មួយរយៈមុននេះ ពហុកីឡដ្ឋានអូឡាំពិក បាននឹងកំពុងតែស្ថាបនាអាងហែលទឹកខ្នាតអន្តរជាតិ ហើយពេលនេះផងដែរ ការជួសជុលបានរួចរាល់ ១០០% ហើយ។
រូបភាពជាច្រើនជាមួយនឹងរូបរាងអាងហែលទឹកថ្មី ត្រូវបានបង្ហោះជាផ្លូវការនៅក្នុងផេកហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយអាងហែលទឹកនេះត្រូវបានជួសជុល និងពង្រីកបន្ថែម ដែលមានបណ្ដោយប្រវែង ៥០ម៉ែត្រ និងទទឹងប្រវែង ២៥ម៉ែត្រ និងមាន១០បន្ទាត់ ជាខ្នាតអន្តរជាតិ សាងសង់ដោយក្រុមហ៊ុន Shanghai Construction ដោយប្រើប្រាស់រយៈពេល១៨ខែ និងចំណាយថវិកាជិត៣លានដុល្លារអាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction បំពាក់ដោយម៉ាស៊ីនបូម និងម៉ាស៊ីនចម្រោះទឹកថ្មីៗ បន្ទប់សម្រាប់ដាក់ឧបករណ៍ បន្ទប់បញ្ជាឧបករណ៍អេឡិចត្រូនិក ផ្ទាំង LED សាលហ្វឹកហាត់សាច់ដុំ សាលប្រជុំ បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងកៅអីជាង ១៦០០ សម្រាប់អង្គុយទស្សនា។
ក្នុងនោះដែរ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យមើលអាងហែលទឹកនៅពហុកីឡដ្ឋានអូឡាំពិក ក្រោយពីជួសជុលរួច១០០ភាគរយ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនសាងសង់ សមាជិកសមាជិកាសហព័ន្ធ និងកីឡាករ កីឡាការិនីជាច្រើនរូបផងដែរ៕