ដោយសារតែវីរុស Covid-19 កាន់តែមានសភាពធ្ងន់ធ្ងរ ជាពិសេសរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសប៉ែកអឺរ៉ុប និងអាមេរិច កង្វះខាតម៉ាស់ការពារបានក្លាយទៅជាបញ្ហាធ្ងន់ធ្ងរ ដែលអាចប្រឈមឱ្យប្រជាជន និងក្រុមគ្រូពេទ្យមានហានិភ័យឆ្លងវីរុសនេះខ្ពស់បំផុត។ ដោយកាលពីមុន WHO ឱ្យប្រើប្រាស់ម៉ាស់សម្រាប់តែអ្នកសង្ស័យថាខ្លួនមានជំងឺ និងអាការសង្ស័យតែប៉ុណ្ណោះ តែវិធានការសន្សំសំចៃមួយនេះហាក់ធ្វើឱ្យមានការរាលដាលជាខ្លាំងនៃវីរុសកាចសាហាវ Covid-19។
តែថ្មីៗនេះផងដែរ WHO បានប្រកាសហើយថាមនុស្សគ្រប់គ្នាគួរតែពាក់ម៉ាស់ការពារទាំងអ្នកឈឺ និងអ្នកមានសុខភាពធម្មតា ដោយមន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក បានប្រាប់អ្នកសារព័ត៌មានថា វីរុស COVID-19 អាចឆ្លងតាមរយៈខ្យល់អាកាសបាន ពីព្រោះឥឡូវនេះវាបានចម្លងទៅកាន់មនុស្សជាង ១លាននាក់ និងបានសម្លាប់មនុស្សជាង ៥០,០០០ នាក់ហើយនៅទូទាំងពិភពលោក ចាប់តាំងពីវីរុសនេះបានលេចឡើងដំបូងនៅប្រទេសចិនកាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។
ហេតុនេះហើយ អង្គការសុខភាពពិភពលោក WHO បានប្រកាសថាគ្រប់គ្នាអាចពាក់ម៉ាស់ការពារគ្រប់ប្រភេទ ទាំងម៉ាស់ក្រណាត់ដែលធ្វើឱ្យដៃ ព្រោះវាក៏អាចកាត់បន្ថយការឆ្លងរាលដាលបានផងដែរ តែសម្រាប់ម៉ាសពេទ្យ ឬហៅថា Surgical Mask គួរតែត្រូវបានផ្តល់អាទិភាពសម្រាប់បុគ្គលិកសុខាភិបាលជួរមុខដែលជាអ្នកដែលប្រឈមនឹងវីរុសនេះជាងគេជាអ្នកប្រើប្រាស់។
ទោះជាយ៉ាងណា កត្តាជំរុញដ៏សំខាន់ នៃការឆ្លងរាតត្បាតយ៉ាងឆាប់រហ័សនៃជំងឺ COVID-19 នេះត្រូវបានគេជឿជាក់ថា តាមរយៈដំណក់ទឹកតូចៗរបស់ក្អក ឬកណ្តាស់របស់អ្នកជំងឺ ដែលនៅលើស្រទាប់វត្ថុនានា ឬការប៉ះពាល់មនុស្សដទៃទៀតដោយផ្ទាល់ ដូច្នេះក្រៅពីការពាក់ម៉ាស់ដែជារឿងចាំបាច់នោះ យើងត្រូវតែលាងសម្អាតដៃឱ្យបានញឹកញាប់ និងរក្សាគម្លាតពីគ្នាផងដែរ៕
ប្រភព៖ ChanelNewsAsia