មនុស្សម្នាក់ៗមានរូបរាងមិនដូចគ្នាទេ អ្នកខ្លះខំញ៉ាំច្រើនយ៉ាងណាក៏មិនធាត់ តែអ្នកខ្លះទោះខំតម ហើយហាត់ប្រាណទៀតក៏មិនស្គម។ តែពេលនេះអ្នកធាត់ៗប្រហែលមិនបាច់បារម្ភទៀតទេ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ CNN បានឱ្យដឹងថា តាមការស្រាវជ្រាវជំហានដំបូង អ្នកវិទ្យាសាស្ត្របានរកឃើញហ្សែន ដែលមាននៅក្នុងខ្លួនមនុស្សស្គមៗ ដែលពួកគេមានហ្សែនបែបនេះទោះញ៉ាំយ៉ាងណាក៏មិនធាត់ ថែមទាំងនៅតែអាចរក្សារាងរបស់ពួកគេដដែល ដែលនេះអាចជាផ្លូវនាំឱ្យមានវិធីព្យាបាលអ្នកធាត់ៗបាន។
ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានរកឃើញហ្សែន ដែលខុសប្លែកពីគេក្នុងខ្លួនមនុស្សដែលមានរូបរាងស្គម ដែលត្រូវបានគេស្គាល់ថា ជាហ្សែន ALK ដោយហ្សែន ALK បង្កើតប្រូតេអ៊ីនមួយប្រភេទហៅថា Anaplastic Lymphoma Kinase (ALK) ដែលពាក់ព័ន្ធនឹងការលូតលាស់កោសិកា។
បន្ថែមពីនោះ លោក Josef Penninger ដែលជាប្រធាន Life Sciences Institute នៃសាកលវិទ្យាល័យ University of British Columbia បានឲ្យដឹងថា៖ «យើងបានពិនិត្យទីតាំងហ្សែនរបស់មនុស្ស ដែលមានសន្ទស្សន៍ម៉ាស់រាងកាយទាបជាង១៨ ហើយប្រៀបធៀបពួកវាជាមួយមនុស្ស ដែលមានទម្ងន់ធម្មតា ហើយបានរកឃើញហ្សែនផ្សេងពីគេ ដែលទាក់ទងនឹងភាពស្គម។»។ ហើយ ក្រុមការងារបានពិនិត្យមើលថា តើហ្សែន ALK មានមុខងារអ្វីខ្លះ ដែលការសិក្សាស្រាវជ្រាវនេះអាចជាផ្លូវនាំឱ្យមានការព្យាបាលអ្នកដែលធាត់ៗបាន៕
ប្រភព៖ CNN