លោកឧកញ៉ា ស៊ី គង់ទ្រីវ គឺជាអ្នកជំនួញដ៏ល្បី និងជោគជ័យមួយរូប តែស្រាប់តែថ្មីៗនេះលោកឧកញ៉ា បែរជាបែកធ្លាយរឿងអាស្រូវ ដោយជំពាក់លុយរដ្ឋរាប់សិបឆ្នាំមិនទាន់ទូទាត់ទៅវិញ។
នេះបើយោងតាមលិខិតរបស់ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតអញ្ជើញ ឧកញ៉ា ស៊ី គង់ទ្រីវ ឱ្យចូលមកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ ដោយ ក្រុមហ៊ុនដែលមិនទាន់ទូទាត់ពន្ធរបស់ ឧកញ៉ា ស៊ី គង់ទ្រីវ មានដល់ទៅ២ក្រុមហ៊ុនឯណោះ។
តាមរយៈលិខិតបានរៀបរាប់ថា កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញឧកញ៉ានាយកក្រុមហ៊ុនមក ដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញ ជូនដល់អាសយដ្ឋានក្រុមហ៊ុនដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែឧកញ៉ានាយកមិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ ដោយលោកឧកញ៉ា ត្រូវមកទូទាត់បំណុល តាមកាលបរិច្ឆេទ មិនឲ្យលើសពី១៥ថ្ងៃ។
លិខិតក៏បានបញ្ជាក់បន្ថែមទៀតថា ក្នុងករណី លោកឧកញ៉ា មិនបានអញ្ជើញមកតាមកាលកំណត់នោះទេ ត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ១២៧ , ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ជាធរមាន ដោយរាល់ការចំណាយជាបន្ទុករបស់ឧកញ៉ាជាម្ចាស់ក្រុមហ៊ុន៕