានកើនដល់ 1,030,520 ករណីហើយ ដោយមនុស្សចំនួន 54,226នាក់បានស្លាប់ និងមនុស្សចំនួន 220,031 នាក់បានជាសះស្បើយ នេះបើយោងតាមតារាងទិន្នន័យរបស់ Worldometers (សូមចុចលីងមួយនេះសម្រាប់ទិន្នន័យជាក់ស្តែងដែលមានការកើនឡើងជាបន្តបន្ទាប់) ។
នៅក្នុងចំណោមករណីរាលដាលក្នុងប្រទេសជាច្រើននោះ កាលពីដំបូងប្រទេសចិន គឺជាប្រទេសដែលនាំមុខគេមានអ្នកឆ្លង និងស្លាប់ជាច្រើននាក់ តែរហូតពេលនេះប្រទេសអាមេរិចត្រូវបានគេដឹងថាជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេលំដាប់ទី ១ ឯលំដាប់ទី ២ ក្នុងពិភពលោក និងលំដាប់ទី១ ក្នុងតំបន់អឺរ៉ុបឯណោះវិញ គឺជាប្រទេសអុីតាលី ។
គួរឱ្យដឹងផងដែរថា អត្រាមរណៈនៃករណិអ្នកឆ្លងវីរុស Covid-19 នេះភាគច្រើនទៅលើក្រុមមនុស្សដែលមានវ័យចំណាស់ និងក្រុមអ្នកដែលមានជំងឺប្រចាំកាយស្រាប់ដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយដែលមិនទ្រាំទ្រនឹងវីរុសផ្លូវដង្ហើមធ្ងន់ធ្ងរមួយនេះបាន។
សូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 នេះដោយឧស្សាហ៍លាងសម្អាតដៃនឹងសាប៊ូឱ្យបានស្អាត ឬប្រើអាល់កុល និងជែលលាងដៃស្ងួតក៏បាន ជាពិសេសត្រូវទទួលទានអាហារសម្បូរជីវជាតិ និងវីតាមីនគ្រប់គ្រាន់ដូចជាបន្លែ ផ្លែឈើ គេងឱ្យបានគ្រប់គ្រាន់ ហើយត្រូវតែពាក់ម៉ាស់ឱ្យជាប់រាល់ពេលចេញទៅខាងក្រៅ ចៀសវាងទីប្រជុំជន និងបើមិនចាំបាច់សូមកុំចេញពីផ្ទះឱ្យសោះ៕