រយៈកន្លងមក អាមេរិច ហាក់មានការថ្នាំងថ្នាក់ជាខ្លាំងចំពោះករណី Covid-19 រហូតដេញដោលយកជាផ្លូវនយោបាយ និងដកហូតថវិកាជំនួយដល់អង្គការសុខភាពពិភពលោក WHO ។
ស្រាប់តែថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ថា រដ្ឋាភិបាលចិនបានសម្រេចបរិច្ចាកថវិកាដល់ទៅ ៣០ លានដុល្លារអាមេរិក ដល់អង្គការសុខភាពពិភពលោក (WHO) ដោយជំនួយហិរញ្ញវត្ថុនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងប្រព័ន្ធសុខាភិបាល។
ដោយ អង្គការសុខភាពពិភពលោក ដែលមានលោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មដោយផ្អែកលើវិទ្យាសាស្ត្រ និងជំហរយុត្តិធម៌ ហើយបានដើរតួយ៉ាងសំខាន់ក្នុងការជួយប្រទេសនានា ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃ Covid-19 ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺនេះដែរ។
គួរឱ្យដឹងផងដែរថា កន្លងមក នៅក្នុងខែមីនា រដ្ឋាភិបាលចិនក៏បានបរិច្ចាកថវិកាចំនួន ២០ លានដុល្លារអាមេរិក ដល់អង្គការ WHO នេះដែរ ដើម្បីគាំទ្រដល់ការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការផ្ទុះឡើងនៃវីរុស Covid-19 >
ប្រភព៖ CNA