នៅក្រោយសង្រ្គាមលោកលើកទី១ ហ៊ីត្លែរ ជាអ្នកដែលមិនចូលសាលាទទួលបានការសិក្សាខ្ពង់ខ្ពស់ផងនោះ បានបន្តការងារក្នុងជួរកងទ័ពអាល្លឺម៉ង់តទៅទៀត ដោយធ្វើអ្នកតាមឃ្លាំមើលសកម្មភាពរបស់សមាជិកគណបក្សពលករអាល្លឺម៉ង់។ ក៏ប៉ុន្តែ នៅក្នុងពេលកំពុងឃ្លាំមើលសកម្មភាពរបស់គណបក្សមួយនេះ ហ៊ីត្លែរក៏ស្រាប់តែចាប់ផ្តើមជាប់ចិត្តនឹងគោលនយោបាយបែបជាតិនិយមរបស់ពួកគេ ហើយក៏បានចូលជាសមា ជិកគណបក្សពលករអាល្លឺម៉ង់ នៅចុងឆ្នាំ១៩១៩។ នៅខែកក្កដា ឆ្នាំ១៩២១ ក្នុងរយះពេលពីរឆ្នាំប៉ុណ្ណោះ ក្រោយពីបានចូលជាសមាជិកគណបក្សពលករអាល្លឹម៉ង់ ហ៊ីត្លែរក៏ស្រាប់តែត្រូវបានគេតែងតាំងជាប្រធានបក្ស ដែលហ៊ីត្លែរ ដោយបានប្តូរឈ្មោះទៅជា “គណបក្សសង្គមជាតិនិយម” ហើយដែលត្រូវបានគេស្គាល់ជាទូទៅថា “គណបក្សណាហ្ស៊ី” (Nazi Party) ។
នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩២៣ ហ៊ីត្លែរបានបះបោរ នៅក្នុងទីក្រុងមុយនិច ដើម្បីផ្តួលរំលំរដ្ឋាភិបាលអាល្លឺម៉ង់ ក៏ប៉ុន្តែ ចលនាបះបោរនេះត្រូវទទួលបរាជ័យ។ គណបក្សណាហ្ស៊ីត្រូវបានអាជ្ញាធរហាមឃាត់ខ្លួនទាំងអស់ចំណែក ហ៊ីត្លែរ (Hitler) វិញត្រូវបានអាជ្ញាធរចាប់ខ្លួន និងកាត់ទោសដាក់ពន្ធនាគារ ៥ឆ្នាំ ពីបទក្បត់ជាតិ ប៉ុន្តែ ហ៊ីត្លែរជាប់ក្នុងពន្ធនាគារតែជាង១ឆ្នាំប៉ុណ្ណោះ ក៏ត្រូវបានតុលាការកំពូលអាល្លឺម៉ង់សម្រេចលើកលែងទោសមកវិញ។ ក្រោយពីត្រូវបានដោះលែងចេញពីពន្ធនាគារមកវិញ នៅចុងឆ្នាំ១៩២៤ ហ៊ីត្លែរបានស្នើទៅអាជ្ញាធរអាល្លឺម៉ង់ ដើម្បីសុំបើកគណបក្សណាហ្ស៊ីឡើងវិញ ដោយចុះសន្យាថានឹងគោរពស្ថាប័នរដ្ឋ ហើយថា គណបក្សណាហ្ស៊ីនឹងធ្វើរាល់សកម្មភាពតស៊ូរបស់ខ្លួនដោយសន្តិវិធី នៅក្នុងលក្ខខណ្ឌនៃដំណើរការប្រជាធិបតេយ្យតែប៉ុណ្ណោះ។ រដ្ឋាភិបាលអាល្លឺម៉ង់បានយល់ព្រមឲ្យគណបក្សណាហ្ស៊ីបើកធ្វើសកម្មភាពនយោបាយឡើងវិញ តែបានដាក់បម្រាមយ៉ាងដាច់ខាតមិនឲ្យហ៊ីត្លែរចេញមុខធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយនោះទេ។
ក៏ប៉ុន្ត បើទោះបីជាត្រូវអាជ្ញាធរហាមឃាត់មិនឲ្យធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈក៏ដោយ ហ៊ីត្លែរនៅតែអាចធ្វើការផ្សព្វផ្សាយគំនិតនយោបាយរបស់ខ្លួនយ៉ាងទូលំទូលាយបានដែរ ជាពិសេស តាមរយៈការចេញផ្សាយសៀវភៅមួយ ដែលមានចំណងជើងជាភាសាអាល្លឺម៉ង់ថា “Mein Kampf” (ជាភាសាខ្មែរ “ការតស៊ូរបស់ខ្ញុំ”)។ សៀវភៅ ដែលហ៊ីត្លែរសរសេរ នៅក្នុងពេលកំពុងជាប់ក្នុងពន្ធនាគារ ហើយដែលត្រូវបានបោះពុម្ពផ្សាយរាប់លានក្បាល មុននឹងត្រូវក្លាយជាសៀវភៅគោលនៃនយោបាយរបស់របបណាហ្ស៊ីអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់ហ៊ីត្លែរ (ឆ្នាំ១៩៣៣-ឆ្នាំ១៩៤៥)។
នៅក្នុងសៀវភៅនេះ ហ៊ីត្លែរបានសរសេររៀបរាប់អំពីប្រវត្តិផ្ទាល់ខ្លួនផង និងពង្រាយអំពីមនោគមន៍វិជ្ជានយោបាយ ដើម្បីនាំមកនូវការផ្លាស់ប្តូរប្រជាជាតិអាល្លឺម៉ង់ទាំងមូលផង។ យោងតាមសៀវភៅ "Mein Kampf"របស់ហ៊ីត្លែរ ប្រជាជាតិអាល្លឺម៉ង់ត្រូវតែបង្កើតឡើងដោយឈរលើមូលដ្ឋានជាតិសាសន៍ជាធំ ទីណាដែលមានជាតិសាសន៍ អាល្លឺម៉ង់ ទីនោះ ត្រូវតែជាទឹកដីអាល្លឺម៉ង់ ។ ហើយសៀវភៅនេះដែរ ជាសៀវភៅដែលនាំមកនូវ ការសម្លាប់រង្គាលនៃ ជនជាតិ ជ្វីប (Jews) លើសពីនេះទៅទៀត បើសិនជាពេលនោះ ហុីត្លែរ ឈ្នះសង្គ្រាមទៀតនោះ មិនមែនត្រឹមតែ ជ្វីប មួយប៉ុណ្ណោះដែលត្រូវរំលាយជាតិសាសន៍នោះទេ ប្រហែលជាជាតិសាសន៍នៅ លើពិភពលោកនេះត្រូវរងនូវអំពើមួយដែលគេហៅថា "របបប្រល័យពូជសាសន៍" ។
ក្រោយពេលឡើងកាន់អំណាច ហុីត្លែ បានពង្រីកសក្តានុពលរបស់ខ្លួនជាជំហានៗ ដើម្បីស្ទង់មើលពីស្ថានការណ៍របស់គូសត្រូវ ហុីត្លែ ឈានមួយជំហាន គ្មានប្រតិកម្ម ហុីត្លែ ក៏បោះមួយជំហានទៀត រហូតដល់ពេលមួយ ដែលស្ថានការណ៍មិនអាចកែប្រែបាន ក្រៅពីធ្វើសង្គ្រាម ។
មុននឹងចាប់ផ្តើមអនុវត្តផែនការឈ្លានពាននេះ ហ៊ីត្លែរបានរៀបចំចរចាចុះសន្ធិសញ្ញាចងសម្ព័ន្ធមិត្តជាមួយនឹងអ៊ីតាលី ដែលនៅពេលនោះ ជាខ្នងបង្អែករបស់អូទ្រីស។ នៅខែវិច្ឆិកា ឆ្នាំ១៩៣៧ មូសូលីនី (Benito Mosolini) មេដឹកនាំផ្តាច់ការអ៊ីតាលីបានទទួលយកសំណើរបស់ ហ៊ីត្លែរ ហើយចូលរួមនៅក្នុងសន្ធិសញ្ញាសម្ព័ន្ធមិត្តត្រីភាគី អាល្លឺម៉ង់-អ៊ីតាលី-ជប៉ុន។ ក្នុងរយះពេល ៤ខែក្រោយមក ហ៊ីត្លែរ ក៏បានចាប់ផ្តើមអនុវត្តតាមផែនការក្នុងការលេបយកប្រទេសអូទ្រីស ដោយពីដំបូង ហ៊ីត្លែរ បានទាមទារឲ្យប្រមុខរដ្ឋាភិបាលអូទ្រីសតែងតាំងសមាជិកគណបក្សណាហ្ស៊ីអូទ្រីសឲ្យកាន់តំណែងសំខាន់ៗ នៅក្នុងរដ្ឋាភិបាល អធិកាបតីអូទ្រីសបដិសេធ ហ៊ីត្លែរក៏បានបញ្ជាឲ្យមេដឹកនាំណាហ្ស៊ីនៅអូទ្រីសធ្វើរដ្ឋប្រហារដោយប្រកាសបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ហើយបន្ទាប់មកស្នើសុំជំនួយពី អាល្លឺម៉ង់។ នៅថ្ងៃទី១២មីនា ទាហានអាល្លឺម៉ង់ក៏បានចូលឈ្លានពាន អូទ្រីស រួចហើយប្រកាសភ្ជាប់ប្រទេសអូទ្រីសទៅក្នុងទឹកដីអាល្លឺម៉ង់។
ដើម្បីឆ្លើយតបទៅហ្នឹងអំពើឈ្លានពានរបស់ហ៊ីត្លែរ ទៅលើអូទ្រីសនេះ បារាំង និងអង់គ្លេស មិនបានធ្វើសកម្មភាពអ្វី ក្រៅតែពីធ្វើការតវ៉ាតាមផ្លូវទូតនោះទេ។ បារាំង និងអង់គ្លេស ដែលទើបនឹងងើបចេញពីសង្រ្គាមលោកលើកទី១ ហើយកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរទៀតនោះ តែងតែនាំគ្នាខិតខំព្យាយាមគ្រប់មធ្យោបាយ ដើម្បីគេចវេសកុំឲ្យមានសង្រ្គាមផ្ទុះឡើងសាជាថ្មីទៀត។ អសកម្មភាពរបស់មហាអំណាចទាំងពីរ បារាំង និងអង់គ្លេស នេះធ្វើឲ្យហ៊ីត្លែររឹតតែបានចិត្ត ក៏ចាប់ផ្តើមអនុវត្តគំរោងការណ៍ទី២របស់ខ្លួន គឺចូលឈ្លានពានឆេកូស្លូវ៉ាគី ដោយប្រើវិធីតែមួយ ដែលហ៊ីត្លែរធ្លាប់ប្រើនៅអូទ្រីស។
នៅខែកញ្ញា ឆ្នាំ១៩៣៨ ដោយមានការជំរុញពីសំណាក់ ហ៊ីត្លែរ មេដឹកនាំគណបក្សស្និទ្ធនឹងណាស៊ី នៅក្នុងតំបន់ ស៊ូដែត បានកាត់យកតំបន់នេះ ចេញពីប្រទេស ឆេកូស្លូវ៉ាគី ដើម្បីភ្ជាប់ខ្លួនជាមួយនឹងអាល្លឺម៉ង់។ រដ្ឋាភិបាល ឆេកូស្លូវ៉ាគី បដិសេធ ហ៊ីត្លែរក៏បានគំរាមធ្វើសង្រ្គាម ក្នុងហេតុផលថា ដើម្បីចូលទៅការពារប្រជាជនអាល្លឺម៉ង់ ដែលរស់នៅក្នុងតំបន់នេះ ត្រង់ចំណុចនេះយើងអាចមើលឃើញក្នុងបច្ចុប្បន្ន កាលពីឆ្នាំ ២០១៤ ដែល រុស្សុី បានឈ្លានពានចូលតំបន់ អ៊ុយក្រែន ក្នុងហេតុផលដូចគ្នា គឺដើម្បីទៅការពារប្រជាជនដែលមានដើមកំណើត រុស្សុី ។
ដើម្បីបញ្ចៀសសង្គ្រាមជាមួយ ហ៊ីត្លែរ បារាំង និងអង់គ្លេស ដែលជាមហាអំណាចបានដាក់សម្ពាធលើ ឆេកូស្លូវ៉ាគី ឲ្យធ្វើតាមការស្នើរបស់ អាល្លឺម៉ង់ ពោលគឺ ត្រូវកាត់យកទឹកដីមួយផ្នែកនៃតំបន់ស៊ូដែត គឺកន្លែងណាដែលមានប្រជាជនដើមកំណើតអាល្លឺម៉ង់លើសពី ៥០% យកមកដាក់បញ្ចូលក្នុងទឹកដីអាល្លឺម៉ង់ ហើយ អង់គ្លេស និងបារាំង ធានាថានឹងការពារឯករាជ្យ និងបូរណភាពទឹកដីដែលនៅសេសសល់របស់ ឆេកូស្លូវ៉ាគី (Czechia) ។
ឆេកូស្លូវ៉ាគី (Czechia) ដែលមានកម្លាំងទ័ពចាញ់ប្រៀប ក៏បង្ខំចិត្តទទួលយកសំណើរបស់មហាអំណាចទាំងពីរ ហើយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៣៨ ក៏ប៉ុន្តែ ហ៊ីត្លែរស្រាប់តែបានធ្វើការទាមទារកាន់តែច្រើនជាងមុនទៅទៀត គឺទាមទារយកតំបន់ស៊ូដែតទាំងមូល មិនមែនត្រឹមតែតំបន់ ដែលមានប្រជាជនអាល្លឺម៉ង់លើសពី ៥០% នោះទេ ហើយម្យ៉ាងទៀត ហ៊ីត្លែរទាមទារថា ឆេកូស្លូវ៉ាគីត្រូវតែកាត់តំបន់ ស៊ូដែត ទាំងមូលមកឲ្យអាល្លឺម៉ង់ភ្លាមៗ ។
នៅឯឆេកូស្លូវ៉ាគី រដ្ឋាភិបាលបានសម្រេចកេណ្ឌកងទ័ព ដើម្បីត្រៀមការពារខ្លួនពីការឈ្លានពានរបស់កងទ័ពអាល្លឺម៉ង់។ សហភាពសូវៀត ដែលជាសម្ព័ន្ធមិត្តរបស់ឆេកូស្លូវ៉ាគី ក៏បានកេណ្ឌកងទ័ព ដើម្បីត្រៀមធ្វើសង្រ្គាមទល់នឹងហ៊ីត្លែរដែរ ក៏ប៉ុន្តែ អង់គ្លេស និងបារាំង នៅតែបន្តព្យាយាមរកវិធីចរចា ដើម្បីបញ្ចៀសសង្រ្គាមជាមួយហ៊ីត្លែរ។
រដ្ឋាភិបាលអង់គ្លេសនៅតែគិតថា សង្គ្រាមនឹងមិនផ្ទុះ ប្រសិនបើឆេកូស្លូវ៉ាគីសុខចិត្តកាត់តំបន់ស៊ូដែតឲ្យទៅអាល្លឺម៉ង់ តាមការទាមទាររបស់ហ៊ីត្លែរ អង់គ្លេសក៏ត្រឡប់មកចរចាជាមួយហ៊ីត្លែរវិញ ហើយនៅថ្ងៃទី៣០ ខែកញ្ញា អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និងបារាំង ក៏បានចុះកិច្ចព្រមព្រៀងមួយ នៅក្នុងទីក្រុង មុយនិក (Munich) ដោយគ្មានវត្តមានឆេកូស្លូវ៉ាគី ដោយព្រមព្រៀងឲ្ យអាល្លឺម៉ង់ ចូលកាន់កាប់តំបន់ស៊ូដែត ហើយ ហុីត្លែរ បានសន្យាថានឹងបញ្ឈប់ការទាមទារផ្តាច់ទឹកដីរបស់ខ្លួនតែត្រឹមតំបន់ស៊ូដែតនេះ។
បន្ទាប់មក បារាំង និងអង់គ្លេសបានប្រាប់ទៅឆេកូស្លូវ៉ាគី អំពីកិច្ចព្រមព្រៀងដែលគេបានចុះជាមួយហ៊ីត្លែរ នៅមុយនិក (Munich) ដោយព្រមានថា ប្រសិនបើឆេកូស្លូវ៉ា គីមិនព្រមប្រគល់តំបន់ស៊ូដែតទៅឲ្យ ហ៊ីត្លែរទេ ឆេកូស្លូវ៉ាគី នឹងត្រូវតទល់នឹងកងទ័ពអាល្លឺម៉ង់តែម្នាក់ឯង ដោយគ្មានជំនួយពីមហាអំណាចទាំងពីរនោះទេ។ ឆេកូស្លូវ៉ាគីដែលដឹងច្បាស់ថាខ្លួនមិនមានទ័ពអាចទប់ទល់នឹងហ៊ីត្លែរបាន ក៏សុខចិត្តធ្វើតាម ហើយកងទ័ពអាល្លឺម៉ង់ក៏បានចូលកាន់កាប់តំបន់ស៊ូដែត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៣៨។
នៅអង់គ្លេស លោក Neville Chamberlain នាយករដ្ឋមន្រ្តីអង់គ្លេស ត្រូវបានគេចាត់ទុកជាវីរបុរសដ៏ឆ្នើមមួយ ដែលបានដោះស្រាយបញ្ចប់វិបត្តិឆេកូស្លូវ៉ាគី ដោយសន្តិវិធី ហើយបញ្ចៀសបាននូវសង្រ្គាម។ ក៏ប៉ុន្តែ នៅអាល្លឺម៉ង់វិញ ហ៊ីត្លែរបានកំណត់ក្នុងចិត្តថា សម្បទានគ្រប់យ៉ាង ដែលអង់គ្លេស និងបារាំង បានធ្វើ នៅក្នុងវិបត្តិឆេកូស្លូវ៉ាគី គឺបញ្ជាក់យ៉ាងច្បាស់ថា អង់គ្លេស និងបារាំង កំពុងតែខ្លាចអាល្លឺម៉ង់។
ទាំងនេះជាដំណើរឈ្លានពានរបស់ ហុីត្លែ ដែលបានធ្វើជាជំហានៗដើម្បីស្ទង់មើលពីមហាអំណាច បារាំង និងអង់គ្លេស លើកទី៣ អាល្លឺម៉ង់ ឈ្លានពាន ប៉ូឡូញ គ្រានេះ មហាអំណាចទាំងពីរក៏បានដឹងច្បាស់ថា អ្វីដែល ហុីត្លែរ សន្យាថាខ្លួនទាមទារត្រឹមតំបន់ ស៊ូដែត នោះ គឺជាពាក្យកុហក ហើយអ្វីដែលអាចកែប្រែស្ថានការណ៍នេះបាន គឺមានតែការធ្វើសង្គ្រាម ៕