ពិតជាគួរឱ្យភ្ញាក់ផ្អើល និងប្លែកខុសពីគេមែន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសរាតត្បាត Covid-19 ប្រទេសបេរុ និងប៉ាណាម៉ា បានចេញច្បាប់គោចរថ្មី ដោយដាក់វេនឆ្លាស់គ្នាចេញទៅក្រៅផ្ទះរវាងប្រុស និងស្រីដាច់ដោយឡែកផ្សេងគ្នា។
នៅក្នុងនោះលោកប្រធានាធិបតី Martin Vizcarra នៃប្រទេសប៉េរូ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា វិធានការថ្មីនឹងចាប់ផ្ដើមចាប់ពីពេលនេះ ក្នុងប្រទេសប៉េរូ រហូតដល់ថ្ងៃទី ១២ ខែមេសា ដោយមិនអនុញ្ញាតឱ្យបុរស និងស្ដ្រី ចេញទៅក្រៅនៅថ្ងៃជាមួយគ្នាទេ ដោយបុរសអាចចេញទៅក្រៅបាន នៅថ្ងៃចន្ទ ពុធ និងសុក្រ ឯស្ត្រីអាចចេញទៅក្រៅបាននៅថ្ងៃអង្គារ ព្រហស្បតិ៍ និងសៅរ៍ ។ ដោយប្រទេសប៉េរុ នៅពេលនេះ មានករណីឆ្លងចំនួន ១,៤១៤ នាក់ និងមានមនុស្សស្លាប់ចំនួន ៥៥ នាក់។
ច្បាប់ថ្មីនៃប្រទេសប៉េរូ ពេលនេះបានបង្កើតឡើងពីរថ្ងៃ បន្ទាប់ពីប្រទេសប៉ាណាម៉ាបានចាប់ផ្ដើមរឹតត្បិតចលនាដោយយេនឌ័រ នេះដូចគ្នាក្នុងការចែកវេនឆ្លាស់គ្នាចេញទៅក្រៅផ្ទះរវាងបុរស និងស្រ្តី ដោយលើកហេតុផលថា វិធានការនេះជំរុញឱ្យមនុស្សគ្រប់គ្នាឆាប់វិលត្រឡប់មកផ្ទះវិញ ដោយសារតែមនុស្សជាទីស្រលាញ់របស់ពួកគេមិនបានចេញក្រៅជាមួយគ្នា ហើយនេះជាផ្នែកមួយនៃយុទ្ធសាស្រ្តប្រតិបត្តិការ ដែលអាចកាត់បន្ថយការរីករាលដាលនៃវីរុស Covid-19 ។ ដោយគិតមកទល់ពេលនេះប្រទេស ប៉ាណាម៉ា មានករណីឆ្លងវីរុសចំនួន ១.៣១៧ ករណី និងមានមនុស្សស្លាប់ចំនួន ៣២ នាក់ហើយ៕
ប្រភព៖ Reuters