បើនិយាយពីផលិតកម្មខ្មែរមេគង្គ ប្រហែលជាមានប្រជាជនកម្ពុជាភាគច្រើនបានស្គាល់ហើយ ដោយសារតែផលិតកម្មនេះ បានផលិតភាពយន្តបែបអប់រំដាក់ទូរទស្សន៍ និងចាក់ផ្សាយនៅរោងកុនរាប់មិនអស់ ដែលចាត់ទុកថាជាភាពយន្តដែលមានគុណភាពខ្ពស់មួយ ដោយមានលោក Matthew Robinson មកពីចក្រភពអង់គ្លេសជាម្ចាស់ផលិតកម្ម និងជាផលិតករផ្ទាល់។
លោក Matthew Robinson ដំបូងឡើយបានស្គាល់ និងជាន់ទឹកដីខ្មែរដំបូងតាមរយៈការងារជាមួយ BCC ក្នុងការផលិតរឿងភាគអប់រំ រសជាតិជីវិត ហើយក៏នាំឱ្យលោកស្រលាញ់ទឹកដីខ្មែររហូតបានបង្កើតផលិតកម្ម ខ្មែរមេគង្គ នេះផ្ទាល់ខ្លួនទៀតផង។ លោកបានសាងស្នាដៃផលិតភាពយន្តជាច្រើន ដូចជា ភាពយន្តភាគ និងភាពយន្តឯកសារ និងភាពយន្តខ្នាតធំជាដើម ដូចជារឿងបាត់ខ្លួន ស្នេហ៍ក្លែងក្លាយ គ្រួសារខ្ញុំបេះដូងខ្ញុំ កម្មវិធីវៃឆ្លាតបរិស្ថានស្អាត សង្រ្គោះសិកា កម្មវិធីពិភពក្រឡាប់ចាក់ នៅកំឡោះដល់ណាខ្ញុំ តម្លៃស្នេហ៍ ។ល។
តាមរយៈស្នាដៃជាច្រើនក្នុងការចូលរួមលើកស្ទួយវិស័យភាពយន្តកម្ពុជាទាំងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ក្រសួងវប្បធម៌បានស្នើទៅរដ្ឋាភិបាលដើម្បីផ្តល់សញ្ជាតិខ្មែរជូនលោក Matthew Robinson បានសម្រេច ដោយកាតផ្តល់សញ្ជាតិជាផ្លូវការនៅថ្ងៃទី ២១ ខែឧសភានេះ ក្រោមការអបអរពីអ្នកគាំទ្រស្នាដៃរបស់លោក និងក្តីរំភើបរបស់លោកផ្ទាល់។
ក្រោយទទួលបានលិខិតសញ្ជាតិខ្មែរ ដែលប្រគល់ជូនលោកពីរដ្ឋាភិបាលកម្ពុជានោះ លោក Matthew Robinson ក៏បានបង្ហោះសារថ្លែងសារអរគុណ រាជរដ្ឋាភិបាល អរគុណក្រសួងវប្បធម៌ អរគុណនាយកដ្ឋានភាពយន្ត លោកឡូវ មីឡេន ដែលបានចូលរួមក្នុងកិច្ចការផ្តល់សញ្ជាតិខ្មែរជូនលោកទៀតផង៕