#ប្រពន្ធមិនមែនជាអ្នកបម្រើទេ #ប្ដីមិនមែនជាភ្ញៀវក្នុងគ្រួសារទេ #ប្ដីជាដៃគូជីវិត

មិត្តខ្ញុំម្នាក់បានមកលេងផ្ទះរបស់ខ្ញុំដើម្បីញ៉ាំកាហ្វេលេង។ យើងបានអង្គុយជជែកគ្នាលេងជាច្រើន ពិសេសគឺរឿងជីវិតរបស់យើង។ និយាយគ្នាលេងបានមួយសន្ទុះធំ ខ្ញុំក៏បានប្រាប់មិត្តខ្ញុំថា «ចាំបន្ដិចណា! ខ្ញុំទៅជួយលាងចានប្រពន្ធបន្ដិចសិន ខ្ញុំនឹងត្រឡប់មកវិញដើម្បីនិយាយរឿងយើងបន្ដទៀត»។ គាត់បានសំឡឹងមកខ្ញុំដោយការងឿងឆ្ងល់ ធ្វើដូចខ្ញុំប្រាប់គាត់ថាខ្ញុំទៅក្រៅប្រទេស។គាត់និយាយ «យើងរីករាយដែលឯងចេះជួយការងារប្រពន្ធ ប៉ុន្ដែសម្រាប់ខ្ញុំគឺអត់ជួយទេ។ អាទិត្យមុនខ្ញុំបានជួយជូតសំអាតនៅជាន់ក្រោមដែរ ប៉ុន្ដែនាងគ្មានសូម្បីតែពាក្យអរគុណមួយម៉ាត់»។ ខ្ញុំក៏ត្រឡប់មកអង្គុយវិញ ហើយនិយាយពន្យល់គាត់ពីអ្វីដែលខ្ញុំធ្វើ។ «សម្លាញ់! ការពិតទៅខ្ញុំមិនបានជួយប្រពន្ធខ្ញុំទេ។ ប្រពន្ធខ្ញុំមិនត្រូវការឲ្យខ្ញុំជួយនាងទេ អ្វីដែលនាងត្រូវការគឺដៃគូម្នាក់ប៉ុណ្ណោះ។ ខ្ញុំជាដៃគូរបស់គាត់ទាំងនៅផ្ទះ និងនៅក្នុងសង្គម ប៉ុន្ដែការងារផ្ទះវាមិនមែនជាការជួយទេ។»

D367fdd5cf4cd458d6e73f7a06c73719

ខ្ញុំមិនគិតថាខ្ញុំជួយប្រពន្ធខ្ញុំក្នុងការជូតសំអាតផ្ទះទេ ប៉ុន្ដែខ្ញុំជូតព្រោះខ្ញុំក៏រស់នៅក្នុងផ្ទះនេះដែរ ដូច្នេះខ្ញុំមានតួនាទីត្រូវតែសំអាត។

ខ្ញុំមិនបានជួយប្រពន្ធខ្ញុំដើម្បីចំអិនម្ហូបទេ ប៉ុន្ដែខ្ញុំចង់ញ៉ាំ ខ្ញុំឃ្លាន ដូច្នេះខ្ញុំត្រូវតែចំអិនម្ហូប។

ខ្ញុំមិនបានជួយនាងដើម្បីលាងចានទេ ប៉ុន្ដែខ្ញុំលាងពីព្រោះខ្ញុំក៏ប្រើចានទាំងនោះដើម្បីហូបដែរ។

ខ្ញុំមិនបានជួយនាងដើម្បីមើលថែកូនទេ ប៉ុន្ដែពួកគេជាកូនៗរបស់ខ្ញុំ ហើយខ្ញុំមានតួនាទីជាឪពុកម្នាក់ ដូច្នេះខ្ញុំត្រូវតែមើលថែគេឲ្យបានល្អ។

ខ្ញុំមិនបានជួយប្រពន្ធខ្ញុំដើម្បីបោកគក់ទេ ការពិតគឺវាជាសំលៀកបំពាក់របស់ខ្ញុំ និងកូនៗ ហើយនេះជាទំនួលខុសត្រូវរបស់ខ្ញុំ។


ខ្ញុំមិនបានជួយការងារអ្វីសោះនៅក្នុងផ្ទះ ប៉ុន្ដែខ្ញុំជាសមាជិកនៅក្នុងផ្ទះ ដូច្នេះវាជាកាតព្វកិច្ចរបស់ខ្ញុំដែលត្រូវតែធ្វើការងារទាំងឡាយនៅក្នុងផ្ទះ។

ចុះឯងវិញ? តើរាល់លើកដែលប្រពន្ធឯងធ្វើការងារទាំងនេះតែម្នាក់ឯង តើឯងមានដែលនិយាយអរគុណទៅនាងទេ?

«នៅខាងក្រៅផ្ទះ ខ្ញុំជាប្រធានក្រុមហ៊ុន ជាមនុស្សដែលអស្ចារ្យសម្រាប់អ្នកគ្រប់គ្នា ប៉ុន្ដែនៅក្នុងផ្ទះ តើខ្ញុំអាចធ្វើជាមនុស្សដែលមិនខ្វល់ពីគ្រួសារបានយ៉ាងម៉េចទៅ? គ្រាន់តែការងារជូតផ្ទះសោះ ឯងទាមទារចង់បានពាក្យអរគុណ ចង់បានការសរសើរ តើឯងមិនគិតថាខ្លួនឯងអាត្មានិយមខ្លាំងទេឬសម្លាញ់? ប្រហែលជាប្រពៃណីបានប្រាប់ឯងថា ការងារផ្ទះជាការងារមនុស្សស្រីតែម្នាក់ដែលត្រូវទទួលខុសត្រូវ។ សម័យពីមុនខុសពីឥឡូវ ពីមុនមនុស្សស្រីនៅផ្ទះមើលកូន ដាំបាយធ្វើម្ហូប ជូតផ្ទះ បោកគក់ មកពីកាលនោះនាងមិនបានធ្វើការងារក្រៅផ្ទះ។ ប៉ុន្ដែឥឡូវខុសគ្នា! មនុស្សស្រីមានការងារធ្វើ មានប្រាក់ខែ មានសកម្មភាពជាច្រើននៅក្នុងសង្គម មានន័យថានាងមានសិទ្ធស្មើយើងដែរ។ »

ធ្វើជាដៃគូជីវិតរបស់មនុស្សស្រីម្នាក់ គឺមិនមែនជាភ្ញៀវក្នុងជីវិតនាងទេ។ កុំធ្វើជាភ្ញៀវក្នុងជីវិតនាងដោយគ្រាន់តែញ៉ាំស្រាប់ គេងស្រាប់ មានខោអាវស្លៀកពាក់ស្រាប់ ព្រោះនាងជាដៃគូជីវិត មិនមែនជាអ្នកបម្រើដាច់ថ្លៃឯណា។ ទោះបីយើងមានសមត្ថភាពរកលុយទិញផ្ទះដ៏ធំ ទិញភូមិគ្រឹះដ៏ធំស្កឹមស្កៃក៏ដោយ ប្រសិនយើងមិនបង្កើតសុភមង្គលនៅក្នុងគ្រួសារទេ នោះផ្ទះសំបែងទាំងមូលវាគ្រាន់តែជាសំបកដែលគ្មានន័យអ្វីសោះ ហើយក៏មិនគួរឲ្យចង់រស់នៅដែរ។ ត្រូវតែចាប់ផ្ដើមពីយើង ព្រោះយើងជាគំរូរបស់កូនប្រុសស្រីរបស់យើង កុំឲ្យគេមើលឃើញថាកើតមកជាមនុស្សប្រុសគ្មានការងារនៅក្នុងផ្ទះឲ្យសោះ៕

(អានចប់សូមចែករំលែកម្នាក់១ផង ជាអត្ថបទដែលខ្ញុំស្រលាញ់ជាងគេ 😍)

រក្សាសិទ្ធិគ្រប់យ៉ាងនិងដកស្រង់ពី៖ សៀវភៅជីវិត