ជារឿងមួយដ៏ភ្ញាក់ផ្អើលមួយ ដោយ កំពូលអតីតកីឡាកាសជើងចាស់ Shad Gaspard របស់សហព័ន្ធ WWE និងជាតារាសម្តែងនៅក្នុងរឿង «Welcome to Willits» បានប្រកាសថាបានបាត់ខ្លួននៅលើឆ្នេរ Venice រដ្ឋ California ហើយកាលពីម្សិលមិញនេះដោយត្រូវរលកបោកបក់ទៅបាត់។
តាមប្រភពដំណឹងបានឱ្យដឹងថា កីឡាកាសជើងចាស់ Shad Gaspard អាយុ៣៩ឆ្នាំរូបនេះ បានទៅលេង Marina Del Rey Beach នៅឆ្នេរ Venice ជាមួយកូនប្រុសរបស់ខ្លួន។ ហើយក្រោយមកគេបានឃើញលោក Shad Gaspard រត់ចូលទៅក្នុងសមុទ្រ និងប្រឹងប្រែងហែលទៅជួយកូនប្រុស ដែលត្រូវបានរលកសមុទ្រដ៏ធំបោកពីលើ តែក្រោយមកលោកក៏បានបាត់ខ្លួនរហូត រកមិនឃើញទេ ។ តែជាសំណាងល្អកូនប្រុសលោកដែលមានវ័យ១០ឆ្នាំ ត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា។
ក្រោយការបាត់ខ្លួន ក្រុមសង្គោះបានដុតដៃដុតជើងស្វែងរក អតីតកីឡាកាសជើងចាស់រូបនេះយ៉ាងញាប់ដៃញាប់ជើង ទាំងអ្នកមុជទឹក និងលើអាកាស តែនៅតែមិនមានតម្រុយថាកីឡាកររូបនេះនៅទីណាឡើយ។ បន្ថែមពីនោះផងដែរប្រពន្ធរបស់ លោក Shad Gaspard គឺអ្នកស្រី Siliana Gaspard ក៏បានធ្វើការប្រកាសស្វែងរកស្វាមីរបស់ខ្លួនដែរថា ប្រសិនជាបានឃើញ សូមទូរស័ព្ទមកកាន់លេខ 911 ឬ Dm family ៕
ប្រភព៖ CNN