Gong Yoo គឺជាតួសម្តែងប្រុសដ៏ស្រស់សង្ហា មានសមត្ថភាពសម្តែងដ៏អស្ចារ្យ និងមានប្រជាប្រិយភាពខ្លាំងក្នុងចិត្តអ្នកគាំទ្រជាច្រើនប្រទេស បើទោះបីជាមានវ័យជ្រេបន្តិចក៏ដោយ ហើយលោកក៏តែងតែទទួលបាននូវការសម្តែងខ្សែភាពយន្តជាបន្តបន្ទាប់ដែលសុទ្ធសឹងតែភាពយន្តល្បីទាំងអស់។
ក្រោយពីបានទទួលភាពជោគជ័យយ៉ាងខ្លាំងជាមួយនឹងខ្សែភាពយន្តជាច្រើន ជាពិសេសរឿង Goblin កាលពី៣ឆ្នាំមុននោះ ពេលនេះ Gong Yoo ត្រូវបានដឹងថាប្រកាសជាផ្លូវការនូវការត្រលប់មកវិញរបស់ខ្លួនជាមួយនឹងខ្សែភាពយន្តថ្មី ចំណីអារម្មណ៍ប្លែកបែបវិទ្យាសាស្រ្តច្នៃប្រតិដ្ឋ Sci-Fi មានចំណងជើងថា « The Sea of Silence » ។
សាច់រឿង « The Sea of Silence » ដ៏ថ្មីសន្លាងមួយនេះ នឹងនិយាយពីផែនដីនាពេលអនាគត ដែលកំពុងតែជួបប្រទះនូវភាពអត់ឃ្លានខ្វះខាតទាំងទឹក និងចំណីអាហារ ដោយសារតែផែនដីស្រាប់តែរងគ្រោះបែកក្រហែងជាខ្លាំង ដែលនេះអាចនឹងធ្វើឱ្យជីវិតមនុស្សមួយផែនដីរងគ្រោះ ឬបាត់បង់ពូជសាសន៍មនុស្សតែម្តង។
ហេតុនេះហើយក្រុមអ្នកវិទ្យាស្ត្រមួយក្រុម ដែលមាន Gong Yoo ដើរតួសម្តែងជាតួអង្គ Yunjae ជាមេទាហានដឹកនាំទីភ្នាក់ងារអវកាស នឹងធ្វើការដឹកនាំក្រុមធ្វើដំណើរឆ្ពោះទៅភពព្រះចន្ទ ដើម្បីយកគំរូអាថ៌កំបាំងមួយចំនួនសម្រាប់ការធ្វើពិសោធន៍ ស្រោចស្រង់ភពផែនដី។
គួរឱ្យដឹងផងដែរថា ខ្សែរឿងភាគស៊េរីដែលនឹងធ្វើការដាក់បញ្ចាំងលើ Netflix នេះនឹងមានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូប រួមទាំងតារាសម្តែងប្រុសល្បី Jung Woo Sung ផងដែរ តែចំណែកតួឯកស្រីមិនទាន់មានអ្នកទម្លាយឱ្យដឹងនៅឡើយនោះទេ ដែលអាចជាតារាស្រី Bae Doona ដោយស្ថិតនៅក្នុងការពិចារណា។ ហើយរឿង « The Sea of Silence » នេះដែរ គឺជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធឆ្នើមល្បី Park Eun Kyo ដែលធ្លាប់បានសាងស្នាដៃជាមួយខ្សែភាពយន្តល្បីរឿង Mother កាលពីឆ្នាំ ២០០៩ នឹងដំណើរការថតជាផ្លូវការនៅក្នុងខែសីហា ឆ្នាំ ២០២០ នេះ ៕