មានមតិជាច្រើនបានខ្វែងគំនិតគ្នា និងឈ្លោះប្រកែកគ្នា រឿងទេវតាឆ្នាំថ្មីដែលយាងមកគ្រប់គ្រងដែនដីកម្ពុជរដ្ឋកម្ពុជា ឆ្នាំ ២០២០ នេះ ដោយទ្រង់គង់លើយានជំនិះជាសត្វខ្លា តែមានអ្នកមិនទាន់ដឹងច្បាស់មួយចំនួនបានរិះគន់ថា ហេតុអ្វីបានជាទេវតាឆ្នាំថ្មីឆ្នាំកណ្តុរមិនគង់លើសត្វកណ្តុរ?
ជាការពិតណាស់ ទេវតាឆ្នាំថ្មីនេះហើយជាតាំងនាមឱ្យទេវតាសត្វកណ្តុរនោះ តែយាងជំនិះគឺជាការកំណត់ទៅតាមព្រះនាងតាមថ្ងៃដែលទ្រង់យាងមកគ្រប់គ្រងដែនដី ដែលបានចារតាំងពីបុរាណមកម្ល៉េះ មិនមែនទេវតាឆ្នាំអ្វី ទ្រង់យាងគង់លើសត្វមួយនោះនោះឡើយ សូមកុំភាន់ច្រលំ។
ដូច្នេះថ្ងៃនេះ « ក្នុងស្រុក » សូមធ្វើការដកស្រង់ការបកស្រាយទាក់ទងនឹងទេវតាឆ្នាំថ្មីឆ្នាំ ២០២០ ដែលចម្លងទាំងស្រង់ចេញពីផេក វប្បធម៌ខ្មែរ Khmer culture) និង Vothana-Sak art ដូចខាងក្រោមនេះ ៖
ទេពធីតាមហាសង្រ្កានឆ្នាំថ្មី ឆ្នាំ ២០២០ ដែលត្រូវជាឆ្នាំជូត មានព្រះនាមថា ព្រះនាង (គោរាគទេវី) ជាបុត្រីទី២នៃកបិលមហាព្រហ្ម ដែលត្រូវយាងចុះមកបន្តដំណែងថែរក្សារជម្ពូទ្វីបបន្ទាប់ពីទេវតាឆ្នាំចាស់ នឹងចូលមកដល់នៅថ្ងៃ ចន្ទ័ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ២០២០ វេលាម៉ោង ២០:៤៨ នាទីយប់។
-ទ្រង់អម្ពរ (សំពត់ពណ៍លឿង ឬពណ៍លឿងស្រង៉ែ )
-សៀតផ្កាអង្គារ៍បុស្បនៅព្រះការណ៍(ត្រចៀក)
-អាភរណៈ(ម្កុដ)កែវមុត្តា(គុជខ្យង)
-ភក្សាហារ ទ្រង់សោយ តេលំ (ប្រេងល្ង)
-ព្រះហស្ថស្តាំទ្រង់ព្រះខ័ន ព្រះហស្ថឆ្វេងទ្រង់យដ្ធិ(ឈើច្រត់)
-គង់ផ្ទុំបើកព្រះនេត្ររំពៃលើខ្នងព្យគ្ឃ (ស្ដេចខ្លាដំបង)
(ដោយរូបភាពខាងលើនេះផ្សាផ្ជាប់ទៅនឹងវប្បធម៌ដើមនាសម័យចតុមុខ នឹងចង់លើកយកឈុតផ្សេងៗគ្នាពីសម័យកាលនីមួយៗនូវក្នុងព្រះរាជាណាចក្រកម្ពុជា នឹងចង់ឲមនុស្សគ្រប់គ្នាបានស្គាល់នៅរបស់ទាំងអស់នោះ)
# ហេតុអ្វីយានជំនិះទេវតា ខុសពីពង្សធាតុនៃទេវតា?
គ្រប់គ្នាតែងតែគិតថារាល់ពេលចូលឆ្នាំទេវតាដែលទ្រង់នឹងយាងចុះមកគ្រងជម្ពូរទ្វីបតែងមានយានជំនិះជាសត្វតំណាងអោយឆ្នាំនោះ
ឧទាហរណ៍៖
ឆ្នាំជូតជិះកណ្តុរ
ឆ្នាំឆ្លូវជិះគោ
ឆ្នាំខាលជិះខ្លា...
តែការពិតមិនដូច្នោះឡេីយព្រោះថាបុត្រីកបិលមហាព្រហ្មមានតែ៧អង្គប៉ុណ្ណោះ។ ទេពធីតាទាំង៧អង្គនោះទ្រង់មានយានជំនិះរបស់ខ្លួនដែលមិនមែនសត្វទាំង១២ឡេីយ។
ខាងក្រោមនេះជាយានជំនិះទៅតាមព្រះនាមរបស់ទេពធីតាទាំង៧អង្គ៖
•ថ្ងៃអាទិត្យទេវតានាមនាង ទុង្សាទេវី ដែលមានយានជំនិះជាសុបណ្ណរាជ (ស្តេចគ្រុឌ)
•ថ្ងៃចន្ទទេវតានាមនាង គោរាគទេវី ដែលមានយានជំនិះជាព្យគ្ឃ: (ខ្លាធំ)
•ថ្ងៃអង្គារ៍ទេវតានាមនាង រាក្យសាទេវី ដែលមានយានជំនិះជាអស្សតរ (សេះ) ឬ សុករ: (ជ្រូក)
•ថ្ងៃពុធទេវតានាមនាង មណ្ឌាទេវី ដែលមានយានជំនិះជាគទ្រភ (លា)
•ថ្ងៃព្រហស្បត្តិ៍ទេវតានាមនាង កិរិណីទេវី ដែលមានយានជំនិះជាគជសារ (ដំរី)
•ថ្ងៃសុក្រទេវតានាមនាង កិមិរាទេវី ដែលមានយានជំនិះជាមហិសារាជ (ស្តេចក្របី)
•ថ្ងៃសៅរ៍ទេវតានាមនាង មហោទរាទេវី ដែលមានយានជំនិះជាមយូរ (ក្ងោក)
ជាតួយ៉ាងដូចជាទេវតាមហាសង្ក្រាន្តឆ្នាំថ្មីឆ្នាំនេះនឹងចូលមកដល់នៅវេលាម៉ោង២០:៤៨នាទីយប់ ថ្ងៃចន្ទ័ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ២០២០ ។
ពេលនោះព្រះអាទិត្យចរចេញពីមីនរាសី ទៅឋិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនូវព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អាភរណៈទ្រង់ពាក់កែវមុក្តា(គុជខ្យង) ភក្សាហារទ្រង់សោយតេលំ(ប្រេងរុក្ខជាតិ)ទ្រង់អាវុធ
ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់យដ្ឋិ គង់ផ្ទំបើកព្រះនេត្រលើខ្នង ព្យគ្ឃ ជាពាហនៈ (សត្វខ្លា)។
អត្ថបទដោយ៖ ទេវធីតាសង្ក្រាន្ត នឹង កែសម្រួលដោយ (វប្បធម៌ខ្មែរ Khmer culture)
រូបភាពផ្តល់សិទ្ធដោយ៖ Vothana-Sak art